គេហទំព័រព័ត៌មានថ្មីៗ និងស្ថានីយវិទ្យុស្ត្រី FM១០២ កាលពីម្សិលមិញ បានប្រកាសសហការគ្នា ហើយមានអ្នកកាសែតមកពីប្រព័ន្ធផ្សព្វផ្សាយទាំងពីររួមកម្លាំងគ្នាបង្កើតព្រឹត្តិបត្រព័ត៌មានពេលល្ងាចសម្រាប់ផ្សាយរៀងរាល់ថ្ងៃចាប់ពីថ្ងៃស្អែកនេះទៅ។
លោក គី សុខលីម និពន្ធនាយករងនៅគេហទំព័រថ្មីៗបានមានប្រសាសន៍ថា “គំនិតរបស់យើងគឺព័ត៌មានកម្ពុជាឯករាជ្យ សរសេរដោយខ្មែរ និងសម្រាប់ខ្មែរ ហើយវិទ្យុស្ត្រីFM១០២អាចផ្សាយទៅដល់ប្រជាពលរដ្ឋភាគច្រើននៅតាមតំបន់ដាច់ស្រយាល។ យើងនឹងផ្សាយព័ត៌មានរយៈពេលមួយម៉ោងនៅម៉ោង៥ល្ងាចជារៀងរាល់ថ្ងៃ និងផ្សាយព័ត៌មានរយៈពេល៥នាទីរៀងរាល់មួយម៉ោងម្តង ដូចវិទ្យុ BBC ដែរ”។
គេហទំព័រថ្មីៗ គឺជាគេហទំព័រព័ត៌មានឯករាជ្យដែលបានបង្កើតឡើងកាលពីពីរឆ្នាំមុនដោយអតីតអ្នកឆ្លើយឆ្លងព័ត៌មានមួយក្រុមរបស់វិទ្យុបារាំងអន្តរជាតិ និងកំពុងព្យាយាមផ្តល់ជម្រើសមួយទៀតបន្ថែមពីលើសារព័ត៌មានជាភាសាខ្មែរដែលភាគច្រើនគាំទ្រគណបក្សប្រជាជនកម្ពុជានៅកម្ពុជា។
លោក គួច មេ៉ងលី ដែលមានងារជាឧកញ៉ា មានភាគហ៊ុន៤៩ភាគរយនៅក្នុងគេហទំព័រថ្មីៗ និងមានគម្រោងធំសម្រាប់ព័ត៌មាននៅកម្ពុជា។
នៅសប្តាហ៍នេះ លោក គួច ម៉េងលី អាយុ៤៤ឆ្នាំ ជាវេជ្ជបណ្ឌិតសិក្សានៅអាមេរិក នាយកសាលាអន្តរទ្វីបអាមេរិកកាំង ស្ថាបនិកមន្ទីរទេព្យសាកលវិទ្យាល័យ គួច ម៉េងលី និងជានាយកប្រតិបត្តិហាងកាហ្វេ Paul’s Brewhouse Coffee ក៏បានធ្វើជាអធិបតីនៅក្នុងការចុះកិច្ចព្រមព្រៀងបោះពុម្ពសារព័ត៌មានថ្មីៗជាភាសាជប៉ុន និងភាសាបារាំងផងដែរ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា “មានជនជាតិបារាំងជាច្រើននៅកម្ពុជា និងមានជនជាតិជប៉ុនច្រើននៅក្នុងប្រទេសថៃ និងនៅទូទាំងអាស៊ីដែលត្រៀមខ្លួនមករកសីុនៅកម្ពុជា”។ លោកបានបន្ថែមថា លោកសង្ឃឹមថា នឹងចាប់ផ្តើមផ្សាយតាមអីុនធើណិតទាំងពីរភាសានៅខែមេសាខាងមុខនេះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងអាចទទួលបានព័ត៌មានច្រើនសម្រាប់ពួកគេតាមអីុនធើណិត ពួកគេទំនងជានឹងចូលមកប្រទេសកម្ពុជា”។
បន្ថែមពីលើសាលារៀន មន្ទីរពេទ្យ និងភោជនីយដ្ឋាន លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏មានតួនាទីជាទីប្រឹក្សានៅទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ប៉ុន្តែ លោកមិនមានជម្លោះផលប្រយោជន៍ជាមួយតួនាទីរបស់លោកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទេ។
លោកបានមានប្រសាសន៍ថា “មនុស្សមួយចំនួននិយាយថា ខ្ញុំពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ នោះមិនមែនមានន័យថា ខ្ញុំយល់ស្របតាមគោលនយោបាយ ច្បាប់ឬបទប្បញ្ញត្តិទាំងអស់ទេ”។
លោកបានមានប្រសាសន៍ថា “ខ្ញុំជាអតីតសមាជិកក្រុមប្រឹក្សានាយកនៃអង្គការតម្លាភាពកម្ពុជា។ ការជាប់ពាក់ព័ន្ធរបស់ខ្ញុំជាមួយគណបក្សមិនធ្វើឲ្យប៉ះពាល់ដល់យោបល់ និងការគិតរបស់ខ្ញុំទេ។ សម្រាប់ខ្ញុំ ខ្ញុំគិតអំពីខ្លួនខ្ញុំ ហើយខ្ញុំនិយាយតាមការគិតរបស់ខ្ញុំ”។
លោក សុខលីម និពន្ធនាយករងគេហទំព័រ ថ្មីៗដែលនិយាយថា អ្នកកាសែតរបស់លោកគឺជាអ្នកកាសែតដែលគួរឲ្យគោរពបំផុត អព្យា ក្រឹត និងឯករាជ្យនៅក្នុងប្រទេសកម្ពុជានោះបានមានប្រសាសន៍ថា បទវិភាគរបស់គេហទំព័រថ្មីៗមិនមានការជ្រៀតជ្រែកទេ។
លោក សុខលីម បានមានប្រសាសន៍ថា “វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាទីប្រឹក្សានៅទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែ លោកគឺជាពាណិជ្ជករដែលមានការងារជាច្រើន។ នេះគ្រាន់តែជាការងារមួយទៀតតែប៉ុណ្ណោះ។ នៅពេលដែលគាត់នៅជាមួយយើង គាត់ត្រូវតែគោរពក្រមសីលធម៌របស់អ្នកកាសែត។បទវិភាគគឺជារបស់ខ្ញុំ។ នេះគឺជាគោលជំហរខ្ញុំ”៕គឹមហឿន