មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងកាលពីម្សិលមិញថា ប្រាក់ឈ្នួល៨០ដុល្លារក្នុងមួយខែ សម្រាប់កម្មករកម្មការិនីរោងចក្រកាត់ដេរ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន នឹងត្រូវបានដំឡើងនៅខែមករាឆ្នាំ២០១៤ ក៏ប៉ុន្តែ មិនទាន់មានការកំណត់ចំនួនទឹកប្រាក់ដែលនឹងត្រូវដំឡើងនៅឡើយទេ។
លោ ក ប្រាក់ ចាន់ធឿន ប្រធានគណៈកម្មាធិការដោះស្រាយវិវាទការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងកាលពីម្សិលមិញថា នឹងមានកិច្ចប្រជុំមួយនៅថ្ងៃស្អែក រវាងរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីពិភាក្សាគ្នា អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ។ លោកបានមានប្រសាសន៍ថា “ទោះបីជាយើងមិនអាចនិយាយថា តើប្រាក់ឈ្នួលនឹងត្រូវបានដំឡើងប៉ុន្មានក៏ដោយ គោលនយោបាយរដ្ឋាភិបាលគឺថា គេនឹងដំឡើងប្រាក់ឈ្នួលនេះក្នុងខែមករា ឆ្នាំ២០១៤។ យើងត្រូវការកិច្ចពិភាក្សាគ្នា ឲ្យបានស៊ីជម្រៅ ពីព្រោះយើងបារម្ភថា នៅពេលដែលយើងដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ ប្រាក់ឈ្នួលដែលត្រូវបានដំឡើងនោះនឹងប៉ះពាល់ដល់តម្លៃទីផ្សារ”។
តម្លៃសរុបនៃទំនិញកាត់ដេរនាំចេញ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៣ បានកើនឡើងដល់ជាង៤,៧ពាន់លានដុល្លារ ពោលគឺបានកើនឡើង២៣ភាគរយ បើធៀបនឹងឆ្នាំមុន។ ក៏ប៉ុន្តែ វិស័យនេះកំពុងជួបប្រទះកូដកម្មញឹកញាប់ជាងពេលកន្លងមក។ សមាគមរោងចក្រកាត់ដេរនៃកម្ពុជា(Garment Manufaturers’s Association in Cambodia) ហៅកាត់ថា GMACបានកត់ត្រាថា ក្នុងរយៈពេលប្រាំពីរខែ ដើមឆ្នាំនេះ មានកូដកម្មចំនួន៨៣លើក ហើយ ភាគច្រើនពាក់ព័ន្ធទៅនឹងការទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀត។
រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែដល់៨០ដុល្លារក្នុងមួយខែ កាលពីខែឧសភា ជាពេលដែលយុទ្ធនាការឃោសនាការបោះឆ្នោតកំពុងដំណើរការទៅយ៉ាងក្តៅគគុក ហើយនៅពេលនោះគណបក្សសង្គ្រោះជាតិបានសន្យាថា នឹងដំឡើងប្រាក់ឈ្នួលដល់១៥០ដុល្លារ ប្រសិនបើគណបក្សប្រឆាំងនេះទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា។ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានបាត់បង់សំឡេងគាំទ្រយ៉ាងច្រើនក្នុងការបោះឆ្នោតនេះ រដ្ឋាភិបាលបានសន្យាកាលពីខែកញ្ញាថា ខ្លួននឹងពិនិត្យឡើងវិញនូវបញ្ហាប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហ ជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា CCAWDU បានលើកឡើងថា សមាជិករបស់លោកកំពុងព្យាយាមចរចាឲ្យមានការដំឡើងប្រាក់ឈ្នួលដល់១៥៤ដុល្លារក្នុងមួយខែ ក៏ប៉ុន្តែលោកមានជំនឿថា ប្រាក់ឈ្នួលនេះអាចនឹងត្រូវបានដំឡើងដល់ជាង២០០ដុល្លារ។
លោក គង់ អាទិត្យ បានមានប្រសាសន៍ថា “ប្រសិនបើគេដំឡើងប្រាក់ឈ្នួលដល់៣២០ ដុល្លារក្នុងមួយខែ នោះកម្មករនឹងមានលទ្ធភាពសន្សំប្រាក់”។
លោក កេន លូ អគ្គលេខាធិការសមាគម GMAC បានឲ្យដឹងថា ទោះបីជាមានការដំឡើង ប្រាក់ឈ្នួលបន្តិចបន្តួចក៏ដោយ ក៏ម្ចាស់រោងចក្រនឹងមានប្រតិកម្មភា្លម។
លោកបានមានប្រសាសន៍ថា “អាចនិយាយ បានថា វាជារឿងលំបាកក្នុងការបង្កើនថ្លៃសម្រាប់អតិថិជនទូទៅ”។ លោកបានបន្ថែមថា រោងចក្រកាត់ដេរកំពុងស្ថិតក្នុងស្ថានភាពលំបាក ពីព្រោះរោងចក្រទាំងនោះបច្ចុប្បន្នកំពុងទទួលបានបញ្ជាទិញពីក្រុមហ៊ុននានាសម្រាប់នាទិឃរដូវ ក៏ប៉ុន្តែ មិនច្បាស់ថា គួរដាក់ តម្លៃប៉ុន្មានទេ ពីព្រោះពួកគេកំពុងរងសម្ពាធ នៃកំណើនប្រាក់ឈ្នួល។
លោក លូ មានប្រសាសន៍ថា “ប្រសិនបើពួកគេដាក់តម្លៃខ្ពស់ ពួកគេប្រហែលជាមិនអាចទទួលបានបញ្ជាទិញទេ។ប្រសិនបើពួកគេដាក់តម្លៃទាប ពួកគេអាចនឹងខាត ប្រសិនបើប្រាក់ឈ្នួលត្រូវបានកែសម្រួលឡើងវិញ”។ ក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិ ដែលយកចិត្តទុកដាក់ខ្លាំងទៅលើស្ថានភាពប្រែប្រួលក្នុងឧស្សាហកម្មនេះ នៅតែរក្សាទំនាក់ទំនងជាមួយកម្ពុជា ទោះបីជារោងចក្រនានាដំឡើងថ្លៃទំនិញក៏ដោយ នេះបើយោង តាមលោក ដេវ វែល (Dave Welsh) ប្រធានមជ្ឈមណ្ឌលសាមគ្គីភាពប្រចាំប្រទេសកម្ពុជា ដែលជាអង្គការសិទ្ធិការងារអន្តរជាតិមួយ។
លោក វែល មានប្រសាសន៍ថា “ពួកគេត្រូវផ្តល់ការធានាដល់រដ្ឋាភិបាលទាំងផ្នែកឯកជន និងសាធារណៈថា ពួកគេនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការធ្វើឲ្យវិស័យកាត់ដេរនៅកម្ពុជាក្លាយជាវិស័យគំរូមួយ ដែលមានប្រាក់ឈ្នួលអប្បបរមា ដែលជាប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ”៕ សុធា