មន្ត្រីនគរបាលបានឲ្យដឹងថា ជនជាតិកូរ៉េខាងត្បូងចំនួនប្រាំបួននាក់ និងជនជាតិខ្មែរបួននាក់ ដែលគេចោទថាពាក់ព័ន្ធក្នុងការលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងក្រុងសៀមរាបនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីសាកសួរកាលពីម្សិលមិញ។
យោងតាមលោកវរសេនីយ៍ទោ ភឿងចិន្តារិទ្ធ នាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសៅរ៍រួមជាមួយស្ត្រីខ្មែរ២៦រូបផង នៅពេលនគរបាលឆ្មក់ចូលក្នុងកាស៊ីណូខុសច្បាប់មួយកន្លែងដែលបង្កើតឡើងនៅជាន់ទី៣នៃសណ្ឋាគារអង្គរវ៉ាឡី (Angkor Valley Hotel) នៅក្នុងសង្កាត់ស្វាយដង្គុំ។
លោកបានបន្ថែមថា ស្ត្រីទាំងនេះត្រូវបានដោះលែងវិញ បន្ទាប់ពីឃាត់ខ្លួនបានបន្តិច ពីព្រោះពួកគេគ្រាន់តែធ្វើការនៅឯកាស៊ីណូនេះមួយរយៈខ្លីប៉ុណ្ណោះ។ លោកវរសេនីយ៍ទោ ភឿងចិន្តារិទ្ធ បានមានប្រសាសន៍ថា “ស្ត្រីខ្មែរ២១រូបនេះធ្វើការជាអ្នកចែកបៀឲ្យកាស៊ីណូខុសច្បាប់នេះ ក្នុងសណ្ឋាគារ អង្គរ វ៉ាឡី” លោកបន្ថែមថា ជនជាតិខ្មែរបួនរូបធ្វើជាសន្តិសុខការពារកាស៊ីណូនេះ ចំណែកជនជាតិកូរ៉េខាងត្បូងប្រាំបួននាក់នេះសុទ្ធតែជាបុគ្គលិក។
លោក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា តុល្បែងពណ៌បៃតងចំនួន២១របស់កាស៊ីណូនេះត្រូវបានបង្កើតឡើងនៅជាន់ទី៣ ខណៈដែលស្ត្រីទាំងនេះចែកបៀអ្នកលេងល្បែងនៅក្រៅប្រទេសប្រើវីដេអូតាមរយៈប្រព័ន្ធអ៊ីនធើណិត អាចមើលឃើញបៀ និងភ្ជាប់ជាមួយអ្នកលេងល្បែងផ្សេងទៀតនៅក្នុងប្រទេសផ្សេងទៀត។
លោក ណារ៉ុង បានបន្តថា “ពួកគេនឹងលេងតាមរយៈប្រព័ន្ធអ៊ីនធើណិតទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី ហើយប្រសិនបើអ្នកលេងបើកគណនីមួយជាមួយម្ចាស់កាស៊ីណូនៅទីនេះ ពួកគេអាចលេងល្បែងនៅគ្រប់ទីកន្លែងទូទាំងពិភពលោក។ លោកវរសេនីយ៍ទោ ភឿងចិន្តារិទ្ធ បានមានប្រសាសន៍ថា ទោះជាយ៉ាងណា នគរបាលមិនអាចចូលដល់ការភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធើណិតបានទេ ព្រោះត្រូវការលេខកូដសម្ងាត់។ លោកបានថ្លែងបន្តថា “នគរបាលរបស់យើងមិនពូកែខាងផ្នែកព័ត៌មានវិទ្យា ហើយពួកគេមិនប្រាប់យើងអំពីលេខកូដសម្ងាត់របស់ពួកគេឡើយ ដូច្នេះនគរបាលមិនអាចស្វែងរកប្រភពកាស៊ីណូរបស់ក្រុមហ៊ុននេះបានឡើយ៕ប៊ុននី