ដោយសារមានជំងឺខ្វិនតាំងពីកំណើត ក្មេងប្រុស ឈិន ស៊ីវង្ស អាយុ៥ឆ្នាំ មានបញ្ហាពិបាកដើរ ឈរ និងលើកដៃ ប៉ុន្តែវាក៏ត្រូវពុះពារជម្នះនឹងបំណិនចលករ ដែលកាន់តែមានសារៈសំខាន់ជាងនេះទៅទៀតផងដែរនោះគឺការលេបអាហារចូលទៅក្នុងពោះ។
អំឡុងពេលវាមានអាយុមួយខួប ក្មេងប្រុសតូចនេះបានចាប់ផ្ដើមមានបញ្ហាពិបាកទទួលទានអាហាររឹង ដែលតែងតែធ្វើឲ្យក្រុមគ្រួសាររបស់វាពិបាកចិត្ត។
ម្ដាយមីងរបស់វា ឈ្មោះ ព្រំ ណាន អាយុ២៧ឆ្នាំ ដែលជាអ្នកមើលថែ ឈិន ស៊ីវង្ស នៅពេលឪពុកម្ដាយរបស់វាទៅធ្វើការ បាននិយាយថា “យើងបានសង្កេតឃើញវាមានបញ្ហាពិបាកទទួលទាន ឬលេបអាហារចូលទៅក្នុងពោះ នៅពេលវាមានអាយុមួយខួប។ ភាគច្រើនវាយំនៅពេលវាចាប់ផ្ដើមទទួលទាន អាហារឬលេបអាហារចូលទៅក្នុងពោះ”។
បញ្ហារបស់ពួកគេគឺជារឿងមួយដែលកើតឡើងយ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើលនៅទូទាំងប្រទេសកម្ពុជា។ កាលពីខែកញ្ញា អង្គការកសាងសមត្ថភាពរបស់ជនពិការនៅក្នុងសហគមន៍ហៅកាត់ថា Cabdico ដែលជាអង្គការក្រៅរដ្ឋាភិបាល បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយដោយប៉ាន់ប្រមាណថា ជំងឺពាក់ព័ន្ធនឹងការទំនាក់ទំនង និងការលេបអាហារចូលទៅក្នុងពោះ កើតមានលើប្រជាពលរដ្ឋកម្ពុជាចំនួន៥៣៦.០០០នាក់។ ប៉ុន្តែទោះបីជាជំងឺទាំងនេះកើតឡើងញឹកញាប់យ៉ាងណាក៏ដោយ ក៏អ្នកកើតជំងឺនេះពិបាកនឹងស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវណាស់។
យោងតាមអង្គការ Cabdico បានឲ្យដឹងថា បញ្ហាពិបាកលេប និងការទទួលទានចំណីអាហារដែលផ្នែកវេជ្ជសាស្ត្រគេស្គាល់ថា ជំងឺពិបាកហូបចុក (Disphagia) ក៏អាចកើតមានលើកុមារដែលមានពិការភាពរហូតដល់ទៅ៧០ភាគរយផងដែរ។ ជំងឺនេះក៏អាចធ្វើឲ្យអ្នកដែលកើតជំងឺនេះប្រឈមនឹងការស្លាប់មុនអាយុច្រើនជាងធម្មតាដល់ទៅ១៣ដង ប្រសិនបើពួកគេមិនទទួលការព្យាបាលទេ។
លោក Weh Yeoh អ្នកប្រឹក្សាយោបល់មួយរូបនៅអង្គការ Cabdico បានមានប្រសាសន៍ ថា “នេះ គឺដោយសារតែពួកគេប្រឈមនឹងហានិភ័យនៃការបូមយក Gav ឬវត្ថុរាវចូលទៅក្នុងសួត ហើយបើដូច្នេះ នឹងបង្កឲ្យមានទំងឺហើមសួត”។
លោកបានមានប្រសាសន៍ទៀតថា បញ្ហាពិបាកលេបអាហារកើតមានភាគច្រើនលើកុមារដែលពិការខួរក្បាល ហើយពិការភាពកើតមានភាគច្រើនជាងគេនៅក្នុងចំណោមកុមារ។
