កាលពីថ្ងៃចន្ទ សាលាដំបូងខេត្តរតនគិរីបានសាកសួរអ្នកភូមិបីនាក់ក្នុងចំណោមអ្នកភូមិ១៥០គ្រួសារដែលត្រូវបានចោទប្រកាន់ ថា បានចាប់យកដីរបស់មន្ត្រីរាជការម្នាក់ក្នុងរាជធានីភ្នំពេញដែលបានទិញដីនេះកាលពីឆ្នាំ២០០៧។
បុរសបីនាក់ដែលត្រូវបានសាកសួរនោះបាននិយាយថា ពួកគាត់បានមករស់នៅលើដីទំហំ១៨៦ហិកតាក្នុងស្រុកបរកែវនេះ ដើម្បី ជីកត្បូងកាលពីឆ្នាំ២០០៧ ហើយបានចាប់ផ្តើមសាងសង់លំនៅដ្ឋានដោយគ្មានការជំទាស់ពីនរណាម្នាក់ឡើយ។
កាលពីឆ្នាំ២០១២ក្រុមនិស្សិតស្ម័គ្រចិត្តបានមកវាស់វែងដីនេះដែលជាផ្នែកមួយនៃគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ បើទោះជាមានសំណើសុំដីនេះពីអ្នកភូមិចំនួន១៥០ គ្រួសារនេះក៏ដោយ ក៏ប័ណ្ណកម្មសិទ្ធិត្រូវ បានផ្តល់ជាផ្លូវការទៅឲ្យអ្នកភូមិមួយក្រុមផ្សេងដែល មាន១៥គ្រួសារទៅវិញ ដែលភាគច្រើននៃគ្រួសារទាំងនោះជាសាច់ញាតិរបស់លោក ហេង សុជាតិ ជាមន្ត្រីសាលារាជធានីភ្នំពេញ។
លោក ឡុច ឡៅ ជាចៅក្រមសើុបសួរបានមានប្រសាសន៍ថា អ្នកភូមិ១៥គ្រួសារដែលមានប័ណ្ណកម្មសិទ្ធិដីជាប្លង់រឹងនោះ បានដាក់ពាក្យបណ្តឹងកាលពីខែតុលា។ ចំណែក អ្នកភូមិ១៥០គ្រួសារដែលគ្មានប័ណ្ណកម្មសិទ្ធិដីប្រឈមនឹងការបណ្តេញចេញ។
លោក ចៅ ក្រម ឡុច ឡៅ មានប្រសាសន៍ ថា អ្នកភូមិ១៥គ្រួសារដែលជាដើមចោទសុទ្ធតែមានប័ណ្ណ កម្មសិទ្ធិដីជាប្លង់រឹងដែលចេញដោយរដ្ឋាភិបាល ចំណែកចុងចោទទាំងនោះមិនមានឯកសារដើម្បីបង្ហាញពីភាពជាម្ចាស់ ឬលំនៅដ្ឋាននៅលើដីដែលមានបញ្ហានោះទេ។
លោក សូត សឿន បុរសម្នាក់ក្នុងចំណោមបុរសបីនាក់ដែលបានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃច័ន្ទ បាននិយាយថា អ្នកភូមិទាំង១៥០គ្រួសារគួរតែទទួលបានប័ណ្ណកម្មសិទ្ធិដីកាលពីឆ្នាំ២០១២ ពីព្រោះពួកគាត់បានរស់នៅ និងធ្វើស្រែចម្ការលើដីនេះរយៈពេលច្រើនឆ្នាំហើយ។
លោកបាននិយាយថា “ខ្ញុំបានប្រាប់លោកចៅក្រមសើុបសួរថា យើងបានរស់នៅ និងធ្វើស្រែចម្ការលើដីនេះយ៉ាងតិចក៏ប្រាំពីរឆ្នាំដែរ ដូច្នេះយើងមិនបានចាប់យកដីរបស់អ្នកផ្សេងឡើយ”។
តាមច្បាប់ ដីអាចកាន់កាប់ដោយស្របច្បាប់ ប្រសិនបើគ្រួសារណាមួយបានរស់នៅលើដីនោះលើសពីប្រាំឆ្នាំនៅមុនឆ្នាំ២០០១។
ពេលទាក់ទងកាលពីម្សិលមិញ លោក សុជាតិ បានបដិសេធមិនប្រាប់ពីតួនាទីរបស់លោកជាមន្ត្រីនៅសាលារាជធានីភ្នំពេញទេ ប៉ុន្តែ បានមានប្រសាសន៍ថា លោកបានទិញដីក្នុងខេត្តរតនគិរីនេះក្នុងទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីរដ្ឋាភិបាលបានចាត់តាំងលោកឲ្យមកដោះស្រាយបញ្ហាជនភៀសខ្លួនម៉ុងតាញ៉ា មកពីប្រទេសវៀតណាមដែលបានស្វែងរកសិទ្ធិជ្រកកោននៅក្នុងខេត្តនេះ។
លោក សុជាតិ បានមានប្រសាសន៍ថា លោកបានទិញដីដែលមានវិវាទនេះកាលពីដើមឆ្នាំ២០០៧ជាគម្រោងសោធននិវត្តន៍។ លោកបានមានប្រសាសន៍ថា អ្នកភូមិ១៥០គ្រួសារបានចាប់ផ្តើមមកសង់លំនៅដ្ឋានលើដីនេះជាបន្តបន្ទាប់កាលពីឆ្នាំ២០១៣។
លោកបានមានប្រសាសន៍ថា “ដំបូងមានអ្នកភូមិចំណាកស្រុកតែពីរបីគ្រួសារប៉ុណ្ណោះដែលបានមករស់នៅលើដីនេះអំឡុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិកាលពីឆ្នាំមុន”។ លោកបានបន្ថែមថា “បន្ទាប់មកអ្នកភូមិកាន់តែច្រើនឡើងៗបានមករស់នៅលើដីរបស់ខ្ញុំ ហើយអាជ្ញាធរមិនយកចិត្តទុកដាក់នឹងបញ្ហានេះទេ ពីព្រោះពួកគេជាប់រវល់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត”៕សារុន