The Cambodia Daily Khmer

បញ្ហា​ពស់ចឹក​មិនត្រូវ​បាន​គេ​រាយការ​ណ៍ទេ​ក្នុង​ប្រទេសកម្ពុជា​ តែ​វាជាបញ្ហា​​​​បណ្តាល​ឲ្យ​ស្លាប់

នៅ​តាម​ស្រះទឹក​ និង​វាល​ស្រែ​នៅ​តាម​តំបន់​ជន​បទ​ក្នុង​ប្រទេស​កម្ពុជា​ការ ​ព្យា​យាម​ចាប់​សត្វ​កង្កែប​ ក៏​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ផង​ដែរ។
​​​មាន​​​សត្វ​ពស់​មាន​ពិស​រាប់​លាន​ក្បាល​​​រស់​​​នៅ​​​នៅ​តាម​ទន្លេ តំបន់​លិច​ទឹក និង​តំបន់​ទំនាប​​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​​​​សត្វ​​ពស់​១០​ប្រភេទ​អាច​មាន​គ្រោះ​ថ្នាក់​ ប្រសិន​បើ​យើង​​​​​រំខាន​ការ​ដេក​របស់​វា។

នគរ​បាល​មូល​ដ្ឋាន​បាន​និយាយ​ថា កាល​ពីសប្តាហ៍​មុន ក្មេង​ជំទង់​អាយុ​១៣​ឆ្នាំ​ម្នាក់​ មក​ពី​ស្រុក​បរិបូរណ៍​ខេត្ត​កំពង់​ឆ្នាំង បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ទី​១៤ ដោយ​សារ​ពស់​ចឹក​នៅ​ឆ្នាំ​នេះ​ ប៉ុន្តែ តួលេខ​ពិត​នៅ​តែ​ពិបាក​ស្វែង​រក​ដដែល ពីព្រោះ​ជន​រង​គ្រោះ​ដោយ​សារ​ពស់​ចឹក​ភាគ​ច្រើន​មិន​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឡើយ។

លោក​ ជុំ វៃ នាយ​ប៉ុស្តិ៍ឃំុ​អាបជាង បាន​មាន​ប្រសាសន៍​ថា “ក្មេង​ប្រុស​រូប​នេះ​ និង​មិត្ត​ភក្តិ​របស់​វា​បាន​ដើរ​ចាប់​កង្កែប​នៅ​ពេល​យប់​។ វា​មិន​បាន​ប្រុង​ប្រយ័ត្ន​ និង​បាន​ដើរ​ជាន់​សត្វ​ពស់​ ហើយ​បាន​​ដួល” បន្ទាប់​ពី​សត្វ​ពស់​វែក​មួយ​ក្បាល​បាន​ចឹក​វា។ ក្មេង​ជំទង់​រូប​នេះ​ ត្រូវ​បាន​ព្យា​បាល​ដោយ​​ប្រើ​ថ្នាំ​បន្សាប​​​​ពិស​ ដែល​មន្ទីរ​ពេទ្យ​ខេត្ត​​បាន​ផ្តល់​ឲ្យមន្ទីរ​ពេទ្យ​ស្រុក​ ហើយ​ក៏​បាន​រួច​ផុត​ពី​ការ​ស្លាប់​ដោយ​ពស់​ចឹក​នេះ។

លោក ជុំ វៃ មាន​ប្រសាសន៍​ថា អ្នក​នេសាទ​ ​ជារឿយៗ​ត្រូវ​ពស់​ចឹក ព្រម​ទាំង​កសិករ​​ដែល​ខ្វះ​មធ្យោ​បាយ​ក្នុង​ការ​ទិញ​ស្បែក​ជើង​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​​​ដើម្បី​​​ការ​ពារ​កំុ​ឲ្យ​ពស់​ដែល​​មាន​ចង្កូម​តូចៗ​​​​ខាំ​​​​។ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​បាន​ព្យា​បាល​ប្រជា​ជន​ជាង​១០​នាក់​ ដោយ​សារ​ពស់​ចឹក​ ចាប់​ពី​ខែ​មិថុនា ដល់​ខែ​តុលា ឆ្នាំេនះ ចំណែក​ឯ​មន្ទីរ​​​​ពេទ្យ​​​បង្អែក​ខេត្ត​ពោធិ៍​សាត់​វិញ​បាន​លើក​ឡើង​ថា មនុស្ស​១២​នាក់​បាន​ស្វែង​រក​ការ​ព្យា​បាល ដោយប្រើ​​​​ថ្នាំ​បន្សាប​​​​ពិស​​ដើម្បី​សង្គ្រោះ​ជីវិត​​ នៅ​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ​។

នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ឯណោះ​វិញ លោកវេជ្ជ​បណ្ឌិត កែវ សុភ័ក្ត្រា ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត បាន​មាន​ប្រសា​សន៍​ថា ​ មាន​​ករណី​ពស់​ចឹក​ប្រហែល​៣០០​ករណី​ ត្រូវ​បាន​រាយ​ការណ៍​នៅ​ឆ្នាំ​នេះ​។ លោក សុភ័ក្ត្រា បាន​មាន​ប្រសាសន៍​ថា “តាម​​សេចក្តី​រាយការណ៍​ថា មាន​មនុស្ស​បួន​ទៅ​ប្រាំនាក់​បាន​ស្លាប់​ដោយ​សារ​ពស់​ចឹក​នៅ​ឆ្នាំ​នេះ ពីព្រោះពួក​គេ​បាន​ព្យាយាម​រក​គ្រូ​ឱសថ​​បុរាណ​ព្យា​បាល​មុន​ពេល​ពួកគេ​មក​មន្ទីរ​ពេទ្យ។

​ប៉ុន្តែ លោក​វេជ្ជ​បណ្ឌិត ឃួន អេងមុនី អនុ​ប្រធាន​នាយកដ្ឋានការ​ពារ​សុខ​ភាពនៅ​ក្រសួង​សុខាភិបាល​​​បាន​មាន​ប្រសា​សន៍​ថា ប្រហែល​​​ជា​​​មាន​មនុស្ស​ស្លាប់​ច្រើន​ដែល​គេ​មិន​បាន​រាយការណ៍។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​តាម​តំបន់​ជន​បទ​ដាច់​ស្រយាល ពួក​គេ​ទៅ​រក​គ្រូ​ឱសថ​បុរាណ​ ដូច្នេះ​ ប្រហែល​ជា​ពួក​គេ​មិន​ដែល​ទៅ​រក​ការ​ព្យា​បាល​ពិត​ប្រាកដ​ឡើយ”។

យោង​តាមអង្គការ​សុខ​ភាព​ពិភព​លោក​​បាន​​ឲ្យ​ដឹង​ថា ប្រជា​ពលរ​ដ្ឋ​ប្រហែល​១០០.០០០​​នាក់ នៅទូទាំង​ពិភព​លោក​ស្លាប់​ដោយសារ​ពស់​ចឹក​រៀង​រាល់​ឆ្នាំ ប៉ុន្តែ ករណី​ពស់​ចឹក​ភាគ​ច្រើន​​មិន​ត្រូវ​បាន​គេ​រាយការណ៍​ទេ ជា​ពិសេស​​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ អង្គការ​សុខ​ភាព​ពិភព​លោក​បាន​លើក​ឡើង​​នៅ​តាម​គេហទំព័រ​របស់​ខ្លួន​ថា “ការ​វាយ​​តម្លៃ​អំពី​ផល​ប៉ះ​ពាល់​ពិត​ប្រាកដ​ដោយ​សារ​ពស់​ចឹក​មាន​ភាព​ស្មុគ​ស្មាញ​ ដោយ​សារ​​​ ករណី​​ដែល​គេ​បាយ​រាយការណ៍​ទៅ​ក្រសួង​​សុខា​ភិបាល​ តាម​រយៈ​គ្លីនិក និង​មន្ទីរ​ពេទ្យ​នោះ ជា​រឿយៗ​មាន​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​​​​នៃ​​​​តួលេខពិត​​​ប្រាកដ​​​  ពី​ព្រោះជន​រង​គ្រោះ​ភាគ​ច្រើន​​មិន​បាន​ទៅ​​​ព្យាបាល​​​នៅ​​​​មន្ទីរពេទ្យ​​​​ទេ​​​ ហេតុ​ដូច្នោះ​​ហើយ​ទើប​ជំងឺ​ប្រភេទ​នេះ​មិន​ត្រូវ​បាន​គេ​រាយការណ៍។

