ប្រតិបត្តិការបោសសម្អាតត្រូវបានចាប់ផ្តើមហើយនៅវាលព្រះមេរុ ជាកន្លែងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪនរោត្តមសីហនុ។ ហើយមន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹង កាលពីម្សិលមិញថា កន្លែងថ្វាយព្រះភ្លើង ដែលឥឡូវនេះកំពុងតែទ្រុឌទ្រោមនេះ នឹងត្រូវរុះរើក្នុងពេលឆាប់ៗ។ ខ្ទមតូចៗដែលគេសាងសង់សម្រាប់កងសន្តិសុខស្នាក់នៅត្រូវបានរុះរើចេញពីវាលព្រះមេរុនេះហើយ កាលពីម្សិលមិញ ហើយសំរាមក៏ត្រូវបានបោសសម្អាតចេញអស់ពីទីនេះផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ ខ្ញុំបានទទួលដំណឹងពីលោក ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ថា សំណង់ទាំងនេះនឹងត្រូវរុះរើនៅចុងខែមេសាឬក៏ដើមខែឧសភា ពោលគឺថា ពិធីច្រត់ព្រះនង្គ័ល នឹងអាចប្រារព្ធនៅទីនេះ”។
ពិធីច្រត់ព្រះនង្គ័ល តែងតែត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ប៉ុន្តែពិធីនេះត្រូវបានគេប្តូរទៅប្រារព្ធនៅក្រុងកំពង់ចាមវិញ កាលពីឆ្នាំមុន បន្ទាប់ពីសួននេះត្រូវបានយកធ្វើកន្លែងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪ។មន្ត្រីរដ្ឋាភិបាលមិនបានប្រាប់ឲ្យដឹងថា តើពេលណាពិធីបុណ្យជាតិនេះនឹងត្រូវប្រារព្ធនៅកន្លែងដើមវិញឡើយ។
លោក ផៃ ស៊ីផាន បានអះអាងបន្ថែមថា “ សំណង់នៅក្នុងវាលព្រះមេរុមិនមែនត្រូវបានសាងសង់ឡើង ដើម្បីទ្រាំទ្រនឹងទឹកភ្លៀងនៅរដូវវស្សាទេ ហើយត្រូវបានរក្សាទុកសិន ហេតុដូច្នេះប្រជាពលរដ្ឋអាចមកថ្វាយការគោរពចំពោះសម្តេចឪជាលើកចុងក្រោយ”។លោកបន្តថា “ [កន្លែងថ្វាយព្រះភ្លើងនេះ] ប្រហែលជានឹងត្រូវរុះរើ ហើយពិធីច្រត់ព្រះនង្គ័លនឹងមិនប្តូរទៅប្រារព្ធនៅតាមខេត្តទៀតឡើយក្នុងឆ្នាំនេះ”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត ទីប្រឹក្សារបស់សម្តេចឪ និងជាសមាជិកគណបក្សសង្គ្រោះជាតិបានមានបន្ទូលកាលពីម្សិលមិញថា កន្លែងថ្វាយព្រះភ្លើងដែលទ្រុឌទ្រោមនេះ គួរតែត្រូវរុះរើឲ្យបានឆាប់ចេញពីវាលព្រមេរុនេះ។ ព្រះអង្គម្ចាស់បានមានបន្ទូលថា “វាលព្រះមេរុនេះបើយោងតាមភាសាខ្មែរមានន័យថា ជាកន្លែងសម្រាប់ថ្វាយព្រះភ្លើងព្រះមហាក្សត្រ។ សំណង់ផ្សេងៗ ដែលត្រូវបានសាងសង់ឡើងនេះ គឺគ្រាន់តែសម្រាប់ពលរដ្ឋ ទស្សនា និងថ្វាយការគោរពប៉ុណ្ណោះហេតុដូច្នេះ សំណង់ទាំងនេះគួរតែបានរុះរើចេញ”។ ព្រះអង្គម្ចាស់បានមានបន្ទូលបន្ថែមដោយសំដៅទៅសំណង់ទ្រុឌទ្រោមដែលស្ថិតនៅក្នុងវាលព្រះមេរុក្នុងពេលបច្ចុប្បន្នថា “ បន្ទាប់ពីថ្វាយព្រះភ្លើងព្រះបរមសពព្រះបាទនរោត្តម សុរាម្រឹត កាលពីឆ្នាំ១៩៦០ សំណង់ត្រូវបានគេរុះរើភ្លាមៗ។ ខ្ញុំមិនយល់ទេ ថាតើហេតុអ្វីវាមិនដូចគ្នា”។
កាលពីសប្តាហ៍មុន ព្រះអង្គម្ចាស់ ធម្មិកោបានមានបន្ទូលថា វាលព្រះមេរុ ដែលគេមិនសូវយកចិត្តទុកដាក់ថែរក្សានេះ បានធ្វើឲ្យប្រទេសកម្ពុជាអាប់ឱនកេរ្តិ៍ឈ្មោះ ហើយអាចជាការបង្ហាញថាខ្វះការគោរពចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី។
នៅថ្ងៃបន្ទាប់ក្រោយពេលការលើកឡើងរបស់ព្រះអង្គ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ បុគ្គលិកបម្រើការនៅក្នុងព្រះបរមរាជវាំងជាច្រើននាក់ត្រូវបានគេឃើញទៅប្រមូលសំរាមចេញពីវាលព្រះមេរុនេះ ហើយស្មៅលម្អត្រូវបានគេស្រោចទឹកឲ្យខៀវស្រងាត់ឡើងវិញ ចំណែកស្មៅមិនបានការត្រូវបានគេដុតកម្ទេចចោល។ កងសន្តិសុខដែលបានយកកន្លែងថ្វាយព្រះភ្លើងនេះ ធ្វើជាកន្លែងស្នាក់នៅ នៅតែប្រចាំការនៅទីនោះ ប៉ុនសំពត់តង់រហែករយ៉េរយ៉ៃដែលពួកគេយកទៅហ៊ុមព័ទ្ធសម្រាប់ធ្វើកន្លែងស្នាក់នៅ ត្រូវបានយកចេញពីទីនោះអស់ហើយ។
ព្រះអង្គម្ចាស់ ធម្មិកោ បានបន្ទូលកាលពីម្សិលមិញថា “ នេះជាដំណឹងល្អ។ កន្លែងនេះ ជាទ្រព្យរបស់ព្រះបរមរាជវាំង ហើយទ្រព្យរបស់ព្រះបរមរាជវាំងគួរតែត្រូវបានរក្សាឲ្យមានសភាពល្អបែបនេះ”៕ស៊ុយឈាង