មន្ត្រីម្នាក់នៅក្រសួងការបរទេសបានឲ្យដឹងកាលពីម្សិលមិញថា អ្នកការទូតជាន់ខ្ពស់ម្នាក់របស់អាមេរិកបានសាទររដ្ឋាភិបាលសម្រាប់ភាពអត់ធ្មត់របស់ខ្លួនក្នុងការដោះស្រាយការតវ៉ាថ្មីៗនេះ ដែលមានការបង្ហូរឈាមកាលពីខែមុន នៅពេលកងរាជអាវុធហត្ថបានបាញ់សម្លាប់មនុស្សប្រាំនាក់ និង ជាង៤០នាក់រងរបួស។
លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក ស្កុតម៉ាសៀល (Scot Marciel ) ជំនួយការលេខាធិការរងការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក របស់ក្រសួងការបរទេស បានលើកសរសើររដ្ឋាភិបាលអំឡុងជំនួបមួយជាមួយលោក ហោ ណំាហុង រដ្ឋមន្ត្រីក្រសួងការបរទេស។
លោក កុយ គួង បានលើកឡើងអំពីការសន្ទនារបស់លោក ម៉ាសៀល ជាមួយលោក ណាំហុង ថា “អាមេរិកបានលើកសរសើររដ្ឋាភិបាលថាមានភាពអត់ធ្មត់បំផុត រហូតដល់មានការបង្កើតតង់។ល។” លោកបានបន្ថែមថា “រដ្ឋាភិបាលកម្ពុជាមានភាពអត់ធ្មត់ដល់កម្រិតអតិបរមា ដូច្នេះអាមេរិកបានថ្កោលទោសបាតុកម្ម ដែលបណ្តាលឲ្យមានហិង្សា”។
លោក ស៊ាន ម៉ាក់គីនតុស (Sean Mclntosh) អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកបានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយសេចក្តីលម្អិតអំពីការសន្ទនារបស់លោក ម៉ាសៀល ជាមួយលោក ហោ ណំាហុង។ លោក ម៉ាក់គីនតុស បានលើកឡើងឆ្លើយតបនឹងសំណួរអំពីការលើកសរសើររដ្ឋាភិបាលក្នុងការដោះស្រាយការតវ៉ាថ្មីៗនេះថា “លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេស អាមេរិកបានបញ្ជូនឯកអគ្គរដ្ឋទូត ស្កុត ម៉ាសៀល មកកាន់តំបន់ទន្លេមេគង្គក្រោម ដើម្បីពិភាក្សាអំពីបញ្ហាបរិស្ថានជុំវិញទន្លេមេគង្គ”។
លោក ម៉ាកគីនតុស បានបន្ថែមថា លោក ម៉ាសៀល នៅក្នុងជំនួបរបស់លោកជាមួយលោក ហោ ណាំហុង បានលើកឡើងវិញថា អាមេរិកបានអំពាវនាវដល់រដ្ឋាភិបាលលប់ចោលការហាមប្រាមមិនឲ្យធ្វើបាតុកម្ម នៅនឹងកន្លែង បន្ទាប់ពីការបង្ក្រាបដោយហិង្សាទៅលើក្រុមប្រឆាំង និងការតវ៉ាការងារចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែមករា។
លោក ម៉ាក់គីនតុស បានឲ្យដឹងថា “ខណៈ ដែលសហរដ្ឋអាមេរិកលើកឡើងថា…វាមានសារសំខាន់ណាស់ថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការប្រមូលផ្តុំ ត្រូវ បានរក្សាកាពារសម្រាប់ប្រជាធិបតេយ្យល្អមួយ ដូច្នេះយើងស្ថិតក្នុងជំហរមួយដែលគួរតែលប់ចោលការហាមប្រាមជាបន្ទាន់”។ លោក ម៉ាសៀល ក៏បានលើកទឹកចិត្តគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះ ជាតិឲ្យបន្តការចចារដើម្បីបំបែកភាពជាប់គាំងនយោបាយ នេះបើយោងតាមលោក ម៉ាក់គីនតុស។
កាលពីថ្ងៃអង្គារ លោក វីលៀម ថុត ឯកអគ្គរដ្ឋទូតអាមេរិកបានចេញអត្ថបទសារព័ត៌មានប្រចាំសប្តាហ៍មួយ ជំរុញឲ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពជារបស់លោក ហ៊ុន សែន ធ្វើការកែទម្រង់ដើម្បីបំបាត់អំពើពុករលួយ និងបក្ខពួកនិយម។ លោក ម៉ាសៀល ក៏បានជួបជាមួយលោក កឹម សុខា មេដឹកនំាគណបក្សសង្គ្រោះជាតិផងដែរកាលពីព្រឹកម្សិលមិញ។
លោក កឹម សុខា បានលើកឡើងថា លោកបាននិយាយជាមួយលោក ម៉ាសៀល អំពីការជាប់គាំងនយោបាយនិងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា៕ប៊ុននី