សមាគមអ្នកថតរូបកម្ពុជា (The Cambodian Photographers Association) ហៅកាត់ថា CPA បានបង្កើតសៀវភៅមួយក្បាលមាន១៩២ទំព័រ ជូនដល់លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរៀបរាប់់លម្អិតអំពីប្រវត្តិរូបផ្ទាល់ខ្លួន និងទស្សនវិទ្យារបស់លោកស្រី រ៉ានី តាមរយៈរូបថតដ៏រលោងជាច្រើន។
សៀវភៅមានចំណងជើងថា “ស្ត្រីទី១នៃកម្ពុជា” និងកែសម្រួលដោយលោក កែវ នួន អគ្គលេខាធិការសមាគមអ្នកថតរូបកម្ពុជា ផ្តោតភាគច្រើនទៅលើរូបភាពរបស់លោកស្រី រ៉ានី ពេលធ្វើដំណើរទូទាំងប្រទេសជាមួយលោក ហ៊ុន សែន ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះដោយសារគ្រោះធម្មជាតិក្នុងឋានៈលោកស្រីជាប្រធានកាកបាទក្រហមកម្ពុជា។
លោក កែវ នួន ពន្យល់ថា សៀវភៅនេះ “មានគោលបំណងបង្ហាញគំរូវីរភាពរបស់ស្ត្រីកម្ពុជាម្នាក់ ដែលបានលះបង់ខ្លួនដើម្បីបុព្វហេតុសុខុមាលភាពសង្គម វិបុលភាពនៃមាតុភូមិ និងសុខុមាលភាពមនុស្សធម៌ទាំងមូល” និងបង្ហាញពីទស្សនៈរបស់លោកស្រីជុំវិញដំណើរជីវិតរបស់មនុស្ស។
នៅខាងក្រោមរូបថតរបស់ស្ត្រីទី១ស្លៀកពាក់សម្លៀកបំពាក់កសិករ និងកាន់កណ្តាប់ស្រូវ សម្តីដកស្រង់មួយសំដៅចំពោះលោកស្រី រ៉ានី មានខ្លឹមសារថា “ភាពក្រីក្រកើតនៅគ្រប់ប្រទេសក្នុងពិភពលោក មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ”។
លោក កែវ នួន ដែលបានផលិតសៀវភៅប្រហាក់ប្រហែលគ្នាមួយអំពីលោក ហ៊ុន សែន ក្នុងឆ្នាំ២០១១ បានឲ្យដឹងថា ទាំងលោកស្រី រ៉ានី និងកាកបាទក្រហមរបស់លោកស្រី បានចេញការចំណាយការផលិតសៀវភៅមានរាងដូចតុកាហ្វេដ៏ធំ។ លោកបានមានប្រសាសន៍ថា “ដំណើរការបោះពុម្ពផ្សាយលើកទី១ មានចំនួន២.០០០ក្បាល ហើយត្រូវបានចែកចាយក្នុងចំណោមការិយាល័យកាកបាទក្រហមខេត្តក្នុងទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃសៅរ៍”។ លោកបានឲ្យដឹងថា ថ្លៃចំណាយលើការផលិតសៀវភៅមួយក្បាល គឺប្រហែល២០ដុល្លារ។
លោកមានប្រសាសន៍ថា “ មូលនិធិភាគច្រើនសម្រាប់ការបោះពុម្ពត្រូវបានឧបត្ថម្ភដោយលោកជំទាវធំ [លោកស្រី ប៊ុនរ៉ានី]…ហើយខ្ញុំបានចំណាយពេលជាងមួយឆ្នាំដើម្បីចងក្រងសៀវភៅនេះឡើង ហើយយប់ខ្លះធ្វើការរហូតដល់ម៉ោង១រំលងអាធ្រាត្រ”។ ក្នុងផ្នែកខ្លះដែលគ្មានរូបថត សៀវភៅនេះក៏លើកឡើងពីប្រវត្តិជួបគ្នារវាងលោកហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី នៅក្នុងឆ្នាំ១៩៧៤ផងដែរ។
