លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានមានប្រសាសន៍ថា អគ្គិភ័យបានឆាបឆេះកន្លែងដាក់ឧបករណ៍ដោះមីននៃអង្គភាពដោះមីនលេខ២របស់ស៊ីម៉ាក់ នៅក្នុងក្រុងបាត់ដំបងកាលពីព្រឹកម្សិលមិញ ធ្វើឲ្យខូចឧបករណ៍ដោះមីននិងរថយន្តដែលមានតម្លៃប្រមាណ៤០០.០០០ដុល្លារ។
លោក ហេង រតនា បានមានប្រសាសន៍ថា គ្មាននរណាម្នាក់រងរបួសនៅក្នុងអគ្គិភ័យដែលបានចាប់ផ្តើមឆេះនៅម៉ោងប្រហែល៦ព្រឹកនេះទេ ប៉ុន្តែ ឧបករណ៍ដោះមីន និងរថយន្តដែលដាក់ក្នុងអគារនេះបានរងការខូចខាតជាច្រើន។លោកបានមានប្រសាសន៍ថា ម៉ាស៊ីនរាវមីនដែលទុកសម្រាប់ជួសជុលបួនគ្រឿងពេលនេះត្រូវចំណាយពេលជាច្រើនសប្តាហ៍ ទៀតទើបអាចយកមកប្រើវិញបាន។
លោកបានមានប្រសាសន៍ថា “ យើងនឹងព្យាយាមបំពេញការងារដូចធម្មតា ប៉ុន្តែ មិនមានផលប៉ះពាល់ណាមួយទេ ពីព្រោះយើងអាចជួសជុលឧបករណ៍ទាំងនោះបានបន្តិចបន្តួចដែរនៅពេលនេះ”។
លោកមានប្រសាសន៍ថា “ អ្នកដោះមីននៅតែអាចធ្វើការបានទោះជាគ្មានម៉ាស៊ីនរាវមីនក៏ដោយ ប៉ុន្តែ ការដោះមីនបែបនេះមានការយឺតយ៉ាវ ហើយការដោះមីននឹងមិនដំណើរការបានល្អមួយរយៈ”។ លោកបានបន្ថែមថា ការដោះមីននៅក្នុងស្រុករតនៈមណ្ឌល និងស្រុកបវេល ខេត្តបាត់ដំបង និងនៅក្នុងតំបន់មួយចំនួនក្នុងខេត្តព្រះវិហារនឹងរងផលប៉ះពាល់។
លោក ហេង រតនា និងក្រុមពន្លត់អគ្គិភ័យខេត្តបាននិយាយថា អគ្គិភ័យនេះទំនងជាបង្កឡើងដោយសារទុស្សេខ្សែភ្លើង។
លោកវរសេនីយ៍ទោ គឹម ប៊ុនធឿន ប្រធានការិយាល័យពន្លត់អគ្គិភ័យខេត្តបានមានប្រសាសន៍ថា “ យើងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យបី គ្រឿងទៅពន្លត់អគ្គិភ័យនេះ ហើយយើងបានចំណាយពេលប្រហែលពីរម៉ោង។ លោកបានបន្ថែមថា ស៊ីម៉ាក់ និងក្រុមពន្លត់អគ្គិភ័យបានកំណត់ការខូចខាតមានចំនួនប្រហែល៤០០.០០០ដុល្លារ៕ គឹមហឿន