The Cambodia Daily Khmer

បុរសប្រាំនាក់​ដែលកងរាជ​អាវុធ​ហត្ថ​បាញ់​ស្លាប់​អំឡុងការ​តវ៉ា សុទ្ធតែ​ជា​កម្មករ​

មន្ត្រី​សហជីពម្នាក់​បាន​អះ​អាង​កាល​ពី​ម្សិល​​មិញ​ថា បុរស​ប្រាំ​នាក់​​​ដែល​​​​ត្រូវ​កង​រាជអាវុធ​ហត្ថ​បាញ់​ស្លាប់​ដោយ​ប្រើ​កាំភ្លើង​អាកា​-៤៧អំឡុង​ការ​តវ៉ាតាម​បណ្តោយ​ផ្លូវ​វេងស្រេង​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​ពីថ្ងៃសុក្រគឺ​ជា​កម្មករ​រោង​​ចក្រ​កាត់​ដេរ​ដែល​បាន​ធ្វើ​កូដកម្មទាំង​អស់។

មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​បាន​បើក​ការ​បាញ់​ប្រហារ​​​នៅ​​​តាម​​​ផ្លូវ​ដែលមាន​រោង​ចក្រ​ជា​ច្រើន​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​អំឡុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្ម​ករ-កម្មការ​ិនី​​ដែល​ធ្វើ​កូដ​កម្ម​ប្រដាប់ដោយ​ដំបង ដុំថ្ម និង​ដប​សាំង​​ ដោយ​បណ្តាលឲ្យ​​បុរស​ប្រាំ​នាក់​ស្លាប់ និង​យ៉ាង​ហោច​ណាស់​​៣០នាក់​ទៀត​​របួស​។

លោក អ៊ុំ វិសាល មន្ត្រី​ផ្នែក​ច្បាប់​នៅ​សម្ព័ន្ធ​សហជីពប្រជា​ធិបតេយ្យ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ (ស៊ីខៅឌូ) បាន​មាន​ប្រសា​​សន៍ថា ក្រុម​ស៊ើប​អង្កេតមក​ពី​​​​សហ​​​ជីព​​​ស៊ី​ខៅ​​ឌូ​​​បាន​​​​ស្គាល់​​​អត្ត​សញ្ញាណ​បុរ​ស​ទាំង​ប្រាំ​នាក់​ដែលគេ​​​បញ្ជាក់ថា ត្រូវ​​​បាន​​​​​កង​រាជ​អាវុធ​​ហត្ថបាញ​ស្លាប់​នោះ​គឺ​សុទ្ធតែ​ជា​កម្ម​ករ​រោង​ចក្រ​កាត់ដេរ​ទាំង​អស់។

លោក វិសាល បាន​បន្ថែម​ថា កម្មករ-កម្មការិនី​រោង​ចក្រ​កាត់​ដេរ​៣៥នាក់​ទៀត​ព្រម​ទាំង​និស្សិត​ពីរនាក់​​ផង​ក៏ត្រូវបាន​​​​សហជីព​​​ស៊ីខៅឌូ បញ្ជាក់​​​​អំឡុង​​​ការ​ចុះពិនិត្យ​មើល​តាម​មន្ទីរ​ពេទ្យ​ចំនួន​បីក្នុង​រាជ​ធានី​ភ្នំពេញ​ថា បាន​រងរបួស​នៅ​តាម​ផ្លូវ​វេង ស្រេង​។

មន្ទីរពេទ្យ​​ដែល​ស៊ីខៅឌូ បាន​​​សាក​​​សួរ​​​​​​នោះ គឺ​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​​ មន្ទីរ​ពេទ្យ​កាល់​ម៉ែត និង​មន្ទីរ​ពេទ្យព្រះ​កុសុមៈ។ លោក វិសាល ​មាន​ប្រសា​សន៍ ថា  សហជីព​​​ស៊ីខៅ​​​ឌូ​​​នឹង​ចេញផ្សាយ​លទ្ធផល​ទាំង​ស្រុង​ស្តីពី​ការ​ស៊ើប​អង្កេត​​របស់ខ្លួន​នៅ​ថ្ងៃនេះ។