ជំងឺពិបាកលេបអាហារដែលជាធម្មតាទទួលបានការព្យាបាលពីអ្នកជំនាញខាងព្យាបាលបញ្ហាពិបាកនិយាយស្ដី ក៏អាចកើតមានលើកុមារឬមនុស្សពេញវ័យ ដែលមានជំងឺអន់បញ្ញាស្មារតី ជំងឺសរសៃប្រសាទ ឆែបបបូរមាត់ និងជំងឺសាច់ដុំផ្សេងទៀតផងដែរ។
អ្នកស្រី ព្រំ ណាន និយាយពីផ្ទះរបស់ពួកគេនៅក្នុងស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ថា គ្រួសាររបស់កុមារា ឈិន ស៊ីវង្ស មិនដឹងជាត្រូវជួយវាដោយរបៀបណាទេ ក្រៅតែពីឲ្យអាហារទន់ៗសម្រាប់វាទទួលទានដូចជា បបរ និងផ្លែឈើកិនជាដើម។
ប៉ុន្តែពេលនេះបញ្ហារបស់ពួកគេនិងបញ្ហារបស់គ្រួសារផ្សេងៗទៀតកំពុងត្រូវបានដោះស្រាយហើយ។
នៅឯមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្នុងក្រុងតាខ្មៅ កាលពីសប្ដាហ៍មុន ប្រជាពលរដ្ឋមួយក្រុមតូចបានចូលរួមនៅក្នុងកម្មវិធីព្យាបាល ការពិបាកលេបអាហារ និងការទទួលទានចំណីអាហារ ដោយមានជំនួយពីអាហារពីរចានដែលមានដំឡូងចៀន នំស្រួយ និងចាហួ៊យកែវតូចៗ។
សិក្ខាកាមម្នាក់ៗ “ក្នុងចំណោមសិក្ខាកាម១០នាក់នៅក្នុងសិក្ខាសាលារយៈពេលបួនថ្ងៃ ដែលរៀបចំឡើងដោយអង្គការ Cabdico នឹងត្រូវបញ្ជូនទៅកាន់សហគមន៍នានាទូទាំងប្រទេស ដើម្បីជួយដល់គ្រួសារនានាដូចគ្រួសាររបស់កុមារា ឈិន ស៊ីវង្ស ដែរ ដោយបង្ហាត់បង្រៀនពួកគេពីរបៀបហ្វឹកហាត់សាច់ដុំប្រើសម្រាប់លេបអាហារ និងរបៀបកុមារនិងមនុស្សពេញវ័យដែលមានពិការភាពពីវិធីសម្របឥរិយាបថ ខណៈពេលទទួលទានអាហារដើម្បីធ្វើឲ្យការលេបអាហារកាន់តែងាយស្រួល”។
លោក Weh Yeoh បានមានប្រសាសន៍ថា “គោលបំណងធំជាងគេនៃកម្មវិធីនេះ គឺដើម្បីអភិវឌ្ឍការព្យាបាលអ្នកមានបញ្ហានិយាយស្ដី។ ថ្វីបើមានតម្រូវការយ៉ាងខ្លាំងនូវសេវាសង្គ្រោះអាយុជីវិតទាំងនេះក្ដី ក៏បច្ចុប្បន្នមិនទាន់មានអ្នកជំនាញកម្ពុជាខាងព្យាបាលអ្នកមានបញ្ហាពិបាកនិយាយស្ដី ទទួលបានការបណ្ដុះបណ្ដាលនៅតាមសាកលវិទ្យាល័យនោះទេ”។
ដោយប្រើប្រាស់ការបណ្ដុះបណ្ដាលតាមបទពិសោធរបស់លោកនៅក្នុងជំនាញព្យាបាលអ្នកមានបញ្ហាពិបាកនិយាយស្ដី វេជ្ជបណ្ឌិត ហុង ជា អ្នកគ្រប់គ្រងកម្មវីធីមួយទទួលបន្ទុកកម្មវិធីផ្ដល់សេវាអភិវឌ្ឍន៍ពិការភាពនៅមជ្ឈមណ្ឌលកម្ពុជា ដើម្បីអង្កេតតាមដានសុខភាពផ្លូវចិត្តរបស់មនុស្ស ពេញវ័យ បានបង្រៀនសិក្ខាកាម ដែលចូលរួមនៅក្នុងសិក្ខាសាលានេះពីរបៀបរកឲ្យឃើញបញ្ហាពិបាកទទួលទាននិងពីមូលហេតុអ្វីបានជាការទទួលទាននិងការលេបអាហារប្រកបដោយសុវត្ថិភាពសំខាន់ប៉ុណ្ណា។
