រយៈពេលប្រាំមួយសប្តាហ៍ បន្ទាប់ពីមានការណែនាំឲ្យមន្ត្រីគយនានាត្រួតពិនិត្យ និងប្រមូលពន្ធជាផ្លូវការលើទំនិញនាំចូលឲ្យបានត្រឹមត្រូវនោះ អាជីវករតាមផ្សារ និងអតិថិជនរបស់ខ្លួនបានលើកឡើងថា ពួកគាត់រកចំណូលបានតិចជាងមុន ដោយសារតែតម្លៃទំនិញនាំចូលមួយចំនួនបានកើនឡើងយ៉ាងតិច២០ភាគរយ។
មន្ត្រីនៅក្នុងវិស័យបដិសណ្ឋារកិច្ច បច្ចុប្បន្នការព្រមានថា ភោជនីយដ្ឋាននិងសណ្ឋាគារ ក៏អាចទទួលរងនូវផលប៉ះពាល់ដោយសារថ្លៃទំនិញកើនឡើងដែរ ទោះបីជាផលប៉ះពាល់ទាំងនោះមិនទាន់កើតមានទៅលើខ្លួនក៏ដោយ ពីព្រោះការចំណាយទៅលើពន្ធច្រើនជាងមុនបានដាក់បន្ទុកទៅលើអ្នកប្រើប្រាស់ទាំងឡាយ។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារ កម្ពុជា (Cambodia Hotel Association) បានលើកឡើងថា ថ្លៃទំនិញនាំចូលបានកើនឡើងពី១៥ភាគរយទៅ២០ភាគរយកាលពីខែមុន។ លោក លូ ម៉េង បានមានប្រសាសន៍ថា “ខ្ញុំជឿថា ទំនិញឡើងថ្លៃ ដោយសារតែរដ្ឋកំពុងអនុវត្តគោលការណ៍ប្រមូលពន្ធលើទំនិញនាំចូល។ថ្លៃទំនិញនាំចូលមួយចំនួនបានកើនឡើងប្រហែល១៥ភាគរយទៅ ២០ភាគរយ”។
លោក លូ ម៉េង បានបន្តទៀតថា “យើងជាប្រតិបត្តិករសណ្ឋាគារកំពុងទទួលរងនូវផលប៉ះពាល់ ហើយប្រាក់ចំណេញរបស់យើងកំពុងធ្លាក់ចុះ”។ លោកបានលើកឡើងបន្ថែម ទៀតថា ថ្លៃទំនិញលើទីផ្សារទំនងជាបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប្រាំមួយខែខាងមុខ។ នៅតាមផ្សារក្នុងរាជធានីភ្នំពេញ នៅក្នុងសប្តាហ៍នេះ អាជីវករបានឲ្យដឹងថា ពួកគាត់បានចំណាយច្រើនជាងមុន លើទំនិញនាំចូលកាលពីខែមុន ហើយពេលខ្លះពួកគាត់ត្រូវដំឡើងថ្លៃទំនិញ ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃចំណាយទាំងនេះ។
អ្នកស្រី ហ៊ាង ស្រីល័ក្ខ អាយុ៣០ឆ្នាំជាអាជីវករនៅផ្សារអូរប្ញស្សី បានឲ្យដឹងកាលពីម្សិលមិញថា ផលិតផលសាច់នាំចូលមួយចំនួន ដែលអ្នកស្រីទិញដុំសម្រាប់យកមកលក់បន្តបានឡើងថ្លៃក្នុងចន្លោះពី១.០០០រៀល ឬ (ប្រហែល០,២៥ដុល្លារអាមេរិក)ទៅមួយដុល្លារអាមេរិក។ អ្នកស្រីបាននិយាយថា “អតិថិជនរបស់ខ្ញុំត្អូញត្អែរយ៉ាងច្រើន។ [អាជីវករ] ដទៃទៀតបានប្រាប់ខ្ញុំថា ទំនិញឡើងថ្លៃដោយសារតែការអនុវត្តគោលការណ៍ប្រមូលពន្ធ”។
លោក ប៊ូ ប៊ុណ្ណារ៉ា ប្រធានផ្នែកទំនាក់ទំនង សាធារណៈនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា តាំងពីដើមខែវិច្ឆិកា មន្ត្រីគយត្រូវបានបញ្ជាឲ្យត្រួតពិនិត្យឲ្យបានត្រឹមត្រូវលើទំនិញនាំចូល និងប្រមូលពន្ធជូនរដ្ឋាភិបាល ក្នុងគោលបំណងបង្កើនចំណូលរដ្ឋ។ ម្ចាស់អាជីវកម្មបានលើកឡើងថា កាលពីមុន “ពន្ធ” នៅតាមតំបន់ព្រំដែននៃប្រទេសកម្ពុជា ភាគច្រើនត្រូវបានបង់ក្នុងរូបភាពសំណូក ឲ្យទៅមន្ត្រីគយ ដែលនេះជាសកម្មភាពមួយនៅតែបន្តកើតឡើង ទោះបីជាមានបទបញ្ជាចេញពីរដ្ឋាភិបាលក៏ដោយ។
