នៅក្នុងលិខិតរបស់លោកផ្ទាល់ផ្ញើជូនកាសែតភាសាខ្មែរក្នុងស្រុក ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីម្សិលមិញបានរិះគន់តបទៅនឹងលិខិតដំបូងរបស់ឯកអគ្គរដ្ឋទូតចិនដែលបានរិះគន់លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនចំពោះដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីសក្ការៈដ៏ចម្រូងចម្រាសមួយសម្រាប់បញ្ចុះសពអ្នកស្លាប់សម័យសង្គ្រាម របស់ប្រទេសលោកកាលពីខែមុន។
នៅក្នុងលិខិតដ៏វែងមួយដែលចុះផ្សាយក្នុងកាសែតភាសាខ្មែរនិងកាសែតភាសាចិនក្នុងស្រុកជាច្រើនកាលពីសប្តាហ៍មុននោះ លោកស្រី ប៊ូជៀនហ្គួ ឯកអគ្គរដ្ឋទូតចិនបានហៅដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់ទីសក្ការៈ យ៉ាស៊ូគូនី ថា ជា “ ការបង្កហេតុច្បាស់ក្រឡែតចំពោះប្រជាជនដែលស្រឡាញ់សន្តិភាព ក្នុងពិភពលោកទាំងមូល” ហើយបានចោទប្រកាន់លោកថា បាន “ ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់”។
ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុនទៅកាន់ទីសក្ការៈនោះតែងតែជាចំណុចក្តៅគគុកជាមួយប្រទេសចិន។ក្នុងចំណោមអ្នកស្លាប់ដោយសារសង្គ្រាមចំនួន២,៥លាននាក់ដែលបានបញ្ចុះនៅទីនោះ គឺជាឧក្រិដ្ឋជនសង្គ្រាមដែលត្រូវបានកាត់ឲ្យជាប់ទោសជាច្រើននាក់រួមមានឧក្រិដ្ឋជនប្រភេទ A ចំនួន១៤នាក់ដែលនៅពីក្រោយការឈ្លានពានដ៏ឃោរឃៅរបស់ជប៉ុន និងការកាន់កាប់ប្រទេសចិនភាគខាងកើត អំឡុងសង្គ្រាមលោកលើកទី២។
នៅក្នុងលិខិតមួយច្បាប់ដែលកាសែតរស្មីកម្ពុជាបានចុះផ្សាយកាលពីម្សិលមិញ លោក គូម៉ាម៉ារុ យូជី ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា លោកស្រី ប៊ូ បានយល់ច្រឡំចំពោះដំណើរទស្សនកិច្ចនោះ ហើយបានសរសើរដល់ការរួមចំណែករបស់ជប៉ុនចំពោះសន្តិភាពនិងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។
លោក យូជី បានសរសេរថា “ យើងមិនអាចទទួលយកនូវអ្វីដែលលោកស្រី បានលើកឡើងនោះទេ។ ការបកស្រាយរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះគឺថា ប្រទេសជប៉ុនកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់”។
ផ្ទុយទៅវិញលោក យូជី បានលើកឡើងថា នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចទៅកាន់ទីសក្ការៈនោះក្នុងគោលបំណងជំរុញឲ្យមានសន្តិភាព មិនមែន “ បំផ្លាញសន្តិភាព ឡើយ”។លោកបានលើកឡើងថា “ ទីសក្ការៈ យ៉ាស៊ូគូនី មិនត្រឹមតែសម្រាប់បញ្ចុះសពអ្នកដែលបានបូជាជីវិតរបស់ខ្លួនអំឡុងសង្គ្រាមលោកលើកទី២ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ព្រលឹងវីរបុរសចំនួន២,៥លាននាក់ដែលបានបូជាជីវិតរបស់ខ្លួនដើម្បីបុព្វហេតុប្រទេសជាតិចាប់តាំងពីឆ្នាំ១៨៥៣មកផងដែរ”។លោកបានបន្ថែមថា “ ដំណើរទស្សនកិច្ចរបស់លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុនទៅកាន់ទីសក្ការៈ យ៉ាស៊ូគូនី មិនបានបង្ហាញពីការគោរព ឬការគាំទ្រដល់សកម្មភាពរបស់អ្នកទោសប្រភេទA ទេ ហើយមិនមានបំណងបកស្រាយឡើងវិញពីរបបយោធាមុនសង្គ្រាមលោកលើកទី២ឡើយ”។
លោក យូជី បានបន្តលើកឡើងពីជំនួយដែលប្រទេសកម្ពុជាទទួលបានពីប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយបរទេសដ៏ធំនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។លោកថ្លែងថា “បើក្រឡេកមើលពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ចាប់តាំងពីឆ្នាំ១៩៨០មក ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ ការកសាងសន្តិភាព និងការកសាងប្រទេសនេះឡើងវិញនិងរួមចំណែកដល់ស្ថិរភាពនយោបាយ។ លោកបន្ថែមថា “ការដឹងអំពីសច្ចភាពនៃការរួមចំណែករបស់ប្រទេសជប៉ុននោះខ្ញុំគិតថា ប្រជាពលរដ្ឋខ្មែរទាំងអស់នឹងយល់ច្បាស់អំពីមុខមាត់ និងគោលជំហរពិតប្រាកដរបស់ជប៉ុន”។
បន្ថែមពីលើការស្អប់ខ្ពើមសង្គ្រាមរយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ បច្ចុប្បន្ន ចិននិងជប៉ុនកំពុងមានជម្លោះក្តៅគគុកជុំវិញកោះមានជម្លោះដែលស្ថិតនៅជាប់ប្រទេសទាំងពីរនេះ។ ប្រទេសទាំងពីរកំពុងប្រឹងប្រែងពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងចំណោមប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ៕ សារុន