លោក នាង ធី អ្នក​ឯក​ទេស​ផ្នែក​​​​សត្វ​​​ល្មូន​នៅ​ក្រសួង​បរិស្ថាន ដែល​បាន​ធ្វើ​ការ​ឲ្យ​អង្គការ​ Fauna and Flora International បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ពស់មាន​ពិស​ចឹក ដែល​​មាន​នៅ​ទូទាំង​ប្រទេស។ លោក នាង ធី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា មនុស្ស​ស្លាប់​ដោយ​សារ​ពស់​ចឹក​ ច្រើន​ជាង​ស្លាប់​ដោយ​សារ​មីន​ទៅ​ទៀត”។ លោក​បាន​បន្ថែម​ថា ជំនឿ​ដែល​​​ថា ការ​យក​​ស្នែង​សត្វមក​ដុសផឹក​អាច​ព្យា​បាល​ជំងឺ​ពស់​ចឹក​បាន​ ក៏​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​​នៅ​តាម​តំបន់​ជន​បទផង​ដែរ ។

នៅពេលពស់​មាន​ពិសចឹក​បណ្តាល​ឲ្យ​​​​ឈឺ​​​ចាប់​​​សាច់​ដុំ ព្រម​ទាំង​កម្រើក​ខ្លួន​លែង​រួច​ ពស់​វែក​បាន​ចាក់​បញ្ចូល​ពិស​របស់​វា​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​យ៉ាង​​ខ្លាំង និងហើម​ ហើយ​​​បណ្តាល​​​ឲ្យ​​​គាំង​​​បេះ​​​ដូង​​​ស្លាប់​​​តែ​​​ម្តង។ ការ​ចឹក​ដោយ​ស្តេច​ពស់​វែក​ដែល​មាន​ប្រវែង​៥​ម៉ែត្រ​ ជា​ពស់​មាន​ពិស​បំផុត​ក្នុង​ពិភព​លោក​ គឺ​កម្រ​ណាស់​ដោយ​សារ​ពស់​ប្រភេទ​នេះ​រស់​នៅ​ក្នុង​ព្រៃ​ក្រាស់ ហើយ​វា​តែង​​គេច​ខ្លួន​នៅ​ពេល​ដែល​វា​ដឹង​ថា មាន​គ្រោះ​​ថ្នាក់​។ លោក​បាន​បន្ថែម​ថា ពស់​វែក​ក្របីដែល​រស់​នៅ​ក្នុង​ទឹក និង​តំបន់​ទំនាប​ ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកបាន​ថ្លែង​ថា “ នៅពេល​​​ដែល​​​មាន​​​​កន្លែង​​​លិច​​​ទឹក​​​​ច្រើន​ សត្វ​ពស់​​បាន​លូន​មក​ក្បែរៗ​ផ្ទះ ហើយ​វា​តែង​តែ​ចឹក​មនុស្ស​។​ ប្រសិន​​បើ​យើង​គំរាម​កំហែង​វា វា​នឹង​តប​ត​វិញ​ដោយ​បើកវែក​​​” មុន​ពេល​វា​ចឹក​។ លោក​បាន​បន្ថែម​ថា ពស់​វែក​ដំបូក​ ក៏​ជា​ពស់​ពិស​ផង​ដែរ ដែល​វា​ផ្តោត​គោល​ដៅ​តែ​លើ​ភ្នែក​មនុស្ស ហើយ​វា​អាច​ព្រួស​ពិស​បណ្តាល​ឲ្យ​ខ្វាក់​ភ្នែក។

