លោក ជា មុនី ប្រធានសហជីពសេរីកម្មករ ដែលមាននិន្នាការប្រឆាំង បានឲ្យដឹងកាលពីម្សិលមិញថា សហជីពរបស់លោកដែលស្ថិតក្នុងចំណោមសហជីពធំៗបំផុតនៅប្រទេសកម្ពុជា នឹងមិនចូលរួមក្នុងផែនការក្រុមសហជីពដទៃទៀតដែលនឹងជួបជុំគ្នានៅទិវាពលកម្មអន្តរជាតិខាងមុខទេ ពីព្រោះលោកឈឺ និងកំពុងធ្វើដំណើរនៅតាមខេត្ត។
ទោះជាយ៉ាងណា ផែនការនានានៅតែគ្រោងនឹងត្រូវបានអនុវត្តសម្រាប់សហជីពដទៃទៀតក្នុងចលនាពលកម្មដើម្បីពិសោធន៍បម្រាមតាមទំនើងចិត្តលើការជួបជុំជាសាធារណៈនៅថ្ងៃទី១ ខែឧសភា ក្នុងគោលបំណងអំពាវនាវឲ្យមានការគោរពសិទ្ធិកម្មករ និងដំឡើងប្រាក់ឈ្នួលអប្បបរមា។
លោក មុនី ដែលមានបងប្រុសធ្លាប់ជាប្រធានសហជីពដែលបានបាត់បង់ជីវិតដើម្បីកម្មករនៅក្នុងប្រទេសកម្ពុជា នៅពេលលោកត្រូវបានគេធ្វើឃាតនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤នោះ បានឲ្យដឹងថា សហជីពរបស់លោកនឹងចេញសេចក្ដីថ្លែងការណ៍មួយជំនួសការចូលរួមនេះវិញ។
លោកបានមានប្រសាសន៍ថា “យើងនឹងមិនចូលរួមជាមួយសហជីពដទៃទៀតនៅថ្ងៃទី១ ខែឧសភាទេ ដោយសារតែយើងបានជួបពិភាក្សាជាមួយតំណាងសហជីពរបស់យើងនៅរោងចក្រនីមួយៗ ពីព្រោះខ្ញុំឈឺ ហើយកំពុងធ្វើដំណើរទៅកាន់ខេត្តមួយចំនួន”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “នៅក្នុងទិវាពលកម្ម យើងនឹងគ្រាន់តែចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលកែលម្អលក្ខខណ្ឌការងារ និងគោរពសិទ្ធិកម្មករ”។ លោក មុនី បានលើកឡើងបន្តទៀតថា ចំណាត់ការនេះមិនគួរមានផលប៉ះពាល់ទៅលើផែនការដែលមានស្រាប់ទេ “ពីព្រោះមានសហជីពច្រើនស្រាប់ទៅហើយ” ។
ក៏ប៉ុន្តែសហជីពមួយចំនួនក្នុងចំណោមសហជីពស្ថិតនៅក្រោមសហជីពសេរីកម្មករក៏បានឲ្យដឹងផងដែរថា ពួកគេមានការខកចិត្តដែលបានឮដំណឹងនេះ។
លោក អៀន សំណាង តំណាងសហជីពសេរីកម្មករមកពីរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ៃហ្វូ៊ល (Wai Full) បានឲ្យដឹងថា លោក និងសហការីរបស់លោកចង់ចូលរួមក្នុងផែនការនោះ “ក៏ប៉ុន្តែយើងមិនអាចធ្វើបានទេ ពីព្រោះយើងមិនបានទទួលការហៅឲ្យធ្វើបែបនេះទេ”។
ដោយឡែកកាលពីម្សិលមិញ រដ្ឋាភិបាលបានរងការរិះគន់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលថា “រដ្ឋាភិបាលបានដាក់កម្រិតយ៉ាងខ្លាំងលើការចុះឈ្មោះសហជីព” ក្នុងគោលបំណងរារាំងសិទ្ធិកម្មករក្នុងការ “ពឹងផ្អែកលើការការពារសហជីព”។
កាលពីខែកុម្ភៈសហជីពសេរីកម្មករបានប្ដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបដិសេធមិនចុះបញ្ជីសាខា១០កន្លែងរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងនេះបានឲ្យដឹងថា ការចុះឈ្មោះសហជីពថ្មីនឹងត្រូវបានហាមរហូតដល់ពេលច្បាប់នេះត្រូវបានអនុម័ត ក៏ប៉ុន្តែក្រោយមកក្រសួងនេះនឹងពិនិត្យសំណុំឯកសារដាក់ពាក្យសុំរបស់សហជីពមុនពេលចេញសេចក្ដីយល់ព្រម។ យោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា មានការថយចុះយ៉ាងច្រើននៃការចុះបញ្ជីសហជីពតាំងពីខែធ្នូ ឆ្នាំ២០១៣មក៕ សុធា
(រាយការណ៍បន្ថែមដោយ Lauren Crothers និង Matt Blomberg)