នគរបាលបាននិយាយកាលពីម្សិលមិញថាពួកគេបានស្គាល់អត្តសញ្ញាណសាកសពដែលគេបានប្រទះឃើញអណ្តែតទឹកក្នុងបឹងយក្ខឡោមក្នុងខេត្តរតនគិរីកាលពីថ្ងៃអាទិត្យហើយគឺជាជនជាតិកាណាដាឈ្មោះ ឡេវីស រ៉ូស អាយុ៦៣ឆ្នាំ ដែលបានស្នាក់នៅផ្ទះសំណាក់មួយក្នុងក្រុងបានលុង។
លោក ពុធ សាវី អធិការរងនគរបាលក្រុងបានលុងមានប្រសាសន៍ថា “ ជនរងគ្រោះគឺជាភ្ញៀវទេសចរជនជាតិកាណាដា ដែលបានធ្វើដំណើរមកលេងខេត្តរតនគិរីនេះ ហើយបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយធ្វើឲ្យនគរបាលរបស់យើងពិបាកកំណត់អត្តសញ្ញាណគាត់ណាស់”។
លោក សាវី បន្ថែមថា នគរបាលកំណត់យ៉ាងច្បាស់ថា លោក ឡេវីស រ៉ូស ត្រូវបានជនមិនស្គាល់មុខសម្លាប់ រួចយកទៅបោះចូលក្នុងបឹងយក្ខឡោម។
ពេលរកឃើញសាកសព លោក ឡេវីស រ៉ូស បានបាក់ក និងមានស្នាមរយះត្រង់ផ្ទៃមុខ ហើយមានដុំថ្មមួយថង់ចងជាប់ចង្កេះទៀតផង។
លោក ទិន លួង នាយប៉ុស្តិ៍ឃុំយក្ខឡោមបានមានប្រសាសន៍ថា លោក ឡេវីស រ៉ូសបានបាត់ខ្លួនពីផ្ទះសំណាក់កាលពីថ្ងៃទី២៥ ខែធ្នូ ហើយត្រូវអ្នកស្រុកដែលទៅលេងនៅបឹងនោះបានឃើញគាត់រយៈពេលប៉ុន្មានថ្ងៃមុនពេលគាត់បាត់ខ្លួន។
លោក និល អាំរ័ត្ន ម្ចាស់ផ្ទះសំណាក់ Norden Guesthouse បានមានប្រសាសន៍ថា លោក ឡេវីស រ៉ូស មានលិខិតឆ្លងដែននៅពេលគាត់ស្លាប់។
លោក និល អាំរ័ត្ន បានបន្ថែមថា “ គាត់ជាមនុស្សចូលចិត្តនៅស្ងាត់ស្ងៀមតែឯង។ គាត់មកខេត្តមណ្ឌលគិរីពីរខែមកហើយ ហើយមិនដឹងមកធ្វើអ្វីទេ។ គាត់ជាមនុស្សចម្លែកណាស់ ប៉ុន្តែគាត់មើលទៅមិនដូចជាមនុស្សមានបញ្ហាឡើយ”៕សារុន