ក្រុមហ៊ុនដែលទទួលខុសត្រូវការប្រមូលសំរាមក្នុងរាជធានីភ្នំពេញបានការពាររចនាសម្ព័ន្ធការកំណត់តម្លៃមិនប្រក្រតីរបស់ខ្លួនក្នុងការឆ្លើយតបនឹងការសាកសួរមួយពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានលើកឡើងថា មានពាក្យបណ្តឹងជាច្រើនបានធ្វើឡើងដោយម្ចាស់អាជីវកម្មតូចៗ។
អង្គភាពប្រឆាំងអំពើពុករលួយបានផ្ញើលិខិតជូនក្រុមហ៊ុនស៊ិនទ្រី កម្ពុជា កាលពីថ្ងៃទី២៤ ខែ មីនា ដោយលើកឡើងថា ម្ចាស់អាជីវកម្មក្នុងស្រុកជាច្រើន មិនសុខចិត្តដែលហាងនៅក្នុងតំបន់ដូចគ្នាលក់ផលិតផលដូចគ្នា បង់ថ្លៃសេវាខុសគ្នាឲ្យក្រុមហ៊ុននេះសម្រាប់ ប្រមូលសំរាមរបស់ខ្លួន។
លិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយមានខ្លឹមសារថា “ប្រជាពលរដ្ឋមានការខកចិត្តចំពោះសេវាកម្មរបស់ក្រុមហ៊ុននេះ និងមិនចង់បង់ថ្លៃសំរាម ដែលត្រូវបានដាក់ក្នុងវិក្កយបត្រភ្លើងរបស់ពួកគាត់ទេ”។ អង្គភាពប្រឆាំងអំពើពុករលួយបានណែនាំឲ្យក្រុមហ៊ុន ស៊ិនទ្រី បង្កើតច្រកទំនាក់ទំនងសាធារណៈមួយ សម្រាប់អតិថិជនអាចធ្វើពាក្យបណ្តឹងដោយងាយស្រួលដើម្បីកាត់បន្ថយភាពមិនប្រក្រតីបែបនេះ។
ក្នុងការឆ្លើយតបរបស់ខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២០ ខែមីនា ក្រុមហ៊ុនស៊ិនទ្រី ទទួលស្គាល់ថា អាជីវកម្មនៅទីតាំងដូចគ្នា និងកម្រិតដូចគ្នា ត្រូវបានយកថ្លៃឈ្នួល ខុសគ្នា សម្រាប់ការប្រមូលសំរាម។
ទោះជាយ៉ាងណា ក្រុមហ៊ុនស៊ិនទ្រីបានអះអាងថា សា្ថនភាពនេះមិនអាចចៀសផុតទេ ដោយសារតែអតិថិជនដែល កំណាញ់ ដែលមិនព្រមបង់ថ្លៃដូចបានកំណត់សម្រាប់ការប្រមូលសំរាម និងសុំឲ្យបញ្ចុះតម្លៃ។
ក្រុមហ៊ុន សិុនទ្រី បានសរសេរក្នុងលិខិតរបស់ខ្លួនថា “អតិថិជនមួយចំនួននៅតែមិនព្រមបង់ថ្លៃសេវាដូច្នេះក្រុមហ៊ុនបានសម្រេចបញ្ចុះតម្លៃសម្រាប់អតិថិជនមួយចំនួន”។
ក្រុមហ៊ុនសិុនទ្រីបានឲ្យដឹងទៀតថា សូម្បីតែក្នុងចំណោមអតិថិជនដែលបានយល់ព្រមចំពោះតម្លៃដែលត្រូវបានបញ្ចុះណាមួយ ក៏ក្រុមហ៊ុននេះជួបការលំបាកក្នុងការប្រមូលប្រាក់ទូទាត់ដែរ។ លិខិតដដែលមានខ្លឹមសារបន្តទៀតថា “ដូច្នេះបញ្ហានេះនាំឲ្យអាជីវកម្មផ្សេងៗនៅកន្លែងតែមួយ និងក្នុងផ្នែកតែមួយបង់ថ្លៃសេវាផ្សេងៗគ្នា”។
