អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយថា ការធ្វើទុក្ខបុកម្នេញអ្នកជាប់ឃុំនៅតាមមណ្ឌលបន្សាបគ្រឿងនៅក្នុងប្រទេសកម្ពុជា នៅតែបន្តកើតមានពេញទំហឹង ហើយរដ្ឋាភិបាលគួរតែដោះលែងអ្នកជាប់ឃុំ និងបិទមណ្ឌលទាំងនោះចោល។
របាយការណ៍ដែលមានឈ្មោះថា “ពួកគេចាត់ទុកយើងដូចសត្វធាតុ” ដែលទទួលបានកាលពីថ្ងៃសុក្រ បានបង្ហាញថា រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាធ្ងន់ធ្ងរនៅតាមមណ្ឌលបន្សាបគ្រឿងញៀនដែលធ្លាប់បានលើកឡើងនៅក្នុងរបាយការណ៍មួយមុននេះកាលពីឆ្នាំ២០០៩ឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងនៅក្នុងរបាយការណ៍ដែលមិនទាន់បញ្ចេញជាផ្លូវការនេះថា “ រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការមិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់មនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាអ្នកបាត់បង់ឱកាស និងភាគច្រើនជាកុមារដែលខ្លួនបញ្ជូនទៅមណ្ឌលទាំងនោះ”។
របាយការណ៍នេះបន្តថា “មិនគួរជឿខុសថា មណ្ឌលទាំងនេះគ្មានបំណងជួយអ្នកញៀនថ្នាំនោះទេ។ ផ្ទុយទៅវិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរកឃើញថា មណ្ឌលទាំងនេះគឺជាមធ្យោបាយដើម្បីឃុំឃាំងអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកដែលជាប់សង្ស័យថា ប្រើគ្រឿងញៀន ដោយសារតែគេយល់ថា នឹងត្រូវការកិច្ចខំប្រឹងប្រែងខ្លាំង និងចំណាយអស់ច្រើនប្រសិនបើកាត់ទោសពួកគេនៅក្នុងប្រព័ន្ធតុលាការ និងឃុំឃាំងពួកគេក្នុងពន្ធនាគារ”។
មណ្ឌលបន្សាបគ្រឿងញៀនទាំងនោះដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ខេត្តព្រះសីហនុ និងកោះកុង មានសមត្ថភាពផ្ទុកមនុស្សបានចន្លោះពី៣០នាក់ទៅ៤០០នាក់ ជាញឹកញាប់ធ្វើសកម្មភាព “បោសសម្អាតតាមផ្លូវ” និងដោយគ្មានការស្រាវជ្រាវរកការពិតថា តើអ្នកទាំងនោះមានបញ្ហាថ្នាំញៀនប្រាកដមែនឬយ៉ាងណាឡើយ។
កាលពីឆ្នាំ២០១០មានមណ្ឌលបែបនេះចំនួន១១ធ្វើប្រតិបត្តិការនៅទូទាំងប្រទេស។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា ចំនួនមណ្ឌលទាំងនេះបានថយចុះមកនៅសល់ត្រឹមប្រាំបី ប៉ុន្តែអង្គការនេះបានគូសបញ្ជាក់ថា “ចំនួនសរុបនៃអ្នកជាប់ឃុំនៅក្នុងមណ្ឌលទាំងនោះគឺនៅដដែល”។ ក្រសួងសង្គមកិច្ច បើកដំណើរការមណ្ឌលបន្សាបគ្រឿងញៀនតែមួយប៉ុណ្ណោះ ហើយមណ្ឌលទាំងនោះគ្រប់គ្រងដោយនគរបាល កងរាជអាវុធហត្ថ ឬកងទ័ព។
នៅក្នុងមណ្ឌលទាំងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរកឃើញថា នៅក្នុងចំណោមអ្នកជាប់ឃុំ១០នាក់មានម្នាក់មានវ័យក្រោម១៨ឆ្នាំ។ អ្នកដែលត្រូវបានសមត្ថកិច្ចគៀងប្រមូលចាប់ខ្លួន មិនថាពួកគេជាកុមារ ជាស្ត្រីរកស៊ីផ្លូវភេទ ឬអ្នកប្រើប្រាស់គ្រឿងញៀននោះ ត្រូវបានបង្ខំឲ្យធ្វើការហ្វឹកហាត់ដូចយោធា។ ប្រសិនបើការហ្វឹកហាត់នោះធ្វើមិនបានល្អទេ អ្នកជាប់ឃុំអាចនឹងរង “ ការដាក់ទណ្ឌកម្មព្រៃផ្សៃ”។