ពស់​ពព្លាក់​ស្ថិត​ក្នុង​ចំណោម​ប្រភេទ​ពស់​​ដែល​គេ​​ឃើញ​មាននៅ​ប្រទេស​កម្ពុជា​ ដែល​តាមធម្ម​តា​វាចឹក​អ្នក​ដើរ​រក​ត្រី​នៅ​ពេល​យប់ នៅពេល​​វាដើរ​រក​​ស៊ី​ត្រី​​​នៅ​ពេល​យប់​​ដែរ​។ មាន​​​ពស់​​​មួយ​​​​ប្រភេ​ទ​​​ទៀត​​​​ដែល​​​ទំនង​​​ជា​​​​ចឹក​ក្មេង​ជំទង់​នៅ​ខេត្ត​កំពង់​ឆ្នាំង និង​​​ច្រើន​​​តែ​​​​ឃើញនៅ​តាម​វាល​ស្រែ និង​នៅ​តាម​​ផ្លូវ​លំ ដែល​កសិករ​ពិបាក​មើល​ឃើញ​​​​នោះ ក៏​​​ចូល​​​ចិត្ត​​​ខាំ​​​មនុស្ស​​​ដែរ ប៉ុន្តែ​​​មិន​​​សូវ​​​ជា​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​ប៉ុន្មាន​​​ទេ​​​។

លោក នាង ធី បានថ្លែងថា “ កាលណា​​​ពស់​​ទាំង​នេះ​ចឹក វា​បណ្តាល​ឲ្យ​កោសិកា​រ​លួយ​នៅ​ជុំ​វិញ​ប្រអប់​ជើង​កន្លែង​ដែល​វា​ចឹកនោះ​ ប៉ុន្តែ ករណី​បែប​​​នេះ​គេ​កម្រ​រាយ​ការណ៍​ណាស់ ដោយ​សារ​វា​មិន​បណ្តាល​​​​ឲ្យ​ស្លាប់”។ តាម​ការ​សន្និដ្ឋាន​ បើ​ទោះ​ជា​មាន​តួលេខ​ស្លាប់​ខ្ពស់​ដោយ​សារ​ពស់​ចឹក​ក៏​ដោយ ក៏​លោក នាង ធី ​មាន​ប្រសា​សន៍​ថា សត្វ​ពស់​វា​ចឹក​នៅ​ពេល​ដែល​គេ​គំរាម​កំហែង​វា។ ឧទា​ហរណ៍​ ​ស្តេច​ពស់​វែក​ស្ថិត​ក្នុង​ចំណោម​ពស់ដែល​ឆ្លាត​បំផុត​ អាចដឹ​​ង​​​ពី​​​​​ភាព​ផ្សេង​គ្នា​រវាង​សត្រូវ​​ស្លូត​ និង​​​សត្រូវ​​​​គ្រោះ​ថ្នាក់ ហើយ​វា​តែង​តែ​លាក់​ក្បាល​ក្រោមក​ន្ទុយ ​ជាជាង​វា​ចឹក ដែល​មនុស្ស​​​​គិត​ថា វា​ជាសត្វ​ពស់​ស្លូត​។

លោកនាង ធី បាន​មាន​ប្រសាសន៍​ថា “មិន​មាន​នរណា​ម្នាក់​ចូល​ចិត្ត​សត្វ​ពស់​ទេ ពីព្រោះ​មនុស្ស​គិត​ថា វា​ជា​សត្វ​គ្រោះ​ថ្នាក់ ហើយ​មើលទៅមិនគួរ​ឲ្យ​ចូលចិត្ត។ ជួន​កាល​ មនុស្សសម្លាប់​វាដោយ​គ្មាន​មូល​េហតុ​ ហើយ​មនុស្ស​សម្លាប់ពស់​ច្រើន​ជាង​ពស់​ចឹក​​មនុស្ស​ស្លាប់​”៕ សារុន

(រាយការណ៍​បន្ថែម​ដោយ បែន សុខ​ហ៊ាន)​​

Exit mobile version