ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បុរសជនជាតិឡាវអាយុ៥៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន និងធ្វើការចោទប្រកាន់កាលពីថ្ងៃសុក្រ ពីបទជួញដូរថ្នាំញៀន បន្ទាប់ពីជននេះបានឆ្លងដែនចូលក្នុងប្រទេសកម្ពុជាជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីនទម្ងន់១គីឡូក្រាម។
លោក នូ ហោ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តមានប្រសាសន៍ថា បុរសឈ្មោះ គីស កែវដួង ចម្ប៉ា ត្រូវបានចាប់ខ្លួនខណៈដែលបុរសរូបនេះព្យាយាមលក់ម្សៅមេតំហ្វេតាមីន នៅក្នុងស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនកម្ពុជា-ឡាវ។
លោកមានប្រសាសន៍ថា នគរបាលគិតថា ជនសង្ស័យរូបនេះមានទំនាក់ទំនងជាមួយអ្នកចែកចាយថ្នាំញៀនជនជាតិខ្មែរ។ នៅថ្ងៃដដែលនោះ កែវដួង ចម្ប៉ា ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់នៅសាលាដំបូងខេត្ត។
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានមានប្រសាសន៍ថា “តុលាការបានចោទប្រកាន់ កែវដួង ចម្ប៉ា ពីបទជួញដូរថ្នាំញៀនខុសច្បាប់ ហើយកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្ន”។ ក្រុមមន្ត្រីបាននិយាយថា ពួកគេកំពុងស្វែងរកចាប់ខ្លួនជនជាតិខ្មែរដែលពួកគេគិតថា ជាមនុស្សសម្រាប់ទំនាក់ទំនងនៅទីនេះរបស់សង្ស័យរូបនេះ ហើយបានសន្យាទិញថ្នាំញៀនមេតំហ្វេតាមីនជាច្រើន៕ សារុន