កាលពីថ្ងៃសុក្រព្រះតេជគុណ លួន សុវ៉ាត ដែលជាសកម្មជនជាព្រះសង្ឃដ៏ល្បីឈ្មោះនិងសមាជិកសភាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិមួយរូប បានចែកអង្ករនិងប្រាក់ដែលទទួលបានការឧបត្ថម្ភពីបងប្អូនខ្មែររស់នៅប្រទេសបារាំងនិងប្រទេសកាណាដា ទៅឲ្យក្រុមគ្រួសារដែលរងផលប៉ះពាល់និងជាប់ទាក់ទិននៅជម្លោះដីធ្លីដ៏រុាំរ៉ៃនិងការតវ៉ានៅក្នុងរាជធានីភ្នំពេញ។
ដោយមានសង្ឃដីកានៅក្នុងពិធីមួយក្នុងវត្តសាមគ្គីរង្សី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះតេជគុណ លួន សុវ៉ាត បានប្រើព្រឹត្តិការណ៍ នេះដើម្បីរិះគន់គោលនយោបាយដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដោយរំឭកអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះកុំឲ្យភ្លេចយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៣ ដែលបានអំពាវនាវឲ្យអ្នកបោះឆ្នោត “អាណិត ស្រឡាញ់ និង ជឿទុកចិត្ត” លើគណបក្សកាន់អំណាច ព្រះតេជគុណបានមានសង្ឃដីកាបន្ថែមថា “ប្រសិនបើអស់លោកអាណិត និងស្រឡាញ់ខ្ញុំ សូមកុំបាញ់និងរំលោភយកដីធ្លីរបស់ខ្ញុំអី”។
ព្រះតេជគុណ លួន សុវ៉ាត បានមានសង្ឃដីកាទៅកាន់មនុស្សជាង១៧០នាក់ពីសហគមន៍បុរីកីឡា និងសហគមន៍បឹងកក់ព្រមទាំងក្រុមគ្រួសាររបស់មនុស្សទាំង២៣នាក់ដែលត្រូវបានឃុំខ្លួន អំឡុងការតវ៉ារបស់កម្មកររោងចក្រកាត់ដេរកាលពីខែមុនថា “ប្រទេសកម្ពុជាសព្វថ្ងៃ គ្មានច្បាប់រដ្ឋ គ្មានការគោរពសិទ្ធិមនុស្សទេ ព្រោះវាគឺជាលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ”។ លុយសុទ្ធនិងអង្ករប្រហែល៤.០០០ដុល្លារ ត្រូវបានចែកនៅក្នុងព្រឹត្តិការណ៍នោះ។
អ្នកស្រី កាន សំនៀង អាយុ២៤ឆ្នាំដែលប្តីរបស់គាត់ឈ្មោះ គឹម ផលលៀម អាយុ ២៦ឆ្នាំត្រូវគ្រាប់ស្លាប់ អំឡុងការតវ៉ានៅផ្លូវវេងស្រេង កាលពីថ្ងៃ៣ ខែមករា ទទួលបានប្រាក់ចំនួន៨០ដុល្លារ។
អ្នកស្រីបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានទទួលអំណោយនេះ ព្រោះខ្ញុំមិនដែលទទួលបានអំណោយពីរដា្ឋភិបាលឡើយ បន្ទាប់ពីប្តីរបស់ខ្ញុំស្លាប់មក”។
លោក ឡុងរី សមាជិកសភាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់មន្ត្រីរដ្ឋាភិបាលថា “ បានបណ្តេញពលរដ្ឋចេញពីផ្ទះសំបែងនិងបាញ់សម្លាប់មនុស្ស”៕ ស៊ុយឈាង