The Cambodia Daily Khmer

មន្ត្រីនគរបាល​ម្នាក់​និង​ជាង​ជួស​ជុល​ម៉ូតូម្នាក់​រង​របួស​ធ្ងន់​នៅក្នុង​​ការ​ផ្ទុះ​អាវុធ​ដ៏អាថ៌កំបាំង

នគរ​បាល​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរ​បាល​​​ខេត្ត​កណ្តាល​ម្នាក់​និង​ជាងជួស​ជុល​ម៉ូតូ​ម្នាក់​​ត្រូវ​គេ​ប្រទះឃើញ​ហូរ​ឈាម​ដោយ​​សារ​រង​របួស​ធ្ងន់ធ្ង​រដោយ​គ្រាប់​កាំភ្លើង​នៅក្នុង​ផ្ទះ​របស់ជាង​ជួសជុល​ម៉ូតូ​នោះ​នៅក្នុង​រាជ​ធានី​​ភ្នំពេញ​កាល​ពី​រសៀល​ម្សិលមិញ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​អ្នក​ណា​បាន​បាញ់​នៅ​ឡើយ​ទេ។

លោក ឡោ និនណូ នាយ​ប៉ុស្តិ៍នគរ​បាល​សង្កាត់​​បាន​មាន​ប្រសាសន៍ថា បន្ទាប់​ពី​ឮស្នូរ​កាំភ្លើង​ចេញពីផ្ទះ​របស់​ អ៊ុយ សាន់​កិត្យា អាយុ​៣២ឆ្នាំ​ស្ថិត​នៅក្នុង​ខណ្ឌ​មាន​ជ័យ​នៅម៉ោង​ប្រហែល​១និង​៣០នាទី​រសៀល នគរបាល​សង្កាត់​ចាក់​អង្រែ​ក្រោម​បាន​ចូលទៅក្នុង​ផ្ទះ​នោះ​ឃើញ​ សាន់​​កិត្យា និងលោក​វរសេនីយ៍​ត្រី អែល ហាលី អាយុ​៤៤ឆ្នាំ​ដេកដួល​នៅ​លើ​ដី​ ដោយ​​​សាន់កិត្យា ហូរឈាម​ចេញពី​ដៃ​​ខាង​ស្តាំ​ ហើយ​លោកវរសេនីយ៍ត្រី ហាលី ដែល​​ជា​អនុប្រធាន​បុគ្គលិក​នគរបាល​ខេត្ត​កណ្តាល​រងរបួស​ធ្ងន់​ដោយ​គ្រាប់​កាំភ្លើង​បៀម​ជាប់​ត្រង់ពោះ​។

លោក និនណូ បាន​បន្ថែមថា ក្រោយ​មក​កាំភ្លើង​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិម៉ាក​​កា-៥៤​របស់លោក​វរសេនីយ៍ត្រី ហាលី​ដែល​នគរ​បាល​បាន​ចេញ​ឲ្យ​នោះ​ ត្រូវ​បាន​គេ​រកឃើញ​លាក់ទុក​នៅក្នុង​ផ្ទះ​នេះ។

យោង​​តាម​លោក គង់​ សាម៉ុន នាយ​នគរ​បាលព្រហ្មទណ្ឌ​ខណ្ឌ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា បុរស​ទាំង​ពី​រនាក់​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ម​ន្ទីរពេទ្យ​ដោយ​សារ​ស្ថាន​ភាព​ធ្ងន់​ធ្ង​រ​ ហើយ​នគរបាល​កំពុង​រង់ចាំ​សាក​សួរ​ពួកគេ​បន្ទាប់ពី​ស្ថាន​ភាព​ជំងឺ​នៅ​នឹង។ លោក​ គង់ សាម៉ុន បាន​មាន​ប្រសាសន៍ថា “មូល​ហេតុ​នៃការបាញ់​នេះ​មិនទាន់ដឹង​នៅ​ឡើយទេ ដោយសា​រពួកគេ​ទាំង​ពីរ​របួស​ធ្ងន់​ពេក ហើយ​យើង​មិន​អាច​សាក​សួរ​ពួកគេ​បាន​ឡើយ”៕សារុន

Exit mobile version