ជម្លោះដីធ្លីរវាងក្រុមហ៊ុនអភិវឌ្ឍន៍មួយ ជាមួយនឹងប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រ ដោយអ្នកភូមិបានដុតអេស្កាវ៉ាទ័រមួយគ្រឿងដែលពួកគេនិយាយថា បុគ្គលិកក្រុមហ៊ុនបានប្រើប្រាស់ដើម្បីកម្ទេចឈាបនដ្ឋានមួយស្ថិតនៅលើដីមានជម្លោះនោះ។
អ្នកភូមិនិយាយថា ពួកគេបានទៅដល់កន្លែងនោះ ដែលស្ថិតនៅមុខវត្តខ្ទរក្នុងសង្កាត់ព្រែកលៀប នៅមុនពេលពាក់កណ្តាលយប់ដើម្បីស្វែងរកបុរសពីរនាក់ដែលជាអ្នកប្រើប្រាស់អេស្កាវ៉ាទ័រមួយគ្រឿងដើម្បីបំផ្លាញឈាបនដ្ឋាននៅលើដីដែលរដ្ឋាភិបាលបានផ្ទេរកាលពីឆ្នាំមុនពីវត្តនេះទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយ។
ក្រុមអ្នកភូមិមានកំហឹងមួយក្រុមដែលមានគ្នាប្រហែលរាប់រយនាក់ បានដេញបុរសទាំងពីរនាក់នោះចេញពីកន្លែងនោះ ហើយបានយកសាំងស្រោចលើអេស្កាវ៉ាទ័រនោះដុតជាមួយម៉ាស៊ីនបូមទឹក និងទុយោបូមទឹកពណ៌ខៀវពីរគំនរធំៗ។
អ្នកភូមិអាយុ២៨ឆ្នាំម្នាក់ឈ្មោះ លី និមល បាននិយាយថា “យើងបានឮថា ពួកគេចូលមកកម្ទេចឈាបនដ្ឋាននោះ ដូច្នេះ យើងប្រញាប់ប្រញាល់ទៅមើលក្រែងមានរឿងអីកើតឡើង។ យើងមានគ្នាប្រហែល១.០០០នាក់ស្រែកឲ្យបុរសទាំងពីរនោះ”។ គាត់បានបន្ថែមថា “ប្រសិនបើពួកគេមិនរត់ចេញទាន់ពេលទេ ប្រជាពលរដ្ឋប្រហែលជាសម្លាប់ពួកគេ។ មាននគរបាលប្រហែល៣០នាក់ដែលមិនហ៊ានប្រឈមមុខនឹងប្រជាជនទាំងនោះដែរ”។
លោក ឡុង បូតា សមាជិកសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលរស់នៅក្នុងសង្កាត់នេះបានមានប្រសាសន៍ថា លោកបានទៅដល់វត្តនោះនៅម៉ោងប្រហែល១១ និង៣០នាទីយប់ បន្ទាប់ពីបានឮពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន អេងកាំង អភិវឌ្ឍន៍ ទៅបំផ្លាញឈាបនដ្ឋាននេះនៅពេលយប់។ លោកមានប្រសាសន៍ថា បន្ទាប់ពីអ្នកភូមិបានបណ្តេញបុរសទាំងពីរនាក់នោះចេញនិងបានដុតអេស្កាវ៉ាទ័រនោះហើយ មនុស្សភាគច្រើនបាននៅឃ្លាំមើលពេញមួយយប់នៅតាមផ្លូវចន្លោះពីឈាបនដ្ឋាននេះ និងវត្តនោះ។
