កម្មកររោងចក្រកាត់ដេរ Golden Plus Textile នៅក្នុងខេត្តកណ្តាលបានធ្វើកូដកម្មឈានចូលដល់ថ្ងៃទី៤ហើយដោយសារមិនទទួលបានប្រាក់ធ្វើការថែមម៉ោងកាលពីម្សិលមិញ ខណៈថៅកែរោងចក្រជាជនជាតិតៃវ៉ាន់បានបដិសេធការអញ្ជើញរបស់មន្ទីរដោះស្រាយវិវាទការងារខេត្តឲ្យចូលទៅពិភាក្សាដោះស្រាយវិវាទនេះ។
កម្មករឈ្មោះ ដួង សុភា អាយុ២៧ឆ្នាំ ដែល បានចូលរួមជាមួយកម្មករប្រហែល៣០០នាក់កាលពីម្សិលមិញធ្វើការតវ៉ានៅខាងក្រៅខ្លោងទ្វាររោងចក្រ បាននិយាយថា “រោងចក្របានរំលោភច្បាប់ការងារដោយសារមិនបើកប្រាក់ថែមម៉ោងឲ្យកម្មករ”។
យោងតាមលោក គិន ស៊ីថន ជាកម្មករម្នាក់ទៀតដែលបានចូលរួមការតវ៉ាដែរនោះបានឲ្យដឹងថា មានកម្មករប្រហែល៦០០នាក់ធ្វើការនៅរោងចក្រ Golden Plus Textile ដែលបានបើកដំណើរការកាលពីខែសីហា និងផលិតសម្លៀកបំពាក់ខូវប៊យសម្រាប់នាំចេញ។ កម្មករឈ្មោះ ស៊ីថន បាននិយាយថា កម្មករក៏បានទាមទារឲ្យបញ្ចប់ការប្រើកិច្ចសន្យារយៈពេលខ្លី និងការបង្ខំឲ្យធ្វើការថែមម៉ោងតទៅទៀត។ ស៊ីថន បាននិយាយទៀតថា “ យើងនឹងធ្វើការតវ៉ារហូតទាល់តែយើងទទួលបានដំណោះស្រាយ ព្រោះរោងចក្របានរំលោភ ច្បាប់ការងារ”។
លោក លឹម សារុំ មន្ត្រីមន្ទីរដោះស្រាយវិវាទការងារខេត្តបានមានប្រសាសន៍ថា លោកបានអញ្ជើញថៅកែរោងចក្រ Golden Plus Textile នេះពីរលើករួចមកហើយឲ្យមកចរចាជាមួយកម្មករ ប៉ុន្តែមិនមានប្រយោជន៍ទេ។ លោកបានមានប្រសាសន៍ថា “ថៅកែរោងចក្រនេះមិនចង់បញ្ចប់បញ្ហាឡើយ”។ គេមិនអាចទាក់ទងអ្នកគ្រប់គ្រងរោងចក្រដើម្បីសុំការអត្ថាធិប្បាយបានទេ៕សារុន