កាលពីម្សិលមិញ អ្នករត់ម៉ូតូឌុបនិងរ៉ឹម៉កម៉ូតូកង់បីប្រហែល១.០០០នាក់ បាននាំគ្នាតវ៉ាតាមផ្លូវក្នុងក្រុងសៀមរាបដើម្បីអំពាវនាវឲ្យមានការបញ្ចុះតម្លៃប្រេង និងការចេញបម្រាមមិនឲ្យប្រើរថយន្តអគ្គិសនីនៅឧទ្យានបុរាណអង្គរ។
ការតវ៉ា ដែលរៀបចំដោយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមនៅម៉ោង៨ព្រឹកក្នុងសង្កាត់គោកចក ភាគខាងត្បូងនៃបរិវេណប្រាសាទអង្គរវត្តហើយបានបន្តដំណើរទៅកាន់ផ្សារផ្សេងៗទៀតនៅក្នុងក្រុងសៀមរាប មុនពេលដាក់ញត្តិជូនសាលាខេត្ត។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់ទៅកាន់អ្នកតវ៉ានេះថា “ប្រាក់ចំណូលដែលបានមកពីប្រាសាទអង្គរវត្តមិនមែនធ្លាក់ចូលទៅក្នុងដៃរបស់អ្នករត់ម៉ូតូឌុបនិងអ្នករត់រ៉ឹម៉កម៉ូតូកង់បី ឬក៏អ្នករកស៊ីតូចតាចផ្សេងៗទៀតឡើយ។ប្រាក់ភាគច្រើន គឺធ្លាក់ចូលក្នុងដៃអ្នករកស៊ីធំៗ”។ លោកបន្តថា “ ហេតុដូច្នេះហើយ ថ្ងៃនេះយើងទាមទារឲ្យអាជ្ញាធរអប្សរាលុបបំបាត់រថយន្តអគ្គិសនី ព្រោះធ្វើដូច្នេះ[អ្នករត់ម៉ូតូឌុបនិងរ៉ឹម៉កម៉ូតូកង់បី] អាចរកបានប្រាក់ខ្លះដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្លួន”។
លោក វ៉ន ពៅ បាននិយាយតាមទូរស័ព្ទបន្ទាប់ពីព្រឹត្តិការណ៍នេះថា អ្នកតវ៉ាទាំងនេះត្រូវបានគាំទ្រដោយព្រះសង្ឃជាច្រើនអង្គមកពីបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក៏ដូចជាសមាជិកនៃសហជីពនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ដូចជាអង្គការសិទ្ធិស្ត្រីឈ្មោះបន្ទាយស្រីជាដើម។
លោក ភាង សាម៉េត ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តសៀមរាបបានឲ្យដឹងថា ញត្តិស្នើសុំឲ្យហាមឃាត់ការប្រើប្រាស់រថយន្តអគ្គិសនីដើម្បីដឹកភ្ញៀវទេសចរពីសណ្ឋាគារនីមួយៗនៅក្នុងក្រុងសៀមរាបទៅកាន់ប្រាសាទអង្គរវត្តគឺដើម្បីប្រឆាំងទៅនឹងការផ្តល់សិទ្ធិជាពិសេសទៅឲ្យក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំដែលមានឈ្មោះថា ក្រុមហ៊ុន ៧មករា នៅក្នុងក្រុងសៀមរាប។ លោក សាម៉េត បានមានប្រសាសន៍ថា “ រថយន្តអគ្គិសនី គឺផ្តល់ផលប៉ះពាល់ដល់ការរកស៊ីរបស់យើង”។
លោកបានពន្យល់ថា “រថយន្តអគ្គិសនី ត្រូវបានអនុញ្ញាតឲ្យចតនិងដឹកភ្ញៀវទេសចរនៅកន្លែងណាក៏បានដែរ តាមតែចិត្ត រីឯពួកយើងវិញ គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើដូច្នោះទេ”។ លោកបានបន្ថែមថា អ្នករត់ម៉ូតូឌុបនិងរ៉ឹម៉កម៉ូតូកង់បី នៅក្នុងក្រុងទេសចរណ៍នេះនឹងបិទផ្លូវ ប្រសិនបើគ្មានដំណោះស្រាយនៅ៦ថ្ងៃក្រោយនោះទេ។
លោក ប៊ុនណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាបានលើកឡើងថា លោកនឹងមិនពិចារណាអំពីញត្តិរបស់អ្នករត់ម៉ូតូឌុបនិងរ៉ឹម៉កម៉ូតូកង់បីឡើយ ហើយលោកបានច្រានចោលការទាមទាររបស់ពួកគេ ដោយចោទប្រកាន់ពួកគេកំពុងតែដើរនយោបាយ។ លោកបានមានប្រសាសន៍ថា “បញ្ហានេះវាជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះការធ្វើបាតុកម្មកំពុងកើតឡើងនៅក្នុងរាជធានីភ្នំពេញ ហេតុដូច្នេះពួកគេចង់បង្កឲ្យមានបាតុកម្មនៅទីនេះទៀត”។ លោកបានបន្ថែមថា ក្រុមហ៊ុនរថយន្តអគ្គិសនី ៧មករា គឺជាកម្មសិទិ្ធរបស់រដ្ឋ៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ ផាន់ អាណា)