លោកបានមានប្រសាសន៍ថា “មនុស្សភាគច្រើនបានប្រមូលផ្តុំគ្នា និងមានគ្នាប្រហែល១.០០០នាក់ ហើយពួកគេបានសម្រេចបិទផ្លូវជាតិលេខ៦A ដើម្បីជាការតវ៉ា”។ អ្នកភូមិបានបើកផ្លូវជាតិនោះវិញនៅម៉ោង៨ព្រឹកថ្ងៃសៅរ៍ ប៉ុន្តែ អេស្កាវ៉ាទ័រ និងទុយោបានឆេះហុយផ្សែងខ្មៅឡើងលើរហូតដល់ម៉ោង២រសៀលម្សិលមិញ ទើបមានរថយន្តពន្លត់អគ្គិភ័យទៅដល់ទីនោះ ប៉ុន្តែយឺតពេលទៅហើយ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានទៅដល់កន្លែងនោះនៅម៉ោងប្រហែល១០ព្រឹកម្សិលមិញ និងបានទៅមើលកន្លែងដែលអេស្កាវ៉ាទ័រនោះកំពុងឆេះ ហើយបានប្រកាសពី ការគាំទ្ររបស់លោកចំពោះការតវ៉ានោះ និងមានការស្រែកអបអរសាទរខ្លាំងៗពីប្រជាពលរដ្ឋ។ លោក សម រង្ស៊ី បានស្រែកថា “ ខ្ញុំសូមប្រកាសថា គណបក្សសង្គ្រោះជាតិគាំទ្រការតវ៉ារបស់បងប្អូន ហើយយើងទាមទារឲ្យក្រុមហ៊ុននេះ និងអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការលួចដីរបស់វត្ត ហើយត្រូវប្រគល់ដីនោះទៅឲ្យព្រះសង្ឃ និងប្រជាជនវិញ”។
១០នាទី ក្រោយពីការចាកចេញរបស់ លោក សម រង្ស៊ី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ បានទៅដល់កន្លែងនោះ និងបានប្រកាសថា សេចក្តីសម្រេចកាលពីខែមេសា ឆ្នាំ២០១២ ដើម្បីប្រគល់ដីនោះទៅឲ្យក្រុមហ៊ុន អេងកាំង អភិវឌ្ឍន៍ ត្រូវបានកែប្រែតាមការណែនាំដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លិខិតមួយមកពីទីស្តីការគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយលោក ប្រាក់ សុខុន ដែលនៅពេលនោះជារដ្ឋលេខាធិការ និងបានបញ្ជូនទៅក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ បានប្រកាសពីការផ្ទេរដីនេះ។ អ្នកភូមិ និង ព្រះតេជគុណ ទិន សារុំ ព្រះចៅអធិការវត្តខ្ទរ បានបញ្ជាក់ថា សេចក្តីសម្រេចនេះគ្មានសុពលភាពទេ ព្រោះវាមិនមានការយល់ព្រមពីវត្តឡើយ។
លិខិតមួយចេញកាលពីម្សិលមិញ និងចុះហត្ថលេខាដោយ ឃឹម រស់ស៊ីដា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលអភិបាលទាំងពីរបានបញ្ជូនទៅឲ្យអ្នកភូមិ បន្ទាប់ពីពួកគាត់បានទៅដល់កន្លែងនោះ លើកឡើងថា សេចក្តីសម្រេចកាលពីមុនដើម្បីផ្ទេរកម្មសិទ្ធិដីនេះ ត្រូវបានទុកជាមោឃៈ។ លិខិតនោះលើកឡើងថា “រដ្ឋាភិបាលបានទុកជាមោឃៈនូវសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ៤៤៥ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរឈាបនដ្ឋាននេះទៅកាន់ទីតាំងថ្មី និងដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន អេងកាំងអភិវឌ្ឍន៍កាន់កាប់ទីតាំងនោះ”។