កាលពីម្សិលមិញ លោក ប៊ុណ្ណារ៉ា បានបដិសេធថា មន្ត្រីគយមិននៅតែទទួលសំណូកពីអ្នកនាំចូលនានា ក្រៅពីពន្ធដែលកំពុងត្រូវបាន អនុវត្តទេ។ លោកក៏បានលើកឡើងផងដែរថា លោកមិនដឹងអំពីបញ្ហាទំនិញឡើងថ្លៃដោយ សារគោលការណ៍ថ្មីរបស់រដ្ឋាភិបាលទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងអំពីទីផ្សារ ហើយខ្ញុំក៏មិនដឹងថា ថ្លៃទំនិញកើនឡើង ឬក៏ធ្លាក់ចុះទេ។ ភារកិច្ចរបស់យើង គឺប្រមូលពន្ធអាករ១០០ភាគរយជូនរដ្ឋ”។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា មានពន្ធបីប្រភេទដែលអ្នកនាំចូលត្រូវបង់ រួមមាន ពន្ធអាករលើទំនិញនាំចូល ពន្ធអាករលើទំនិញជាក់លាក់ និងអាករលើតម្លៃទំនិញបន្ថែម។ សម្រាប់ផលិតផលសំខាន់ៗ និងវត្ថុធាតុដើម អ្នកនាំចូលត្រូវបង់ពន្ធ៧ភាគរយ សម្រាប់ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខាផ្សេងៗ អ្នកនាំចូលត្រូវបង់ពន្ធ១៥ភាគរយ សម្រាប់ផលិតផលសម្រេច និងទំនិញការពារដោយរដ្ឋាភិបាល អ្នកនាំចូលត្រូវបង់ពន្ធ៣៥ភាគរយ និងសម្រាប់ទំនិញប្រណីតៗ អ្នកនាំចូលត្រូវបង់ពន្ធ៥០ភាគរយ។
អាករលើតម្លៃបន្ថែមមាន១០ភាគរយថេរ ដែលត្រូវបានដាក់បន្ថែមលើពន្ធផ្សេងៗទៀត។ សេដ្ឋវិទូនានាបានលើកឡើងក្នុងសប្តាហ៍នេះថា មិនទាន់ដល់ពេលដែលគួរតែនិយាយថា តើការអនុវត្តគោលការណ៍ប្រមូលពន្ធ និងធ្វើឲ្យអត្រាអតិផរណាសរុបនៅ ក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជាកើនឡើងទេ។
លោក ភីធ័រ ព្រីមប៊ល (Peter Brimble) សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) បានមានប្រសាសន៍ថា “ត្រូវរង់ចាំមើលថា តើមានការប្រែប្រួលអ្វីបន្តទៀត ដើម្បីមើលឲ្យឃើញថា តើអតិ ផរណាកើនឡើង ឬយ៉ាងណា”។
លោក ស្រី ចាន់ធី ប្រធានបណ្តោះអាសន្ន សមាគមន៍សេដ្ឋកិច្ចកម្ពុជា (Cambodian Economic Association) បានលើកឡើងថា នៅពេលថ្លៃដើមទំនិញនាំចូលកើនឡើង សកម្មភាពទិញផលិតផលក្នុងស្រុកនឹងប្រែប្រួល។ លោកបានមានប្រសាសន៍ថា “ ប្រជាជននឹងផ្លាស់ប្តូរពីការទិញទំនិញនាំចូល ទៅទិញទំនិញក្នុងស្រុកវិញ។ ដូច្នេះ ក្រោយមកបរិមាណទំនិញក្នុងស្រុកអាចនឹងលែងសូវមាន ហើយមិនអាចឆ្លើយតបទៅនឹងបរិមាណតម្រូវការបានទេ…ហើយក្រោយមកទៀតថ្លៃទំនិញទាំងនោះនឹងកើនឡើង”។
លោក ហ្គ្រេក ហ៊ីល (Greg Hill) ម្ចាស់អាជីវកម្ម ឡូនស្តារ សាឡន និង ផ្ទះសំណាក់ (Lone Star Salon and Guesthouse) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៣ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលិករបស់លោកបានឃើញច្បាស់ថា ថ្លៃទំនិញលក់នៅតាមផ្សារក្នុងស្រុក និងផ្សារទំនើបកើនឡើងគួរឲ្យកត់សម្គាល់។
លោកបានមានប្រសាសន៍ថា “ បញ្ហានេះបានបង្កផលប៉ះពាល់ដល់បុគ្គលិករបស់ខ្ញុំក្នុងការដើរទិញអីវ៉ាន់រៀងរាល់ថ្ងៃ។ ពួកគេបានរាយការណ៍ថា ថ្លៃទំនិញកើនឡើងយ៉ាងខ្លាំង ពោលគឺប្រហែល២០ទៅ៣០ភាគរយជាពិសេស សាច់ជ្រូក សាច់គោ គ្រប់មុខ”។ លោក ហ៊ីល បានបន្តថា លោកមិនទាន់មានផែនការដំឡើងថ្លៃសេវាកម្មរបស់ខ្លួនទេ ក៏ប៉ុន្តែ លោកអាចនឹងផ្លាស់ប្តូរថ្លៃនាពេលអនាគត។ លោក ហីុល បានមានប្រសាសន៍ថា “ យើងនឹងស៊ូទ្រាំនឹងកំណើននៃការចំណាយ រយៈពេលពីរបីខែ ដើម្បីឲ្យដឹងថា តើមានរឿងអ្វីប្រែប្រួល។ ប្រសិនបើ មិនមានការប្រែប្រួលទេ ខ្ញុំត្រូវបង្ខំចិត្តដំឡើងថ្លៃសេវាកម្មនៅកន្លែងរបស់ខ្ញុំហើយ”៕សុធា