ក្រុមហ៊ុនសម្លៀកបំពាក់ ហ្គ្រេន ធ្វីន អុីនធ័រណេសិនណល (ខេមបូឌា) ភីអិលស៊ី [Grand Twins International (Cambodia) Plc.] ដែលជាក្រុមហ៊ុនកាត់ដេរខោខ្លី ខោវែង អាវធំ ឈុត ហែលទឹក និងអាវយឺត សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនកីឡាសហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយ នឹងចាប់ផ្តើមសិក្សាតម្រូវការវិនិយោគិន ដើម្បីកំណត់តម្លៃភាគហ៊ុនរបស់ខ្លួន សម្រាប់បើកលក់ជាសាធារណៈលើកដំបូង ដែលជាផ្នែកមួយនៃដំណាក់កាលចុងក្រោយក្នុងការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ក៏ប៉ុន្តែ កាលបរិច្ឆេទចុះបញ្ជីជាផ្លូវការមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
នៅពេលចុះបញ្ជីរួម ក្រុមហ៊ុន ហ្គ្រេន ធ្វីន នឹងក្លាយទៅជាក្រុមហ៊ុនទី២ដែលត្រូវបានចុះបញ្ជី តាំងពីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១២ ដែលមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាក្រុមហ៊ុនរដ្ឋដំបូងគេដែលបានប្រកាសលក់ភាគហ៊ុនជាសាធារណៈលើកដំបូង។
លោក ឡាមុន សូលែល (Lamun Soleil) នាយករងទទួលបន្ទុកផ្នែកប្រតិបត្តិការទីផ្សារ នៅផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា “ ដំណើរការនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៧ សម្រាប់រយៈពេលពីរសប្តាហ៍ ហើយនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមីនា ។កាលបរិច្ឆេទពិតប្រាកដសម្រាប់ចុះបញ្ជីក្រុមហ៊ុននេះមិនទាន់កំណត់នៅឡើយ”។
លោក សូលែល បានឲ្យដឹងទៀតថា នៅពេលដំណើរការនេះបញ្ចប់ ពោលគឺដំណើរការប៊ុកបៀលឌីងចប់រួចរាល់ ក្រុមហ៊ុនមូលបត្រភ្នំពេញ នឹងចាប់ផ្តើមប្រមូលទិន្នន័យ និងកំណត់តម្លៃភាគហ៊ុន។
លោកបានមានប្រសាសន៍ទៀតថា “ រយៈពេលពីរសប្តាហ៍បន្ទាប់ពីការដេញថ្លៃ និងការកំណត់តម្លៃអាយភីអូ និងមានដំណើរការដាក់ពាក្យទិញភាគហ៊ុនដែលវិនិយោគិនត្រូវចុះហត្ថលេខា និងអនុវត្តតាមកិច្ចសន្យា ហើយបន្ទាប់មក រយៈពេលពីរសប្តាហ៍មកទៀត ការបរិច្ឆេទចុះបញ្ជីអាចនឹងត្រូវបានកំណត់”។
យោងតាមគេហទំព័របស់ក្រុមហ៊ុនមូលបត្រភ្នំពេញបានឲ្យដឹងថា ក្រុមហ៊ុន ហ្គ្រេន ធ្វីន កំពុងស្វែងរកការដាក់ពាក្យទិញភាគហ៊ុនយ៉ាងតិច១.០០០ហ៊ុន ក្នុងតម្លៃពី១,៨០ដុល្លារទៅ៣,៥ដុល្លារ។ សេចក្តីប្រកាសក្នុងគេហទំព័រនោះក៏បានឲ្យដឹងទៀតថា លទ្ធផលនៃដំណើរការប៊ុកបៀលឌីងនឹងត្រូវបានប្រកាសនៅថ្ងៃទី៣ ខែមេសាខាងមុខ។
លោក សូលែល បានលើកឡើងបន្តថា ក្រោយពេលក្រុមហ៊ុន ហ្គ្រេន ធ្វីន ចុះបញ្ជីលោករំពឹងថា ក្រុមហ៊ុនជាច្រើនទៀតនឹងចុះបញ្ជីតាមនេះផងដែរ។
លោកបានមានប្រសាសន៍ថា “ យើងចង់ឃើញក្រុមហ៊ុនជាច្រើនទៀតចុះបញ្ជីនៅពេលឆាប់ៗនេះ។ រយៈពេលជិតពីរឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនកំពុងរៀបចំដំណើរការចុះបញ្ជី។ យើងមានក្រុមហ៊ុនជាច្រើនទៀតកំពុងរៀបចំចុះបញ្ជី”។
គេហទំព័ររបស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន បានបញ្ជាក់ថា ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុង១៩៩៧ និងផលិតសម្លៀកបំពាក់ទុកផ្គត់ផ្គង់ឲ្យក្រុមហ៊ុនកីឡានៅអាមេរិករួមមាន ក្រុមហ៊ុន អេឌីដាស់ (Adidas) រីកបក់ (Reebok) និងក្រុមហ៊ុនសាឡូមុន (Salomon) ជាដើម។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុន ហ្គ្រេន ធ្វីន មានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ក្នុងរាជធានីភ្នំពេញ ហើយម្ចាស់របស់ក្រុមហ៊ុននេះមកពីតំបន់ Virgin Islands របស់ចក្រភពអង់គ្លេស។
លោក ភួង វុទ្ធី មន្ត្រីទំនាក់ទំនងក្រុមហ៊ុន ហ្គ្រេន ធ្វីន មិនបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទរបស់អ្នកសារព័ត៌មានទេ៕ សុធា