លទ្ធផលរកឃើញនៃរបាយការណ៍នេះផ្អែកលើការសម្ភាសជាមួយមនុស្សចំនួន៣៣នាក់ដែលជាប់ឃុំនៅតាមមណ្ឌលទាំងនោះចន្លោះពីពាក់កណ្ដាលឆ្នាំ២០១១ដល់ពាក់កណ្ដាលឆ្នាំនេះ ហើយពួកគេទាំងនោះគ្មាននរណាម្នាក់ “មានមេធាវី ឬចៅក្រម ឬត្រូវបាននាំខ្លួនឡើងតុលាការនៅពេលណាមួយក្រោយពីការចាប់ខ្លួន ឬអំឡុងពេលឃុំឃាំងនៅក្នុងមណ្ឌលទាំងនោះឡើយ” ។
ការសិក្សានេះបានបង្ហាញទៀតថា “ការធ្វើទារុណកម្មនៅក្នុងមណ្ឌលទាំងនេះក៏ចេះតែបន្តកើតមានដែរ៖ ដោយអតីតអ្នកជាប់ឃុំបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា ពួកគេបានរងការវាយដំ វាយនឹងទុយោទឹកជ័រ ទទួលទណ្ឌកម្មឲ្យលូនលើកន្លែងមានថ្មមុតស្រួច ឬឈរក្នុងទឹកស្អុយ រងការរំលោភបំពានផ្លូវភេទ និងបង្ខំឲ្យធ្វើការ”។
កាលពីខែមុនរបាយការណ៍មួយចេញដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ បានលើកឡើងថា មានមណ្ឌលបន្សាបគ្រឿងញៀនចំនួន១៣នៅទូទាំងប្រទេស ក្នុងនោះប្រាំមួយគ្រប់គ្រងដោយរដ្ឋ ប៉ុន្តែបានសម្ដែងការព្រួយបារម្ភថា មណ្ឌលទាំងនោះ “គ្មានការយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់លើការបន្សាបគ្រឿងញៀន”។
តែទោះជាយ៉ាងណា កម្មវិធីបន្សាបគ្រឿងញៀនតាមសហគមន៍នៅក្នុងខេត្តបន្ទាយមានជ័យ ស្ទឹងត្រែង និងបាត់ដំបង បានបង្ហាញពីភាពជោគជ័យ ហើយពេលនេះកំពុងតែមានផែនការពង្រីកបន្ថែមទៀត។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា ក្រសួងសុខាភិបាល គួរតែពង្រីកកម្មវិធីបន្សាបគ្រឿងញៀនតាមសហគមន៍ និងធ្វើឲ្យប្រាកដថា ការបន្សាបបែបនេះត្រឹមត្រូវតាមលក្ខណៈវេជ្ជសាស្ត្រ និងស្របតាមបទដ្ឋានអន្តរជាតិ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបន្តថា “បង្ខំមនុស្សឲ្យ ‘បន្សាបគ្រឿងញៀន’ នៅតាមមណ្ឌលបន្សាបគ្រឿងញៀន បំពានលើសិទ្ធិមួយចំនួនធំក្នុងចំណោមសិទ្ធិមនុស្សរបស់ពួកគេ រួមទាំងការការពារពីការចាប់ខ្លួន និងការឃុំឃាំងតាមអំពើចិត្ត និងការបន្សាបប្រើវិធីសាហាវគ្មានមនុស្សធម៌”។ អង្គការនេះបានលើកឡើងទៀតថា “ ការល្មើសច្បាប់អន្តរជាតិដ៏សំខាន់ទាំងនេះមានន័យថា បុគ្គលគ្រប់រូបដែលបច្ចុប្បន្នកំពុងជាប់នៅក្នុងមណ្ឌលបន្សាបគ្រឿងញៀនក្នុងប្រទេសកម្ពុជាគួរតែទទួលបានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា លោកមិនបានឮពីរបាយកាណ៍ថ្មីនេះទេ ប៉ុន្តែថា កាលពីសប្ដាហ៍មុនក្រសួងមហាផ្ទៃបានចាប់ផ្ដើមវាយតម្លៃស្ថានភាពនៅតាមមណ្ឌលបន្សាបគ្រឿងញៀនទាំងអស់នៅទូទាំងប្រទេស៕ សុខុម