លោក ហូរ វ៉ាន់ សមាជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​​មាន​ប្រសា​​​​សន៍​​ថា​ ការ​ស៊ើប​អង្កេត​របស់​គណ​បក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា​ បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​កម្ម​ករ​ដែល​បាន​ធ្វើ​កូដកម្ម​មែន ហើយ​ថា បីនាក់​ត្រូវ​បាន​បាញ់​នៅ​សួន​ឧស្សាហកម្ម កាណាឌី​យ៉ា​។ លោក​បាន​មាន​ប្រ​សា​សន៍ថា បុរស​បួន​នាក់​ដែល​បាន​ស្លាប់នោះ​មាន​ឈ្មោះ គឹម​ ផាលីន អាយុ​២៩ឆ្នាំ យ៉ាន់ រិទ្ធី អាយុ​២៦ឆ្នាំ ស្រេង វិបុល អាយុ​២២ឆ្នាំ និង​ អ៊ុក​ ភ័ក្រ្ត​  អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ដឹក​ទៅ​កាន់សាល​តម្កល់​សពនៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ ខ្មែរ-សូវៀត​ ចំណែក​ឯ​អ្នក​ស្លាប់ទី​៥​ឈ្មោះ សំ រ៉ាវី អាយុ​២៦ឆ្នាំ​ត្រូវ​បាន​ដឹក​ទៅ​កាន់សាល​ត​ម្កល់​សព​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។

នៅ​ឯមន្ទីរ​ពេទ្យ​មិត្តភាព ខ្មែរ-សូវៀត កាល​ពី​ម្សិល​មិញ ខា ស្រីអូន អាយុ​២៣ឆ្នាំ​ជា​កម្ម​កា​រិនី​​រោង​ចក្រ​កាត់ដេរ​បាន​និយាយ​ថា នាង​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​​វិញ​ដើម្បី​​​គេច​​​ពី​​​​អំពើ​ហិង្សា ស្រាប់តែ​ពេល​នោះ​​ត្រូវ​គ្រាប់​កាំភ្លើង​អាកា​-៤៧មួយ​គ្រាប់​លើ​ក្បាល​​ជង្គង់​ខាង​ឆ្វេង​តែម្ត​ង។​

កម្មការិនី​រូបនេះ​​បាន​និយាយ​ថា “ខ្ញុំមាន​​​​​​​​​​​ផ្ទៃពោះ​ ដូច្នេះ​ខ្ញុំត្រូវ​ប្រញាប់​ទៅ​ស្រុក​កំណើត​​វិញ​ដើម្បីព្យាយាម​ចៀសវាង​​បញ្ហា​ទាំង​អស់​នេះ ប៉ុន្តែ​ខ្ញុំ​ទៅ​មិន​រួច​”។
កម្មករ​ឈ្មោះ​ ប៊ុត នឿន អាយុ​២៥ឆ្នាំ​បាន​និយាយ​ថា ខ្លួន​បាន​ចូលរួម​ក្នុង​​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នគរបាល​នោះដែរ ប៉ុន្តែ​បាន​និ​យាយថា ខ្លួន​មាន​តែដំបង​ប៉ុណ្ណោះ​ ស្រាប់​តែ​គ្រាប់​កាំភ្លើង​បានហោះ​មក​​ត្រូវ​ចំ​កជើង​ខាងឆ្វេង​របស់​ខ្លួន​។

គាត់​បាន​និយាយ​ទៀត​ថា “ខ្ញុំ​នៅ​ចម្ងាយ​ប្រហែល​​​​២០ម៉ែត្រ​ពី​កង​​រាជ​អាវុធ​ហត្ថ នៅ​ពេល​ដែល​ពួកគេ​បាន​ចាប់​ផ្តើម​បាញ់​កាំភ្លើង​ឡើង​លើ បាញ់ទៅលើ​ចិញ្ចើម​ថ្នល់ និង​បាញ់​តម្រង់​ជើង​មនុស្ស​តែម្តង”។ គាត់​​​ប​ន្ថែមទៀតថា “ប្រាក់​ខែ​របស់​គាត​់​ដែលជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​នោះ មិន​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​ថ្លៃ​ថ្នាំ​ពេទ្យ​​ឡើយ។ គាត់​បាន​និយាយថា “ខ្ញុំគ្មាន​ប្រាក់​ទេ។ ខ្ញុំមិន​ដឹង​ថា ខ្ញុំ​បាន​ប្រាក់​ពីណាមក​ចំណាយ​ថ្លៃ​ថ្នាំពេទ្យ​ឡើយ”៕សារុន

(រាយការ​ណ៍បន្ថែម​ដោយ ម៉ិច ដារ៉ា)

Exit mobile version