បន្ទាប់ពីបដិសេធអស់រយៈពេលប៉ុន្មានថ្ងៃមិនបង្ហាញអំពីទីកន្លែងឃុំខ្លួនអ្នកតវ៉ា២៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន ហើយបន្ទាប់មកត្រូវបានចោទប្រកាន់នៅតុលាការនោះ ក្រុមមន្ត្រីពន្ធនាគារបានបង្ហើបឲ្យដឹងកាលពីម្សិលមិញថា អ្នកតវ៉ាមួយក្រុមនេះកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដែលមានឈ្មោះអសោចមួយក្នុងខេត្តកំពង់ចាម។
មនុស្ស១០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយ១៣នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ អំឡុងការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ ដែលពេលនោះកម្មករយ៉ាងហោចណាស់ប្រាំនាក់ត្រូវបានកងរាជអាវុធហត្ថបាញ់សម្លាប់។
លោក កែវ សុវណ្ណា ប្រធានមណ្ឌលកែប្រែ៣ ក្នុងខេត្តកំពង់ចាមបានបញ្ជាក់ដូចការបា៉ាន់ស្មានរបស់អង្គការសិទ្ធិមនុស្សអាដហុក និងលីកាដូកាលពីដើមសប្ដាហ៍នេះដែលថា អ្នកតវ៉ាទាំង២៣នាក់ ដែលមិនទាន់ត្រូវបានកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋណាមួយនៅឡើយនោះកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារដែលមានការយាមកាមយ៉ាងតឹងរឹុងនេះ។
លោកបានមានប្រសាសន៍ថា “ យើងបានឃុំខ្លួនពួកគេនៅក្នុងអគារតែមួយ [នៅទីនេះ] ពីព្រោះយើងមិនមានបន្ទប់ដើម្បីឃុំខ្លួនពួកគេដាច់ដោយឡែកពីគ្នាឡើយ”។
លោក សុវណ្ណា បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយនៅពេលត្រូវបានសួរអំពីសុខភាពឬការប្រព្រឹត្តលើមនុស្សទាំង២៣នាក់នេះ។
ក្រុមនេះរួមមានមេដឹកនាំសហជីព សកម្មជន និងកម្មករធ្វើកូដកម្មដែលត្រូវបានចោទប្រកាន់នៅសាលាដំបូងរាជធានីភ្នំពេញពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា និងការប្រើអំពើហិង្សាដោយចេតនា ដែលជាបទល្មើសមានស្ថានទម្ងន់ទោស។
កាលពីថ្ងៃច័ន្ទ អង្គការសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានពណ៌នាពីមណ្ឌលកែប្រែ៣នេះថា “ ស្ថិតក្នុងចំណោមពន្ធនាគារដែលមានការយាមកាមតឹងរុឹងបំផុតក្នុងប្រទេសកម្ពុជា”។
លោក អំ សំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិតមកពីអង្គការរបស់លោកបានទៅមណ្ឌលកែប្រែ៣នេះកាលពីម្សិលមិញ ហើយបានជួបជាមួយអ្នកទោសទាំងនោះហើយ។លោកបានមានប្រសាសន៍ថា ពួកគេម្នាក់ៗត្រូវបានវាយដំទាំងមុននិងក្រោយពេលត្រូវការចាប់ខ្លួន។
ដោយសំដៅដល់មេដឹកនាំសហជីពដ៏ល្បីមួយរូបដែលជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក អំ សំអាត បានមានប្រសាសន៍ថា “ ស្ថានភាពលោក វ៉ន ពៅ ធ្ងន់ជាងគេ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ថ្មីៗនេះ លោក វ៉ន ពៅ ទើបតែបានវះកាត់ជំងឺតម្រង់នោម ហើយលោកត្រូវបានទាត់ធាក់ចំកន្លែងនោះម្តងហើយម្តងទៀតធ្វើឲ្យលោកឈឺចាប់យ៉ាងខ្លាំងត្រង់កន្លែងវះកាត់នោះ។ អ្នកដែលត្រូវបានឃុំខ្លួនទាំងប៉ុន្មានទៀតក៏បានរងការវាយដំជាទម្ងន់ដែរ”។
លោក ចាន់ សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា ក្រុមរបស់លោកក៏បានទៅជួបមនុុស្សទាំង២៣នាក់នោះដែរ ហើយបានបញ្ជាក់ថា អ្នកទាំងអស់នោះត្រូវបានទាត់ធាក់ និងវាយដំឥតឈប់ឈរ។
លោក ចាន់ សុវ៉េត បានចោទសួរពីមូលហេតុដែលអ្នកជាប់ឃុំរង់ចាំការកាត់ក្តីត្រូវបានបញ្ជូនទៅពន្ធនាគារ ដែលមានការយាមកាមតឹងរឹុងបំផុតដែលត្រូវធ្វើដំណើររាប់ម៉ោងពីភ្នំពេញ។
លោកបានមានប្រសាសន៍ថា “ មណ្ឌលកែប្រែ៣ គឺជាកន្លែងសម្រាប់អ្នកដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ រួចផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងហោចណាស់១០ឆ្នាំ។ វាជារឿងខុសប្រក្រតីដែលតុលាការនិងនាយកដ្ឋានពន្ធនាគារឃុំខ្លួនមនុស្ស២៣នាក់ដែលត្រូវបានចោទប្រកាន់នៅទីនោះខណៈដែលពួកគេគ្រាន់តែស្ថិតក្រោមការឃុំខ្លួនរង់ចាំការកាត់ក្តីនោះ។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដែលកាលពីដើមសប្ដាហ៍នេះបានបដិសេធមិនប្រាប់អំពីកន្លែងឃុំខ្លួនមនុស្សទាំង២៣នាក់នេះ នោះបានមានប្រសាសន៍ថា វាគ្មានអ្វីខុសប្រក្រតីទេ ដែលអ្នកទាំងនោះត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែ៣នៅខាងកើតក្រុងកំពង់ចាម ដែលត្រូវធ្វើដំណើរពីរម៉ោងពីរាជធានីភ្នំពេញនោះ។
ដោយសំដៅដល់កោះឃុំខ្លួនអ្នកទោសនៅសម័យអាណានិគមភាគនិរតីនៃប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះជាទឹកដីវៀតណាមនោះ លោក គុយ ប៊ុនសន បានមានប្រសាសន៍ថា “ សម័យបារាំង អ្នកទោសត្រូវបញ្ជូនទៅពន្ធនាគារកោះត្រឡាច ដែលគ្មាននរណាម្នាក់អាចទាក់ទងពួកគេ ឬទៅសួរសុខទុក្ខពួកគេបានឡើយ”។
លោក អំ សំអាត និងលោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា មេធាវីការពារនិងសាច់ញាតិមនុស្សដែលកំពុងត្រូវបានឃុំខ្លួនទាំង២៣នាក់នេះអាចទៅសួរសុខទុក្ខពួកគេបាននៅថ្ងៃនេះ៕ សារុន