ចោរប្លន់មួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីមួយដើម និងកំាភ្លើងវែងអាកា៤៧មួយដើម បានបាញ់ទៅលើអាជីវករលក់មាសបីនាក់ បណ្ដាលឲ្យរងរបួសនៅផ្សារព្រែកតាមាក់ ក្នុងខេត្តកណ្ដាលកាលពីថ្ងៃអង្គារ ដោយប្រមូលបានមាស និងសាច់ប្រាក់សរុបជាង៨១.០០០ដុល្លារ នេះបើយោងតាមនគរបាលក្នុងមូលដ្ឋានបានលើកឡើងកាលពីម្សិលមិញ។
លោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាលបានមានប្រសាសន៍ថា ក្រុមចោរប្លន់ ដែលមានគ្នាពីបួនទៅប្រាំនាក់បានមកដល់ផ្សារព្រែកតាមាក់ នៅម៉ោង៦ និង៣០នាទីល្ងាច រួចក៏ធ្វើសកម្មភាពប្លន់តូបលក់មាសមួយ ហើយបានផ្ទុះអាវុធសរុបចំនួន១០គ្រាប់។ លោកបានមានប្រសាសន៍បន្ថែមទៀតថា បន្ទាប់ពីការបាញ់ប្រហារ ក្រុមចោរប្លន់បានគេចខ្លួនជាមួយនឹងមាស២៣តម្លឹង (មានតម្លៃប្រហែល៣៦.៨០០ដុល្លារ) ប្លាទីនចំនួន២៥តម្លឹង (មានតម្លៃប្រហែល៤១.៩០០ដុល្លារ) ប្រាក់ដុល្លារចំនួន៦.០៥០ដុល្លារ និងប្រាក់រៀលចំនួន១០លានរៀល (ប្រហែល២.៥០០ដុល្លារ)។ ជនរងគ្រោះទាំងបីនាក់មានឈ្មោះដូចជា ភឿន ស្រឿន អាយុ៤១ឆ្នាំ ត្រូវគ្រាប់ជើងខាងស្ដាំ ប្អូនថ្លៃរបស់គាត់ឈ្មោះ ឡាង ណារិន អាយុ២៧ឆ្នាំ ត្រូវគ្រាប់ជើងខាងឆ្វេង និងឈ្មោះ ប៉ោ សុគន្ធារី អាយុ២៧ឆ្នាំត្រូវគ្រាប់ចំស្មា។ ជនរងគ្រោះទាំងបីនាក់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ លោកអធិការរងស្រុកខ្សាច់កណ្ដាល អ៊ុន យ៉ុង បានមានប្រសាសន៍ថា “ខ្មាន់កាំភ្លើងទាំងនោះកំពុងគេចខ្លួននៅឡើយ ប៉ុន្តែនគរបាលស្រុករបស់យើងកំពុងសហការជាមួយនគរបាលខេត្តកណ្ដាលដើម្បីតាមវែកមុខជនសង្ស័យទាំងនោះ”៕ សុខុម