សៀវភៅនេះរំឭកថា មិនយូរប៉ុន្មានបន្ទាប់ពីព្រឹត្តិការណ៍ផ្តួលរំលំព្រះអង្គម្ចាស់ នរោត្តម សីហនុ ក្នុងឆ្នាំ១៩៧០ លោកស្រី រ៉ានី ក្នុងវ័យជំទង់បានភៀសខ្លួនចូលព្រៃម៉ាគីជាមួយខ្មែរក្រហម បន្ទាប់ពីប្រាប់ឪពុកម្តាយរបស់លោកស្រីថា លោកស្រីទៅបេះផ្លែត្រប់នៅវាលមួយ។
លោកស្រីបានទទួលការបំពាក់បំប៉នខាងវិជ្ជាពេទ្យរយៈពេលប្រាំមួយខែនៅក្នុងអង្គភាពប្រយុទ្ធមួយ មុនពេលចាត់តាំងឲ្យទៅធ្វើការនៅមន្ទីរពេទ្យមួយក្នុងខេត្តកំពង់ចាម។ លោកស្រី រ៉ានី ត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់ រហូតដល់លោកស្រីបានក្លាយជាប្រធានមន្ទីរពេទ្យ។
សៀវភៅនេះមានខ្លឹមសារថា “លោក ហ៊ុន សែន កាលនៅវ័យក្មេង ដែលពេលនោះស្ថិតនៅខ្សែត្រៀមជួរមុខ ចម្ងាយ៤០គីឡូម៉ែត្រពីមន្ទីរពេទ្យក្រូចឆ្មា មិនទាន់បានជួបលោកស្រី ប៊ុន រ៉ានី នៅឡើយទេ បើទោះជាអ្នកតស៊ូប្រយុទ្ធជាច្រើនក្នុងចំណោមអ្នកតស៊ូប្រយុទ្ធរបស់លោកទទួលបានការព្យាបាលម្តងហើយម្តងទៀតពីលោកស្រីក៏ដោយ។
លោក ហ៊ុន សែន បានអញ្ជើញមេខ្មែរក្រហមរបស់លោក ឈ្មោះ សុខ សាវឿន ឲ្យជូនលោកទៅជួបលោកស្រី រ៉ានី ជាលើកទីដំបូងនៅមន្ទីរពេទ្យក្រូចឆ្មានៅក្នុងខែឧសភា ឆ្នាំ១៩៧៤ ពោលគឺមិនដល់មួយឆ្នាំ មុនពេលខ្មែរក្រហមចូលក្រុងភ្នំពេញ និងកាន់អំណាចបាន។
នៅពេលជួបគ្នា លោក ហ៊ុន សែន ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលោកស្រី ប៊ុន រ៉ានី។ លោកស្រី ម៉ែន នារីសុភ័ក្រ អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា លោកស្រីមិនអាចប្រាប់ពីថ្លៃបោះពុម្ពសៀវភៅទាំងនោះបានទេ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់លោក កែវ នួន គឺប្រហែលជា៤០.០០០ដុល្លារ។ ទោះជាយ៉ាងណា ថ្លៃចំណាយនេះមិនត្រូវបានយកចេញពីថវិកាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទេ គឺទទួលបានការឧបត្ថម្ភ។
លោកស្រីបានមានប្រសាសន៍ថា “អំឡុងទិវាសិទ្ធិនារី យើងចង់បោះពុម្ពគំរូមួយសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីឲ្យពួកគេយល់ដឹងអំពីស្ត្រីទី១និងជាប្រធានកាកបាទក្រហមកម្ពុជា”។ លោកស្រីបានបន្ថែមថា មានផែនការសម្ពោធសៀវភៅជាសាធារណៈមួយ។ លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “ក្រោមរបប ប៉ុល ពត សៀវភៅជាច្រើនត្រូវបានបំផ្លាញចោល ដូច្នេះវាជាការល្អ ដែលគេមានគំនិតចងក្រងសៀវភៅថ្មីៗ”៕ ប៊ុននី