កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់តាំងលោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធានគណៈកម្មការទើបតែបង្កើតថ្មីមួយទទួលបន្ទុកការសិក្សាអំពីលទ្ធភាពរបស់រដ្ឋាភិបាលនៅក្នុងការដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការនិងកម្មកររោងចក្រកាត់ដេរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែនបានលើកឡើងថា លោកចង់ឲ្យលោក គាត ឈន់ “ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនិងគណបក្សផ្សេងៗទាក់ទិននឹងលទ្ធភាពដំឡើងប្រាក់ខែនិងកំណែទម្រង់ប្រាក់ខែសម្រាប់មន្ត្រីរាជការ”។
កាលពីថ្ងៃទី៣ខែមករា កងរាជអាវុធហត្ថបានបើកការបាញ់ប្រហារបណ្តាលឲ្យកម្មកររោងចក្រកាត់ដេរប្រាំនាក់ស្លាប់ និងជាង៤០នាក់រងរបួសអំឡុងការប៉ះទង្គិចគ្នានៅផ្លូវវេងស្រេង បន្ទាប់ពីការធ្វើបាតុកម្មអស់រយៈពេលមួយសប្តាហ៍ដើម្បីទាមទារដំឡើងប្រាកខែគោលឲ្យបានដល់១៦០ដុល្លារក្នុងមួយខែ។
សេចក្តីថ្លៃងការណ៍នេះមានខ្លឹមសារដូច្នេះថា លោក ហ៊ុន សែន ក៏មានប្រសាសន៍អំពីគណៈកម្មការថ្មីចំនួនពីរផ្សេងទៀតផងដែរ ដោយមួយដើម្បី “សិក្សា” អំពីអ្វីដែលបានកើតឡើងនៅផ្លូវវេងស្រេងខណ្ឌពោធិ៍សែនជ័យ ជាទីដែលកម្មករប្រាំនាក់ត្រូវគ្រាប់កាំភ្លើងស្លាប់ ហើយមួយផ្សេងទៀតដើម្បីសិក្សាអំពីការខូចខាតដែលបង្កឡើងដោយ “ក្រុមបាតុករអនាធិបតេយ្យ”។ គណៈកម្មការទាំងពីរនេះនឹងដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការបង្កើតគណៈកម្មការនេះដោយលោក ហ៊ុន សែនដើម្បីសិក្សាពីលទ្ធភាពដំឡើងប្រាក់ខែនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការមួយដែលតំណាងឲ្យសិទ្ធិកម្មករនិយោជិតក្នុងវិស័យសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឲ្យមន្ត្រីរាជការនៅទូទាំងប្រទេសបន្តធ្វើកូដកម្មទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលមួយលានរៀលជាមួយនឹងការសន្យាដំឡើងប្រាក់ខែតាមវេលាសមស្របរហូតដល់ពីរលានរៀល។
គ្រូបង្រៀនក៏បានធ្វើកូដកម្មដែរ នៅតាមសាលារៀននៅទូទាំងប្រទេស កាលពីសប្តាហ៍មុនដើម្បីទាមទារដំឡើងប្រាក់ខែ។ កាលពីថ្ងៃសុក្រ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីលទ្ធភាពបិទបម្រាមហាមជក់បារីនៅតាមទីសាធារណៈនានាដូចជា ភោជនីយដ្ឋាន និងរង្គសាលផងដែរ ប៉ុន្តែសេចក្តីព្រាងអនុក្រឹត្យស្តីអំពីបញ្ហានេះត្រូវបានបញ្ចូនត្រឡប់ទៅឲ្យក្រសួងសុខាភិបាលដែលកំពុងតែប្រមូលឯកសារសម្រាប់ការត្រួតពិនិត្យឡើងវិញបន្ថែម។
សេចក្តីថ្លែងការណ៍មួយទាក់ទិននឹងរឿងនេះ មានខ្លឹមសារថា “ទាក់ទិននឹងការជក់បារី ការផ្លាស់ប្តូរត្រូវតែផ្តោតទៅលើការអប់រំជាជាងផ្តោតទៅលើការផាកពិន័យឬដាក់ទោសទណ្ឌ”។ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិរយៈពេល១០ឆ្នាំស្តីពីការផ្គត់ផ្គង់ទឹកតាមទីជនបទនិងអនាម័យក៏ដូចជាអនុម័តសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌សម្រាប់ឱសថការីផងដែរ។ គោលដៅមួយក្នុងចំណោមគោលដៅអភិវឌ្ឍន៍សហ ស្សវត្សរ៍របស់កម្ពុជា គឺថាត្រូវធ្វើឲ្យពលរដ្ឋរស់នៅតាមទីជនបទចំនួន៥០ភាគរយទទួលបានទឹកស្អាតប្រើប្រាស់ និងធ្វើឲ្យមានអនាម័យកាន់តែប្រសើរសម្រាប់ពលរដ្ឋ ៣០ភាគរយឲ្យបានត្រឹមឆ្នាំ២០១៥៕ស៊ុយឈាង