ព្រះសង្ឃនិងសកម្មជននយោបាយដែលមាននិន្នាការប្រឆាំងបានរៀបចំពិធីមួយកាលពីម្សិលមិញដើម្បីឧទ្ទិសកុសលដល់កម្មកររោងចក្រកាត់ដេរប្រាំនាក់ដែលមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់អំឡុងការបង្ក្រាបទៅលើក្រុមបាតុករដែលគប់ដុំថ្មដាក់ពួកគេ នៅផ្លូវវេងស្រេងកាលពីពីរសប្តាហ៍កន្លងមកនេះ។
ពិធីរាប់បាតដែលមានរយៈពេលមួយម៉ោងនៅផ្ទះរបស់អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីនៅក្នុងសហគមន៍បឹងកក់នេះ បានចាប់ផ្តើមនៅម៉ោង៩និង៣០នាទីព្រឹក ដោយមនុស្សប្រហែល៥០នាក់បានយកទេយ្យទានមានបច្ច័យបន្តិចបន្តួច ចង្ហាន់ ទឹកនិងមីប្រគេនព្រះសង្ឃប្រហែល២០០អង្គនៅកន្លែងរំឭក វិញ្ញាណក្ខន្ធមួយដែលបង្កើតឡើងដើម្បីឧទ្ទិសកុសលដល់អ្នកតវ៉ាទាំងប្រាំនាក់ដែលបានស្លាប់ និងកម្មករជាង៤០នាក់ទៀតដែលបានរងរបួសអំឡុងការធ្វើបាតុកម្មកាលពីថ្ងៃទី៣ ខែមករា។
បន្ទាប់ពីមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសលដោយព្រះសង្ឃដែលជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមរួចមក អ្នកចូលរួមទាំងអស់បានអុជធូប និងបានដើរទៅកន្លែងរំឭកវិញ្ញាណក្ខន្ធនៅក្នុងផ្ទះរបស់អ្នកស្រី ទេព វន្នី ដែលមានដាក់តាំងរូបថតកម្មកររោងចក្រកាត់ដេរទាំងបួននាក់ដែលអង្គការសិទ្ធិមនុស្សលីកាដូអះអាងថា បានស្លាប់អំឡុងការបាញ់សម្លាប់នៅផ្លូវវេងស្រេងនោះ។
អ្នកស្រី ទេព វន្នី បាននិយាយទៅកាន់អ្នកមកចូលរួមពិធីដែល រួមមានសមាជិករបស់ក្រុមគ្រួសារសពកម្មករ សំ រ៉ាវី អាយុ២៦ឆ្នាំ និង គឹម ផល្លៀប អាយុ២៩ឆ្នាំថា “យើងនឹងចងចាំ អ្នកទាំងបួនដែលបានស្លាប់ទៅហើយនេះទុកក្នុងចិត្តជាប់ជានិច្ច ហើយយើងមិនអាចឈរឱបដៃមើលពួកគេស្លាប់ទាំងមិនទទួលបានយុត្តិធម៌ឡើយ”។
អ្នកស្រីបាននិយាយថា “យើងទាមទាររកយុត្តិធម៌ដល់កម្មកររបស់យើងដែលបានស្លាប់ និងរងរបួសអំឡុងការតវ៉ាទាមទារសុំដំឡើងប្រាក់ខែនោះ”។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្តាញ ព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមមានសង្ឃដីកាថា ការរៀបចំពិធីនៅផ្ទះរបស់អ្នកស្រី ទេព វន្នី នេះគឺដោយសាររដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំគ្នាជាសាធារណៈនិងដោយសារការបង្ក្រាបដោយហិង្សាកាលពីពេលថ្មីៗនេះ។
ព្រះតេជគុណបានមានសង្ឃដីកាបន្ថែមថា “នៅពេលយើងធ្វើបាតុកម្ម អាជ្ញាធរបង្ក្រាប។ នៅពេលកម្មករធ្វើកូដកម្ម ពួកគេបាញ់សម្លាប់។ យើងរៀបចំពិធីនេះឡើងដើម្បីឧទ្ទិសកុសលដល់អ្នកដែល បានស្លាប់នៅផ្លូវវេងស្រេងដោយសារការបង្ក្រាបរបស់អាជ្ញាធរ និងដើម្បីបួងសួងឲ្យថ្នាក់ដឹកនាំប្រទេសឈប់ប្រើអំពើហិង្សាទៀត”។
ឈៀវ ផានិត អាយុ២០ឆ្នាំ ជាប្រពន្ធរបស់សព សំ រ៉ាវី បាននិយាយថា ខ្លួននឹងដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញនៅពេលឆាប់ៗនេះ ដើម្បីឲ្យមានការស៊ើបអង្កេតពីការស្លាប់របស់ប្តីខ្លួន។ ផានិត បាននិយាយថា “ខ្ញុំចង់ឲ្យអាជ្ញាធរនាំជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។អាជ្ញាធរបានប្រើប្រាស់អាវុធបង្ក្រាបទៅលើកម្មករ ហើយចាប់តាំងពីប្តឹខ្ញុំបានស្លាប់មក មិនទាន់មានអាជ្ញាធរណាចេញមុខស៊ើបអង្កេតឡើយ។ពួកគេត្រូវទទួលខុសត្រូវចំពោះការបាញ់សម្លាប់នេះ”៕សារុន