យោងតាមអ្នកភូមិឲ្យដឹងថា លោក ប៉ា សុជាតិវង្ស បានផ្តល់ជម្រើសឲ្យពួកគេថា តើត្រូវវាស់វែងដីនេះប្រគល់ទៅឲ្យវត្តវិញ ជាមួយនឹងប័ណ្ណកម្មសិទ្ធិ ឬត្រូវទុកដីនេះជាដីរដ្ឋសម្រាប់ការអភិវឌ្ឍនៅពេលអនាគត។
លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវបានទៅដល់វត្តនោះ មុនពេលម៉ោង៤ល្ងាចម្សិលមិញ ដើម្បីពិភាក្សាអំពីបញ្ហានេះជាមួយអ្នកភូមិ នៅទល់មុខអេស្កាវ៉ាទ័រដែលកំពុងឆេះនោះ។ មានការស្រែកអបអរសាទរពេលដែល លោក ចាន់ណា និយាយថា ប្រជាពលរដ្ឋភាគច្រើនចង់បានប័ណ្ណកម្មសិទ្ធិដីសម្រាប់វត្ត។
លោក ចាន់ណា បាននិយាយថា “ បន្ទាប់ពីវាស់វែងដីនេះរួច ដីនេះនឹងត្រូវប្រគល់ទៅឲ្យវត្ត។ ថ្ងៃនេះ ឬថ្ងៃស្អែក អាជ្ញាធរនឹងវាស់វែងដីនេះដើម្បីធ្វើប័ណ្ណកម្មសិទ្ធិ”។ លោកបានបន្ថែមថា ការទាមទារជាច្រើនទៀតរបស់អ្នកភូមិមួយចំនួននឹងត្រូវពិភាក្សានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក អង្គ លីអេង ប្រធានក្រុមហ៊ុន អេងកាំង អភិវឌ្ឍន៍ បាននិយាយថា លោកបដិសេធថា ដីនេះមិនមែនជាដីរបស់វត្តទេ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុនមិនជំទាស់នឹងសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីយកដីនេះវិញទេ។
លោក លីអេង បាននិយាយថា “ដីនោះ ធ្លាប់ជាដីរបស់ក្រសួងកសិកម្ម ហើយព្រះសង្ឃគ្រាន់តែខ្ចីដីនេះសម្រាប់សាងសង់ឈាបនដ្ឋានប៉ុណ្ណោះ”។ លោកបានបន្ថែមថា ទោះជាយ៉ាងណា ក្រុមហ៊ុនរបស់លោកបានព្រមព្រៀងសាងសង់ឈាបនដ្ឋានមួយទៀតនៅក្បែរនោះ នៅពេលដែលខ្លួនបានទទួលដីនេះ កាលពីឆ្នាំ២០១២។
លោកបាននិយាយថា “ពួកគេបានដុតអេស្កាវ៉ាទ័រ និងម៉ាស៊ីនបូមទឹករបស់យើង ដែលធ្វើឲ្យយើងខាតបង់អស់៨០.០០០ដុល្លារ។ យើងបានចំណាយយ៉ាងច្រើននៅក្នុងការសាងសង់ឈាបនដ្ឋានថ្មី ប៉ុន្តែនេះជាទម្លាប់របស់ពួកគេក្នុងការដុតទ្រព្យសម្បត្តិឯកជន ដោយគ្មានការពិគ្រោះជាមួយអាជ្ញាធរ ដើម្បីស្វែងរកដំណោះស្រាយ”។
អ្នកស្រី តេង ផល្លី អាយុ៥៩ឆ្នាំ ដែលមានតួនាទីជាអ្នកដឹកនាំអ្នកភូមិដែលមិនសូវចុះសម្រុងគ្នាទាំងនេះបាននិយាយថា ការអនុវត្តបែបយោធាកាលពីចុងសប្តាហ៍នេះ គឺជាជោគជ័យ។អ្នកស្រី ផល្លី បាននិយាយថា “ យើងបានដោះស្រាយតាមនីតិវិធីពីរឆ្នាំមកហើយ។ ប្រសិនបើយើងមិនធ្វើដូច្នេះទេ អាជ្ញាធរមិនរកដំណោះស្រាយឲ្យយើងទេ”៕ គឹមហឿន