លិខិតនេះបានឲ្យដឹងទៀតថា ក្រុមហ៊ុនសិុនទ្រីកំពុងដោះស្រាយបញ្ហានេះហើយ។ លិខិតក្រុមហ៊ុនសិុនទ្រីបានបង្ហាញថា “ សម្រាប់បញ្ហាទាំងអស់នេះក្រុមហ៊ុនបានបង្កើតការិយាល័យទំនាក់ទំនងសាធារណៈមួយ ដើម្បីដោះស្រាយ បណ្តឹងរបស់អតិ ថិជន” តាមរយៈការិយាល័យក្នុងមូលដ្ឋាន និងនៅទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ។
កាលពីឆ្នាំ២០០២ក្រុមហ៊ុនសិុនទ្រីទទួលបានកិច្ចសន្យារយៈពេល៥០ឆ្នាំសម្រាប់ផ្តល់សេវាប្រមូលសំរាម និងសំណល់ក្នុងរាជធានីភ្នំពេញយកទៅចាក់ចោល។
ក្នុងស្ថានភាពប្រឈមនឹងចំនួនប្រជាជនកើនឡើងយ៉ាងលឿននៅក្នុងរាជធានីភ្នំពេញពោលគឺបានកើនឡើងពីប្រហែល១,២លាននាក់ក្នុងឆ្នាំ២០០០ដល់ប្រហែល២,២លាននាក់ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនសិុនទ្រីជួបការលំបាកក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការរក្សាភាពស្អាតនៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ។
កាលពីខែតុលាឆ្នាំមុន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានព្រមានក្រុមហ៊ុនសិុនទ្រីថា ក្រុមហ៊ុននេះត្រូវបំពេញការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាពជាងមុន ក្នុងការសម្អាតផ្លូវ បើមិនដូច្នេះទេ កិច្ចសន្យានោះនឹងត្រូវបានលុបចោល។
កាលពីខែកុម្ភៈ កម្មករក្រុមហ៊ុនសុិនទ្រីជាច្រើនរយនាក់បានធ្វើកូដកម្មដើម្បីទាមទារការដំឡើងប្រាក់ខែ ជាហេតុនាំឲ្យសំរាមគរដូចភ្នំនៅទូទាំងរាជធានីភ្នំពេញ។
បុគ្គលិកក្រុមហ៊ុនសិុនទ្រីបានត្រឡប់ចូលទៅធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុននេះយល់ព្រមដំឡើងប្រាក់ខែ២០ទៅ២៥ដុល្លារ ប្រាក់បន្ថែមម៉ោងច្រើនជាងមុន និងផ្តល់ឯកសណ្ឋានធ្វើការដោយឥតគិតថ្លៃ។
លោក សេង សាវី ប្រធានក្រុមហ៊ុនសិុនទ្រី បានលើកឡើងកាលពីម្សិលមិញថា ប្រសិនបើក្រុមនេះមិនអនុញ្ញាតឲ្យអតិថិជនបង់ថ្លៃសេវាតិចជាងមុនទេ ខ្លួននឹងប្រឈមនឹងការមិនទទួលបានអ្វីទាំងអស់។ លោកបានមានប្រសាសន៍ថា “មូលហេតុដែលក្រុមហ៊ុនបានអនុញ្ញាតឲ្យអតិថិជនបង់ថ្លៃទាបជាងមុនពាក់កណ្តាល គឺដោយសារតែអតិថិជនមិនព្រមបង់ថ្លៃពេញទេ… ដូច្នេះប្រសិនបើយើងមិនទទួលយកតម្លៃទាបជាងមុននេះ យើងនឹងមិនទទួលបានអ្វីទេ”៕សុធា