The Cambodia Daily Khmer

អ្នក​ភូមិ​នៅ​ជិត​ប្រាសាទ​ព្រះ​វិហារ​ធ្វើ​ត្រង់​សេ​ត្រៀម​ទុក ព្រោះ​​ខ្លាច​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​​

យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ថៃ​ អ្នក​ភូមិ​នៅ​ខាង​ព្រំ​ដែន​មាន​ជម្លោះ​ខាងភាគីថៃ​នៅ​ម្តុំ​ប្រាសាទ​ព្រះ​វិហារ​បាន​ចាប់​ផ្តើម​ធ្វើ​ត្រង់​សេ មុន​ពេល​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ចេញ​សេចក្តី​សម្រេច​​ថា តើ​ប្រទេស​ណា​ជា​​អ្នក​កាន់​កាប់​​​​ដី​នៅ​ជិត​​ប្រាសាទ​​​ព្រះ​វិហារ ​​នៅ​ថ្ងៃ​ច័ន្ទ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយ​ការ​ណ៍​កាល​ពី​ម្សិល​មិញ​ថា អ្នក​ភូមិ​នៅ​​តំបន់​​ភ្នំ​ដង​រែក ក្នុង​ខេត្ត​សុរិន្ទ​ បាន​និយាយ​ថា ពួក​គេ​ធ្វើ​ត្រង់​សេដើម្បី​ការ​ពារ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​អាច​កើត​មាន​ឡើង​រវាង​កង​កម្លាំង​ថៃ និង​កម្ពុជា នៅ​ពេល​ដែល​តុលាការ​នេះ​ចេញ​សាលក្រម​។ អត្ថ​បទ​​កាសែត​នោះ​មាន​ខ្លឹម​សារ​ថា “មាន​ប្រា​សាទ​សម័យ​អង្គរ​ជា​ច្រើន​ស្ថិត​នៅក្នុង​ខេត្ត​សុរិន្ទ​ និង​ខេត្ត​ស៊ីសាកេត ហើយ​នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំ​ដែន​ ប្រាសាទ​ និង​សហគមន៍​នៅ​ជិត​នោះ​តែង​តែ​រង​ការ​ប៉ះ​ពាល់​”។

កាសែត​នេះ​បាន​រាយការណ៍​ថា ប្រាសាទ​មួយ​នៅ​ជិត​​ផ្ទះ​អ្នក​ភូមិ​បាន​រង​ការ​ខូច​ខាត​ ហើយ​គ្រាប់​កាំភ្លើង​ផ្លោង​បាន​ធ្លាក់​ត្រូវ​ចំ​​សាលា​រៀន​មួយក្នុង​ស្រុក​នេះ ពេល​មាន​ការ​ប្រ​យុទ្ធ​គ្នា​កាល​ពី​ពីរ​ឆ្នាំ​មុន។

នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កាល​ពី​យប់​មិញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​​​ឲ្យ​យោ​ធា​ទាំង​ពីរ​ភាគី​នៅ​តាម​ព្រំ​ដែន​ រក្សា​ភាព​ស្ងៀម​​ស្ងាត់​ និង​រក្សា​ទំនាក់​ទំនង​ក្នុង​នាម​ជា​អ្នក​ជិត​ខាង​។ លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា “ទោះ​បី​ជា​សាល​ក្រម​របស់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ មាន​លទ្ធ​ផល​យ៉ាង​ណា​ក៏​ដោយ​ វា​មិន​មាន​បញ្ហា​អ្វី​ឡើយ។ ប្រទេស​ទាំង​ពីរ​ត្រូវ​គោរព​សេចក្តី​សម្រេច​នេះ និង​ត្រូវ​ប្រឹង​ប្រែង​រក្សា​សន្តិ​ភាព និង​ស្ថិរភាព​នៅ​តាម​​ព្រំ​ដែន”។

​វរសេនីយ៍ឯក មាស យឿន មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ប្រចាំ​ខេត្ត​ព្រះ​វិហារ​បាន​មាន​ប្រសាសន៍​ថា ទោះបី​ជា​ស្ថាន​ភាព​នៅ​តាម​ព្រំ​ដែន​ជិត ប្រាសាទ​ព្រះ​វិហារ​មាន​ភាព​ស្ងប់​ស្ងាត់​ក៏​ដោយ ក៏​ប្រជា​ពល​រដ្ឋ​មួយ​​ចំនួន​នៅ​ខាង​ទឹក​ដី​ខ្មែរ​បាន​ធ្វើ​ត្រង់​សេ​ដែរ។ លោក មាស យឿន បាន​មាន​ប្រសាសន៍​ថា “ ប្រជា​ជន​របស់​យើង​ដែល​រស់​នៅ​តាម​ព្រំ​ដែន​ក៏​បាន​ធ្វើ​ត្រង់​សេ​ដែរ ពី​ព្រោះ​យើង​មិន​​អាច​ដឹង​ថា មាន​អ្វី​កើត​ឡើង​ទេ​ បន្ទាប់​ពី​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ចេញ​សេចក្តី​សម្រេច​នៅ​សប្តាហ៍​ក្រោយ”។ លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​ការ​ចាប់​អារម្មណ៍​ពី​គ្រួសារ​ទាហាន​របស់​យើង​ចំពោះ​ស្ថាន​ភាព​នេះ ជា​ពិសេស​​ចំពោះ​​​កូនៗ​របស់​ពួក​គេ​”។

ទោះ​ជា​យ៉ាងណា លោក​បាន​បន្ថែម​ថា ដោយ​សារ​ខ្វះ​សម្ភារ​សាង​សង់​ គ្រួសារ​ទាហាន​មិន​អាច​ធ្វើ​ត្រង់​សេ​បាន​ល្អ​ដូច​ថៃ​ទេ​។ អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ម្នាក់​នៅ​ខេត្ត​ព្រះ​វិហារ​ ដែល​គ្រាន់​តែ​ប្រាប់​ថា ​ឈ្មោះ​ ឆាយ នោះ​បាន​និយាយ​ថា ប្រជា​ជន​នៅ​តំបន់​​នេះ​កំពុង​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ច័ន្ទ​ជិត​ចូល​មក​ដល់ ប៉ុន្តែ មិន​ព្រួយ​បារម្ភ​ខ្លាំង​ប៉ុន្មាន​ទេ​អំពី​ការ​គ្រោះ​ថ្នាក់​របស់​ជន​ស៊ីវិល​។

តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ច័ន្ទ ដើម្បី​បក​ស្រាយ​ថា តើ​សេចក្តី​សម្រេច​របស់​ខ្លួន​កាល​ពី​ឆ្នាំ​១៩៦២ ដើម្បី​ប្រគល់​ប្រាសាទ​ព្រះ​វិហារឲ្យ​កម្ពុជា​ ក៏​បាន​ប្រគល់​សិទ្ធិ​កាន់​កាប់​ដី​នៅ​ជិត​ប្រាសាទ​នេះ​ឲ្យ​កម្ពុជា​ដែរ​ ឬយ៉ាងណា៕ គឹមហឿន

Exit mobile version