មន្ត្រីនគរបាលបាននិយាយកាលពីម្សិលមិញថា បុរសបីនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ពីបទរំលោភបូកស្ត្រីអាយុ២២ ឆ្នាំម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំងបន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំនៅពេលយប់។
លោក ប៊ុន សឿន នាយប៉ុស្តិ៍ឃុំបានមានប្រសាសន៍ថា ស្ត្រីអាយុ២២ឆ្នាំរូបនេះមកពីឃុំក្រាំងស្គារ ស្រុកទឹកផុសបានផឹកស៊ីជាមួយបុរសមួយក្រុមនៅតាមចិញ្ចើមថ្នល់កាលពីយប់ថ្ងៃសុក្រ។
បន្ទាប់ពីស្ត្រីរូបនេះបានចេញពីកន្លែងផឹកស៊ី បុរសបីនាក់ គឺឈ្មោះ ឱម ឈិន អាយុ៣៣ ឆ្នាំ ឈ្មោះ វុន សុរា៉ អាយុ២២ឆ្នាំ និង ឈ្មោះ រ៉ា វិត អាយុ២២ឆ្នាំ បានដើរតាមនាង។
លោក ប៊ុន សឿន បានមានប្រសាសន៍ថា “ ពួកគេបានដេញតាមនាង ហើយបានចាប់រំលោភនាងនៅក្រោយគុម្ពោតព្រៃតូចៗចម្ងាយប្រហែល២០ម៉ែត្រពីកន្លែងដែលពួកគេផឹកស៊ីនោះ”។ លោកបន្ថែមថា “ ក្រុម គ្រួសាររបស់នាងបានឃើញពួកគេរំលោភស្ត្រីរូបនេះនៅពេលដែលពួកគាត់ឮសំឡេងនាងស្រែក ហើយពេលនោះជនរំលោភទាំងនោះបានរត់បាត់អស់”។
លោក ខឹម វិបុល អធិការនគរបាលស្រុកបានមានប្រសាសន៍ថា នគរបាលបានកោះហៅបុរសទាំងបីនាក់នេះមកសាកសួរនៅថ្ងៃបន្ទាប់ ក្រោយពីក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹង ហើយបានឈានដល់ការចាប់ខ្លួនបន្ទាប់ពីពួកគេបានសារភាពថា ពិតជាបានប្រព្រឹត្តអ៊ីចឹងមែន”។
លោក វិបុល បានមានប្រសាសន៍ថា “ ពួក គេបានសារភាពថា ពួកគេទាំងអស់គ្នាបានចាប់រំលោភនាងបួនដង។ ពួកគេត្រូវបានគេទាន់ដោយសារពួកគេមិនបានឈប់រំលោភនាងឡើយ ហើយត្រូវគេឃើញតែម្តង”។
លោក វិបុល បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះជនសង្ស័យទាំងបីនាក់នេះកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះដើម្បីធ្វើការចោទប្រកាន់។
យោងតាមអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា មានករណីរំលោភដែលគេបាន រាយការណ៍ចំនួន១៤០ករណីក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ។
របាយការណ៍របស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញាបានបង្ហាញថា បុរសម្នាក់ក្នុងចំណោមប្រាំនាក់ក្នុងប្រទេសកម្ពុជាអាយុ ចាប់ ពី១៨ឆ្នាំទៅ៤៩ឆ្នាំបានចាប់រំលោភស្ត្រី។
អ្នកស្រាវជ្រាវបានរកឃើញថា នៅក្នុងប្រទេសកម្ពុជា ការរំលោភបូកគឺកើតឡើងច្រើនបំផុតលើស្ត្រីមិនមែនជាដៃគូ ដោយមាន២៣ភាគរយ៕ សារុន