នគរបាលបានឲ្យដឹងកាលពីម្សិលមិញថាម្ចាស់អាជីវកម្មបីកន្លែងតាមផ្លូវវ៉េងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាទីដែលការប៉ះទង្គិចគ្នាបានកើតឡើងរវាងកង រាជអាវុធហត្ថ និងកម្មករកាត់ដេរដែលធ្វើកូដកម្មកាលពីសប្តាហ៍មុន បានបញ្ជូនពាក្យបណ្តឹងស្តីពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទៅអាជ្ញាធរមូលដ្ឋាន គិតជាទឹកប្រាក់សរុបជាង២៥០.០០០ដុល្លារ។
កងរាជអាវុធហត្ថប្រដាប់ដោយអាវុធ អាកា-៤៧ បានបាញ់សម្លាប់កម្មករចំនួនប្រាំនាក់ និងធ្វើឲ្យរបួសយ៉ាងតិច៤០នាក់ អំឡុងការប៉ះទង្គិចគ្នា ដែលសាក្សីបានពណ៌នាថាជាការសម្លាប់មានគោលដៅ ក្នុងការតបនឹង
ដុំថ្ម និងដបសាំងដែលកម្មករកាត់ដេរចោល។
លោក ចាប ចន្ថា នាយរងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ម្ចាស់ហាងជួសជុលម៉ូតូមួយកន្លែង ចាប់តាំងពីមានការប៉ះទង្គិចគ្នាមក បានប្តឹងទាមទារការខូចខាត៨.០០០ដុល្លារទៅអាជ្ញាធរខណ្ឌ ចំណែកម្ចាស់ហាងកាហ្វេមួយទាមទារសំណងខូចខាត១៧.០០០ដុល្លារ។
លោក ចន្ថា ថ្លែងថា កាលពីម្សិលមិញ នាយក គ្លីនិកព្យាបាល ឯករាជ្យក៏បានប្តឹងទាមទារការខូចខាត២៣៧.២៩០ដុល្លារទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមអ្នកតវ៉ាបានបំផ្លាញ គ្រឿងបរិក្ខារ នៅពេលបុគ្គលិកគ្លីនិកនេះបានបដិសេធមិនព្រមព្យាបាលកម្មករដែលធ្វើ កូដកម្ម ដែលកងរាជអាវុធហត្ថបាញ់។
លោកបានឲ្យដឹងទៀតថា “យើងនឹងចាត់វិធានការតាមច្បាប់ចំពោះជនណា ដែលញុះញង់ ឬបញ្ជាឲ្យបាតុករធ្វើដូច្នេះ។ យើងក៏បានជូនដំណឹងដល់អាជ្ញាធររបស់យើងផងដែរ ស្វែងរកអ្នកផ្សេងទៀតដែលទ្រព្យសម្បតិ្តរបស់ខ្លួនត្រូវបានបំផ្លាញ និងខូចខាតអំឡុង ពេលបាតុកម្ម។
ពាក្យបណ្តឹងមួយដែលធ្វើឡើងដោយលោក សឹម ស៊ូយ៉េង នាយកគ្លីនិក ឯករាជ្យពណ៌នាការខូចខាតនេះថាបានកើតឡើងលើគ្លីនិកនេះ។បណ្តឹងនេះមានខ្លឹមសារថា “ក្រុមដែលគេមិនស្គាល់អត្តសញ្ញាណមួយបានចោលដុំថ្ម និងប្រើដំបង និងពូថៅ ដើម្បីកម្ទេចសំភារបរិក្ខារ និងបំផ្លាញគ្លីនិករបស់យើង ហើយបន្ទាប់នោះ ក្រុមបាតុករបានសម្រុកចូលក្នុងអគារនោះ ដោយបំផ្លាញ និងលួចឧបករណ៍របស់យើង”។ បណ្តឹងនេះពន្យល់ថា គ្លីនិកបានសម្រេចបិទទ្វាររបស់ខ្លួនកាលពីថ្ងៃសុក្រ។
លោក ស៊ូយ៉េង ពន្យល់ក្នុងពាក្យបណ្តឹងនេះថា “នៅពេលក្រុមបាតុករបិទផ្លូវ និងដុតកង់ឡាន…យើងបានសម្រេចបិទគ្លីនិកនេះ ពីព្រោះបុគ្គលិករបស់យើងខ្លាចមិនហ៊ានមកធ្វើការ”។
នៅទល់មុខគ្លីនិក ឯករាជ្យ ឈ្មោះ ឡុង គឹមឡេង បានឲ្យដឹងថា ហាងលក់ទំនិញទូទៅរបស់អ្នកស្រីត្រូវបានក្រុមអ្នកតវ៉ាលួចយកប៉ុន្តែថា អ្នកស្រីនឹងមិនប្តឹងឡើយ។អ្នកស្រីបានឲ្យដឹងថា “ពួកគេចោទខ្ញុំថា វៀតណាម ហើយពួកគេដុតរឺុម៉កកង់បីរបស់ខ្ញុំ ហើយក្រោយមកលួចយកប្រាក់និងទំនិញរបស់ខ្ញុំមានតម្លៃប្រហែល៩.០០០ដុល្លារ ប៉ុន្តែខ្ញុំនឹងមិនប្តឹងទេ ពីព្រោះគ្មាននរណាទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះទេ”។
ដោយឡែក កាលពីម្សិលមិញ ឈ្មោះ ខែម សឿន អាយុ៤១ឆ្នាំ បានប្តឹងទៅអង្គការសិទ្ធិមនុស្សក្នុងស្រុក អាដហុក អំពីការបាត់ខ្លួន កូនប្រុសអាយុ១៦ឆ្នាំរបស់គាត់ ឈ្មោះខែម សុផាត ដែលលោកបាននិយាយថា លោកខ្លាចថា កូនប្រុសរូបនេះស្លាប់ បន្ទាប់ពីទទួលបានព័ត៌មានថា កូនគាត់ត្រូវគេបាញ់អំឡុងមានការប៉ះទង្គិចគ្នានៅលើផ្លូវវ៉េងស្រេង។ លោក សឿន បានឲ្យដឹងថា ”យើងបាននិងកំពុងតែស្វែងរកវាគ្រប់កន្លែង នៅតាមវត្ត មន្ទីរពេទ្យ ជាមួយមិត្តភក្តិ ប៉ុន្តែមិនអាចរកឃើញវាឡើយ”។
លោកបានឲ្យដឹងថា “រដ្ឋាភិបាល ត្រូវទទួលខុសត្រូវចំពោះកូនដែលបាត់ខ្លួនរបស់ ខ្ញុំ ពីព្រោះមិត្តភក្តិរបស់វា ដែល[កងរាជអាវុធហត្ថ] បាញ់ បានឲ្យដឹងថា នគរបាលបាននាំខ្លួនវាក្នុងឧបទ្ទវហេតុដដែលនោះ”៕ប៊ុននី