នគរបាល និងមន្ត្រីតុលាការបាននិយាយថា គ្រូស្នេហ៍ម្នាក់ក្នុងខេត្តកំពង់ចាម ដែលមានជំនាញខាងមន្តអាគមដាក់ស្នេហ៍ ត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទបៀតបៀនកេរ្តិ៍ភេទក្មេងប្រុសវ័យជំទង់ប្រាំបួននាក់ដែលបានមករកគ្រូនេះឲ្យជួយធ្វើមន្តអាគមន៍ដាក់ស្នេហ៍ស្រីៗ។
លោក សួន រស់ អធិការរងនគរបាលស្រុកព្រៃឈរបានមានប្រសាសន៍ថា ជនសង្ស័យ ឈ្មោះ លី វណ្ណី អាយុ៣៣ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគ្រួសារចំនួនពីរនៅក្នុងមូលដ្ឋានក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានដាក់ពាក្យបណ្ដឹងទៅនគរបាលដោយចោទប្រកាន់ជនសង្ស័យថា បានរំលោភកូនប្រុសរបស់ពួកគាត់ដែលមានអាយុ១៤ឆ្នាំ ដល់១៧ឆ្នាំ។
លោកបានលើកឡើងថា “បន្ទាប់ពីយើងទទួលបានសំណុំរឿងពីរនេះ មានក្មេងជំទង់ប្រាំពីរនាក់ទៀតបានអះអាងថា ពួកគេក៏ត្រូវគ្រូដាក់ស្នេហ៍រូបនេះបៀតបៀនកេរ្តិ៍ភេទដែរ។ ជនសង្ស័យបានល្បួងជនរងគ្រោះឲ្យធ្វើការរួមភេទដោយសន្យាថា នឹងផ្ដល់មន្តអាគមស្នេហ៍ដល់ពួកគេ និងផ្ដល់ប្រាក់ឲ្យពួកគេចន្លោះពី៥.០០០ទៅ២០.០០០រៀលក្នុងមួយលើកៗ”។
ក្មេងប្រុសវ័យ១៧ឆ្នាំ បានប្រាប់គ្រួសាររបស់ខ្លួនថា ការរួមភេទលើកដំបូងជាមួយគ្រូនេះបានកើតឡើងកាលពីខែតុលា នៅពេលរូបគេបានយល់ព្រមរួមភេទជាថ្នូរនឹងប្រាក់និងក្រមួនស្នេហ៍។ ទោះជាយ៉ាងណាយុវជនរូបនេះបាននិយាយថា ក្រោយមកឈ្មោះ លី វណ្ណី បានចាប់រំលោភខ្លួន។ ក្រុមគ្រួសាររបស់យុវជនរូបនេះបានប្ដឹងនគរបាលបន្ទាប់ពីរូបគេបានរងរបួសប្រដាប់ភេទដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យកាលពីសប្ដាហ៍មុន។
លោក សួន រស់ បានមានប្រសាសន៍ថា បន្ទាប់ពីការចាប់ខ្លួន លី វណ្ណី បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងប្រុសប្រាំបួននាក់មែន។
លោក ថុល មេង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍ថា ជនសង្ស័យត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទប្រព្រឹត្តអំពើអនាចារលើក្មេងប្រុសវ័យជំទង់ប្រាំបួននាក់។ លោកមានប្រសាសន៍ថា “ជនសង្ស័យបានសារភាពថា ខ្លួនបានល្បួងក្មេងជំទង់ទាំងនេះដើម្បីប្រព្រឹត្តអំពើអនាចារលើកពួកគេ”។ លោកបានមានប្រសាសន៍បន្តទៀតថា ឈ្មោះ លី វណ្ណី ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកាលពីថ្ងៃអាទិត្យ៕ សុខុម