មេដឹកនាំសហជីពមួយរូបបានឲ្យដឹងថា វិវាទមួយដែលស៊ីពេលអស់ជាច្រើនខែ រវាងកម្មករ និងអ្នកគ្រប់គ្រងនៅរោងចក្រកាត់ដេរ អេសអិល និងក្លាយជាអំពើហិង្សាកាលពីខែមុន ទំនងជាដល់ទីបញ្ចប់កាលពីម្សិលមិញ បន្ទាប់ពីរដ្ឋបាលរបស់រោងចក្រនេះបានព្រមព្រៀងទទួលយកការទាមទាររបស់កម្មករ។
សមាជិកប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ បានធ្វើការទាមទារមួយចំនួនដល់រោងចក្រនេះរាប់ទាំងការកោះហៅតំណាងសហជីព១៩រូប ដែលត្រូវបានបញ្ឈប់ពីការងារនាកន្លងមក និងការទាមទារឲ្យដកលោក មាស សុថា ម្ចាស់ភាគហ៊ុននៅក្នុងរោងចក្រនេះចេញផងដែរ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោង បានបញ្ចប់នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា “ នេះជាសេចក្តីសម្រេចដ៏ល្អមួយរបស់និយោជក…។ ខាងភាគីកម្មករវិញ យើងនឹងព្យាយាមពង្រឹងទំនាក់ទំនងល្អរបស់យើងជាមួយនិយោជក និងកម្មករផ្សេងទៀតនៅក្នុងរោងចក្រនេះ។
លោក អាត់ ធន់ បានមានប្រសាសន៍បន្ថែម ទៀតថា “ចាប់តាំងពីកម្មករបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីតវ៉ាស្វែងរកដំណោះស្រាយមួយ ដំណើរការងាររបស់ពួកគេ ក៏ទទួលរងនូវផលប៉ះពាល់ ហើយវិវាទនេះគឺជាបញ្ហាដ៏ធំមួយ។ ដូច្នេះវាធ្វើឲ្យរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយឲ្យពួកគេ និងមានអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាល និងអតិថិជនផ្សេងទៀត ជាហេតុជំរុញឲ្យរោងចក្រនេះស្វែងរកដំណោះស្រាយ និងឈានដល់កិច្ចព្រមព្រៀងមួយ”។
កាលពីខែមុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ថៅកែរោងចក្រកោះហៅកម្មករដែលត្រូវបានបញ្ឈប់ពីការងារ ដោយសារតែពួកគេមានការពាក់ព័ន្ធក្នុងកុបកម្មមួយ ដែលបណ្តាលឲ្យគ្រឿងម៉ាស៊ីនរងការបំផ្លាញ ឲ្យត្រឡប់ចូលធ្វើការវិញ បើពុំនោះទេ រោងចក្រនេះនឹងត្រូវប្រឈមនឹងវិធានការព្រមាន។
លោក អាត់ ធន់ បានឲ្យដឹងថា កម្មករទាំងអស់នឹងវិលត្រឡប់មករោងចក្រវិញ ដើម្បីធ្វើការតាមវេនធម្មតារបស់ខ្លួន ដោយចាប់ផ្តើមនៅថ្ងៃនេះ។ក្នុងចំណោម ចំណុចទាមទារដែលអ្នកគ្រប់គ្រងរោងចក្រ ព្រមទទួលយក គឺកិច្ចព្រមព្រៀងមួយដែលថា លោក មាស សុថា ដែលកម្មករបានអះអាងថា បាននាំកងរាជអាវុធហត្ថមកល្បាតរោងចក្រនេះ និងចាកចេញពីរដ្ឋបាលរោងចក្រ អេសអិល។
រោងចក្រនេះក៏បានយល់ព្រមផងដែរឲ្យកម្មករបន្តការងារបីវេន មិនមែនពីរវេនដែលត្រូវបានស្នើឡើងនោះឡើយ។ កម្មករក៏បាន និងកំពុងទាមទារផងដែរឲ្យរោងចក្របើកប្រាក់ខែពេញលេញ សម្រាប់ចំនួនថ្ងៃដែលពួកគេចូលរួមធ្វើបាតុកម្ម និងកុបកម្មរយៈពេលប៉ុន្មានខែកន្លងមកនេះ គួរបញ្ជាក់ថា ក្នុងពេលកន្លងមក រោងចក្រនេះបានបដិសេធមិនបើកប្រាក់នេះឲ្យកម្មករទេ។
លោក អាត់ ធន់ បានលើកឡើងថា កិច្ចព្រមព្រៀងមួយត្រូវបានសម្របសម្រួលកាលពីម្សិលមិញ ពោលគឺអតិថិជនទិញសម្លៀកបំពាក់នឹងត្រូវចំណោយប្រាក់ឲ្យកម្មករចំនួនពាក់កណ្តាលនៃប្រាក់ខែពួកគេសម្រាប់ថ្ងៃចូលរួមធ្វើកូដកម្ម ដែលមានចំនួនសរុបជាងមួយលានដុល្លារ។
លោក ចូសិប ធីលឿងលី (Joseph Kee Leung Lee) នាយករោងចក្រនេះបានលើកឡើងថា លោកពិតជាមានព័ត៌មានលម្អិត ទាក់ទងនឹងកិច្ចប្រជុំនេះ និងបានបង្វែសំណួរទៅម្ចាស់រោងចក្រ ឈ្មោះ វង់ ហ៊ូន មីង (Wong Hon Ming) ដែលមិនអាចទាក់ទងធ្វើសេចក្តីអត្ថាធិប្បាយបានទេ៕ ប៊ុននី