ព្រះតេជគុណ សៀរ ភារ៉ា ព្រះលេខាវត្តឧណ្ណាលោម បានមានសង្ឃដីកាឲ្យដឹង កាលពីម្សិលមិញថា ក្រុមចោរបានលួចចូលវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រថ្ងៃអង្គារ ហើយបានលួចពុទ្ធប្បដិមាធ្វើពីមាសចំនួនប្រាំព្រះអង្គ ដែលមានតម្លៃជាង២០.០០០ដុល្លារ ក៏ដូចជា ភ្លុកដំរីមួយគូនិងកោដ្ឋមួយដែលគេប៉ាន់ប្រមាណថាមានអាយុកាលជាង១០០ឆ្នាំផងដែរ។
ព្រះតេជគុណមានសង្ឃដីកាថា ក្រុមចោរបានចូលទៅក្នុងវត្តនៅម៉ោងប្រហែល១រំលងអធ្រាត្រដោយធ្វើឲ្យបង្អួចដែលមានចាក់សោរបើក ហើយបានកាត់ចម្រឹងដែក រួចបន្ទាប់មកវាយបំបែកកញ្ចក់។ ព្រះតេជគុណបានសង្ឃដីកាបន្តថា គ្មានអ្នកយាមនៅក្នុងវត្តឡើយ ហើយព្រះសង្ឃពីរអង្គដែលគង់នៅក្រោមកុដិមិនបានឮអ្វីទេ។
ព្រះតេជគុណបានមានសង្ឃដីកាបន្ថែមទៀតថា “អាត្មាមិនអនុញ្ញាតឲ្យនរណាស្នាក់នៅទីនោះទេ ព្រោះនៅកន្លែងនោះអាត្មាអនុញ្ញាតឲ្យតែភ្ញៀវពិសេសៗចូលថ្វាយបង្គំប៉ុណ្ណោះ”។
ការលួចនេះបានកើតឡើងប្រហែលបីខែ បន្ទាប់ពីព្រះសារីរិកធាតុដ៏មានតម្លៃតែមួយគត់របស់ប្រទេសកម្ពុជាត្រូវបានចោរលួចពីព្រះសក្យមុនីចេតិយ នៅលើភ្នំឧដុង្គក្នុងខេត្តកណ្តាល ដោយធ្វើឲ្យមានការខឹងសម្បានៅក្នុងចំណោមព្រះសង្ឃមួយចំនួនដែលចោទប្រកាន់រដ្ឋាភិបាលថា គ្មានសមត្ថភាព។
កាលពីខែកុម្ភៈ នគរបាលបានចាប់ខ្លួនជនសង្ស័យឈ្មោះ កែវ រស្មី ជាកសិករម្នាក់នៅក្នុងខេត្តតាកែវ ហើយបានចោទប្រកាន់ជនសង្ស័យរូបនេះពីបទចោរកម្ម បន្ទាប់ពីរកឃើញវត្ថុដ៏មានតម្លៃមួយចំនួនដែលលួចពីភ្នំឧដុង្គ។
លោក លឹម សុគន្ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង កាលពីម្សិលមិញថា លោកមិនច្បាស់ទេ ថាតើពេលណា ជនសង្ស័យ កែវ រស្មី នឹងត្រូវបញ្ជូនទៅតុលាការនោះ។ លោកបានមានប្រសាសន៍ថា “យើងមិនដឹងថា តើពេលណានឹងត្រូវបើកសវនាការជំនំុជម្រះនៅក្នុងសំណំុរឿងភ្នំឧដុង្គនោះទេ ព្រោះយើងត្រូវការស៊ើបអង្កេតបញ្ហានេះបន្ថែមទៀត” ៕ ស៊ុយឈាង