ដោយសារតែមានបង្កប់នូវការប្រើប្រាស់គ្រឿងញៀន ឈុតឆាកក្តៅសាច់និងការប្រើពាក្យអាសអាភាសច្រើននោះ ខ្សែភាពយន្តហូលីវូដថ្មីមួយដែលមានចំណងជើងថា “The Wolf of Wall Streets ” កំពុងតែជួបនឹងបញ្ហារឹតបន្តឹងផ្នែកវប្បធម៌ ហើយឥឡូវនេះអ្នកត្រួតពិនិត្យខាងផ្នែកខ្សែភាពយន្តកំពុងតែពិចារណាថា តើនឹងត្រូវអនុញ្ញាតឲ្យមានការចាក់បញ្ចាំងនៅក្នុងរោងកុននានាក្នុងប្រទេសកម្ពុជាដែរឬក៏អត់។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងតែត្រួតពិនិត្យឡើងវិញ នូវខ្សែភាពយន្តហូលីវូដនេះ ដែលអ្នកទស្សនារំពឹងថា នឹងត្រូវចាក់បញ្ចាំងនៅដើមខែមករានោះ។ ហើយសេចក្តីសម្រេចចុងត្រោយទាក់ទិននឹងថា តើខ្សែភាពយន្តនេះត្រូវកាត់ចំណុចមិនសមគួរចេញនោះ ឥឡូវនេះកំពុងតែស្ថិតនៅក្នុងកណ្តាប់ដៃរបស់មន្ត្រីជាន់ខ្ពស់ បន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកផ្នែកពិនិត្យខ្សែភាពយន្តនៅនាយកដ្ឋានភាពយន្តមិនបានឯកភាពលើកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទមួយ។
លោក ស៊ីន ច័ន្ទសាយ៉ាប្រធានគណៈកម្មាធិការត្រួតពិនិត្យខ្សែភាពយន្តដែលសរសេរនៅក្នុងអ៊ីម៉េលមួយថា “គណៈកម្មាធិការត្រួតពិនិត្យខ្សែភាពយន្ត បានត្រួតពិនិត្យខ្សែភាពយន្តនេះហើយ ប៉ុន្តែគណៈកម្មាធិការមិនអាចអនុម័តបានឡើយ ហើយវាចាំបាច់ត្រូវតែឆ្លងកាត់ការសម្រេចចិត្តពីមន្ត្រីជាន់ខ្ពស់នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ”។ លោកបានបន្ថែមថា “ការដែលមិនអាចអនុម័តបាននេះ ព្រោះថាខ្សែភាពយន្តនេះមានឈុតឆាកក្តៅសាច់ជាច្រើន”។
ភាពយន្តដែលដឹកនាំដោយលោក ម៉ាទីន ស្ករសេស (Martin Scorsese) និងដែលចូលរួមសម្តែងដោយលោក លីអូណាដូ ឌីកាព្រីយ៉ូ (Leonardo DiCaprio) មានឈុតឆាកក្តៅសាច់ជាច្រើន ដូចជា ត្រង់ឈុតខ្លះតួសម្តែងគ្មានសម្លៀកបំពាក់តែម្តង និងមានបង្កប់ទៅដោយការប្រើប្រាស់គ្រឿងញៀន និងការប្រើពាក្យអាសអាភាសជាង៥០០ពាក្យ។ នៅទីក្រុងឌូបៃ ខ្សែភាពយន្តដែលមានរយៈពេលបីម៉ោងនេះត្រូវបានកាត់ចំណុចមិនសមគួរចោលអស់៤៥នាទី។
អ្នកស្រី សុគន្ធតុលា ចន្ត្រា ប្រធានគ្រប់គ្រងផ្នែកចែកចាយនៅក្រុមហ៊ុនសប្បាយ (Sabay MVP) ជាក្រុមហ៊ុនចែកចាយខ្សែភាពយន្តបានមានប្រសាសន៍ថា “ យើងមិនដែលជួបប្រទះស្ថានភាពបែបនេះឡើយទាក់ទិននឹងខ្សែភាពយន្តផ្សេងៗពីមុនមក។ ខ្សែភាពយន្តនេះជាខ្សែភាពយន្តបង្កប់ភាពមិនសមគួរជាច្រើន ហើយមិនមែនជាខ្សែភាពយន្តដែលអ្នកទស្សនាជាច្រើនចង់ទស្សនាប៉ុន្មាននោះទេ”។
អ្នកស្រីបានបន្ថែមថា “ពាក្យមិនសមគួរតែងតែមាននៅក្នុងខ្សែភាពយន្តហូលីវូដជាច្រើន ប៉ុន្តែចំពោះខ្សែភាពយន្តដែលមានចំណងជើងថា “The Wolf of Wall Streets” នេះវិញគឺជាករណីពិសេសមួយ ព្រោះវាមានពាក្យបែបនេះច្រើនពេក”។ អ្នកស្រីបានបន្តទៀតថា “ប្រសិនបើយើងត្រូវគេស្នើឲ្យដកពាក្យអាសអាភាសទាំងអស់ចេញនោះ អ៊ីចឹងវាហាក់បីដូចជាត្រូវបិទសំឡេងនៅក្នុងខ្សែភាពយន្តតែម្តង”។
អ្នកស្រីមិនគិតថា បញ្ហានេះនឹងកើតឡើងនោះទេ ប៉ុន្តែក្រុមហ៊ុនសប្បាយ មានផែនការកាត់ឈុតឆាកមិនសមគួរខ្លះចេញហើយ ដើម្បីធ្វើឲ្យខ្សែភាពយន្តនេះមានឱកាសចាក់បញ្ចាំងនៅក្នុងរោងកុននានា។ នៅលើទំព័រហ្វេសប៊ុករបស់រោងកុន លេជេន មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនបានស្នើឲ្យមានការពន្យារពេលការចាក់បញ្ចាំងខ្សែភាពយន្តនេះ ដែលដំបូងឡើយគេគ្រោងនឹងចាក់បញ្ចាំងនៅក្នុងរោងកុន លេជេន នៅខែមករានោះ។
លោក តាំង វេងហ៊ាង អ្នកគ្រប់គ្រងទូទៅនៅរោងកុនលេជេន បានលើកឡើងថា ប្រសិនបើអ្នកត្រួតពិនិត្យខ្សែភាពយន្តនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈអនុញ្ញាតនោះ រោងកុនរបស់លោកនឹងនៅតែមានផែនការចាក់បញ្ចាំងខ្សែភាពយន្តនេះ។ លោកបានមានប្រសាសន៍ ដោយសំដៅទៅលើអតិថិជនរបស់លោកថា “ពួកគាត់ចង់ឃើញរបៀបរស់នៅប្លែកៗ។ វាជារឿងល្អប្រសើរសម្រាប់រោងកុន ប្រសិនមានឱកាសចាក់បញ្ចាំងខ្សែភាពយន្ត ‘The Wolf of Wall Streets ’ នេះ”៕ស៊ុយឈាង
Report by: Emily Wilkins