ក្រុមគ្រូបង្រៀនសាលារដ្ឋក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តយ៉ាងហោចណាស់ចំនួនប្រាំ បានចាប់ផ្ដើមធ្វើកូដកម្មកាលពីម្សិលមិញ ដោយបដិសេធមិនព្រមបង្រៀនសិស្សទេ ខណៈពេលពួកគាត់ទាមទារសុំដំឡើងប្រាក់ខែ២៥០ដុល្លារក្នុងមួយខែ។
លោក នី ចាន់តារាវុធ ជាគ្រូបង្រៀនម្នាក់នៅសាលាអាងឈូកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានមានប្រសាសន៍ថា “ពួកយើងពី៣០ទៅ៤០នាក់មកសាលានៅព្រឹកនេះប៉ុន្តែមិនបានបង្រៀនទេ”។ លោកបានលើកឡើងទៀតថា ក្រោយពីធ្វើជាគ្រូបង្រៀនអស់រយៈពេល២១ឆ្នាំ ប្រាក់ខែរបស់លោកបានត្រឹមតែប្រហែល៧៥ដុល្លារប៉ុណ្ណោះ។
នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក សេង ឃី ជាគ្រូបង្រៀនម្នាក់នៅសាលានរោត្តមរណប្ញទ្ធិ បានមានប្រសាសន៍ថា គ្រូបង្រៀន ភាគច្រើននៅសាលារបស់លោកក៏បដិសេធមិនព្រមបង្រៀនសិស្សដែរកាលពីម្សិលមិញ។ លោកមានប្រសាសន៍ថា “គ្រូបង្រៀនភាគច្រើនមកសាលានៅថ្ងៃនេះ ប្រហែល៣០ទៅ៤០នាក់ ប៉ុន្តែយើងមិនព្រមបង្រៀនទេ លុះត្រាតែយើងទទួលបានប្រាក់ខែគ្រប់គ្រាន់សម្រាប់ទំនុកបម្រុងគ្រួសាររបស់យើង។ តើយើងអាចទំនុកបម្រុងគ្រួសារដោយពឹងលើប្រាក់ខែតិចជាង១០០ដុល្លារបានដោយរបៀបណា? ហើយតើវាសមនឹងរំពឹងថា យើងធ្វើបែបនេះទេ?”។
គ្រូបង្រៀននៅវិទ្យាល័យទួលទំពូងក្នុងរាជធានីភ្នំពេញក៏បានលើកឡើងដែរថា ពួកគាត់បានបដិសេធមិនព្រមបង្រៀនឡើយ ដើម្បីតវ៉ាចំពោះប្រាក់ខែតិចតួចរបស់ពួកគាត់។ លោក អាក ថន ដែលបង្រៀនគណិតវិទ្យានៅវិទ្យាល័យនេះបានមានប្រសាសន៍ថា គ្រូបង្រៀនប្រហែល១៥០នាក់ក្នុងចំណោមគ្រូបង្រៀន២០០នាក់នៅទីនោះបានមកដល់សាលា ហើយចាប់ផ្ដើមបង្រៀន ប៉ុន្តែបានផ្អាកបង្រៀនវិញមិនយូរប៉ុន្មានបន្ទាប់ពីចាប់ផ្ដើម។ ក្រុមគ្រូបង្រៀននៅខេត្តស្វាយរៀង និងខេត្តសៀមរាបក៏បានដើរចេញមិនព្រមបង្រៀនសិស្សដែរ។
តែទោះជាយ៉ាងណា លោក រស់ សាលីន ប្រធានខុទ្ទកាល័យនៃក្រសួងអប់រំយុវជននិងកីឡា បានបដិសេធយ៉ាងដាច់អហង្ការថា គ្មានគ្រូបង្រៀនណាផ្អាកការបង្រៀនដើម្បីតវ៉ានោះទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមានរបាយការណ៍ពីគ្រប់មន្ទីរអប់រំខេត្តទាំងអស់ ហើយអ្វីៗស្ងាត់ស្ងៀមធម្មតា។ គ្មានបញ្ហានិងគ្មានកូដកម្មទេ។ ឆ្នាំដំបូងនៃអាណត្តិទី៥នេះ យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធ [ប្រាក់ខែគ្រូបង្រៀន] ពេលនោះយើងនឹងអាចដំឡើងប្រាក់ខែបាននៅឆ្នាំក្រោយ ឬឆ្នាំបន្ទាប់នោះ”។
កាលពីសប្ដាហ៍មុន សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលមានសមាជិកជាង១០.០០០នាក់ បានអំពាវនាវឲ្យគ្រូបង្រៀនធ្វើកូដកម្ម។ តែទោះជាយ៉ាងណា លោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពត្រូវបានក្រសួងមហាផ្ទៃព្រមានមិនឲ្យធ្វើបាតុកម្មបែបនេះ។ ចាប់តាំងពីនោះមកលោក រ៉ុង ឈុន ដែលជាប្រធានសហព័ន្ធសហជីពកម្ពុជាដែរនោះ ត្រូវបានព្រះរាជអាជ្ញាកោះហៅឲ្យចូលខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងហេតុការណ៍ដែលបានឈានទៅដល់ការបង្ក្រាបបង្ហូរឈាមទៅលើកម្មករកម្មការិនីកាត់ដេរដែលធ្វើកូដកម្មនៅក្នុងខណ្ឌពោធិ៍សែនជ័យកាលពីសប្ដាហ៍មុន ហើយមិនអាចទាក់ទងបានទេនៅសប្ដាហ៍នេះ។
លោកស្រី ហ្គ្រេស ផាក (Grace Park) ទីប្រឹក្សាផ្នែកតស៊ូមតិនៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងលោក រ៉ុង បញ្ញា ប្រធានផ្នែកតស៊ូមតិនៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងដែលត្រូវជាក្មួយប្រុសបង្កើតរបស់លោក រ៉ុង ឈុន បានបញ្ជាក់កាលពីម្សិលមិញថា កូដកម្មបានបន្ដទូទាំងប្រទេស ប៉ុន្តែមិនអាចប៉ាន់ប្រមាណដឹងថា តើសាលារៀនប៉ុន្មាននឹងរងផលប៉ះពាល់ ឬនឹងមានអ្វីកើតឡើងនៅពេលបន្ទាប់។
ដោយគ្មានសេចក្ដីណែនាំផ្លូវការពីលោក រ៉ុង ឈុន ក្រុមគ្រូបង្រៀនកាលពីម្សិលមិញ មិនច្បាស់ថា តើពួកគាត់នឹងបន្តកូដកម្មនេះបានយូរប៉ុណ្ណាទេ។ លោក អ៊ុក ឆាយ៉ាវី សមាជិកម្នាក់របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបង្រៀននៅសាលាជ័យវរ្ម័នទី៧ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាលបានមានប្រសាសន៍ថា “យើងមិនដឹងច្បាស់ថា ត្រូវធ្វើអ្វីនោះទេនៅពេលបន្ទាប់។ យើងត្រូវរង់ចាំមើលសិន ពីព្រោះថ្ងៃស្អែកជាថ្ងៃឈប់សម្រាក”។ លោកបានបន្ថែមថា បន្ទាប់ពីធ្វើជាគ្រូបង្រៀនអស់រយៈពេលជាង២០ឆ្នាំ គាត់ទទួលបានប្រាក់ខែ៧៥ដុល្លារ៕ សុខុម
(រាយការណ៍បន្ថែមដោយ ផន បុប្ផា)