វេជ្ជបណ្ឌិត ហុង ជា មានប្រសាសន៍ថា មានករណីជាច្រើន ដែលគ្រួសារនានាដែលមិនយល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ហើយព្យាយាមនិងបង្ខំកូនៗរបស់ខ្លួនឲ្យទទួលទាន។
លោកបានមានប្រសាសន៍ថា “សម្រាប់កុមារដែលមានពិការភាពដូចជា ជំងឺសរសៃប្រសាទ ជំងឺអន់បញ្ញាស្មារតី និងជំងឺពិការខួរក្បាល ពួកគេភាគច្រើនមានបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់សាច់ដុំ”។
កុមារខ្លះដែលមានបញ្ហាពិបាកលេបអាហារក៏ពិបាកនឹងឡើងទម្ងន់ដែរ ពីព្រោះពួកគេមិនព្រមបើកមាត់ទទួលយកអាហារបណ្ដាលឲ្យពួកគេបរិភោគអាហារមិនគ្រប់គ្រាន់។
លោកបានមានប្រសាសន៍ថា រឿងសំខាន់បំផុត ដែលគ្រួសារមួយអាចសិក្សាស្វែងយល់បាន គឺសិក្សាពីរបៀបផ្ដល់ចំណីអាហារប្រកបដោយសុវត្ថិភាពដល់កូនៗរបស់ពួកគេ ហើយវាមិនគ្រាន់តែរាប់បញ្ចូលអាហារអ្វីខ្លះ ដែលស័ក្ដិសមនោះទេ ប៉ុន្តែក៏ឲ្យមានការយល់ដឹងពីឥរិយាបថបែបណាដែលកូនរបស់ពួកគេគួរធ្វើនៅពេលទទួលទានអាហារ។
លោកស្រី ជា ភារុំ ដែលជាមន្ត្រីស្ដារនីតិសម្បទាមួយរូបរបស់អង្គការ Cabdico ប្រចាំសហគមន៍ចាប់តាំងពីឆ្នាំ២០០៦មក គឺជាសិក្ខាកាមមួយរូបនៅក្នុងចំណោមសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាកាលពីសប្ដាហ៍មុន។ លោកស្រីមានប្រសាសន៍ថា “ខ្ញុំបានធ្វើការងារពាក់ព័ន្ធនឹងកុមារពិការអស់រយៈពេលជាយូរមកហើយ ហើយពួកគេភាគច្រើនមានបញ្ហាហូបចុក និងលេបចំណីអាហារ”។
លោកស្រីនិយាយថា “គ្រួសារខ្លះ ដែលមានកូនកើតជំងឺពិការខួរក្បាល ឬជំងឺអន់បញ្ញាស្មារតីជាដើម គ្មានប្រភេទអាហារសមស្របគ្រប់គ្រាន់សម្រាប់កុមារទាំងនេះទេ។ នៅក្នុងសហគមន៍ទាំងនេះ ឪពុកម្ដាយខ្លះមិនដឹងពីរបៀបទប់ស្កាត់កុំឲ្យកូនៗមានបញ្ហាទេ ដូចជាបញ្ហាសួតជាដើម ដូច្នេះពួកគេនឹងស្លាប់។ [ពេលនេះ] យើងអាចជួយគ្រួសារនានាឲ្យយល់ដឹងពីរបៀបជួយ។ ពួកគេនឹងផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួន”។
នៅក្នុងខេត្តសៀមរាប ម្ដាយមីងរបស់កុមារា ឈិន ស៊ីវង្ស មានអាម្មណ៍សប្បាយចិត្តដែលគ្រួសារនេះនឹងសិក្សាជំនាញថ្មីៗស្ដីពីរបៀបមើលថែទាំកុមារនេះ។
អ្នកស្រីនិយាយថា “យើងមិនយល់ពីបញ្ហាពិបាកលេប និងបញ្ហាទទួលទានអាហារទាំងនេះទេ។ ពេលខ្លះខ្ញុំសួរខ្លួនឯងថា តើជាតិមុនវាមានកម្មអាក្រក់អ្វីខ្លះ បានជាជាតិនេះធ្វើឲ្យវាពិបាកដើរ និងទទួលទានអាហារបែបនេះ”៕ សុខុម
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)