The Cambodia Daily Khmer

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម​​ចាក​ចេញ​ពីការងារ​ ​ដោយសារ​តែកាត់​បន្ថយថវិកា

លោកស្រី​ យូកុ ម៉ាក់អិដា (Yuko Maeda) អ្នក​នាំពាក្យសាលាក្តីខ្មែរក្រហមបាន​ចាកចេញ​ពី​តុលាការនេះ​កាល​​ពីម្សិលមិញ បន្ទាប់​​ពី​លោក​​ស្រីបាន​បាត់​​បង់ការងារ​ ដោយសារ​តែ​មាន​ការ​កាត់បន្ថយ​ថវិកាក្នុងផែនការ​។

លោកស្រី ម៉ាក់អិដា ​​ជនជាតិ​​ជប៉ុន​បាន​ធ្វើការ​​នៅ​ចំណុចកណ្តាល​សម្រាប់​ទំនាក់​​ទំនង​រវាង​តុលាការនេះ​​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជប៉ុន​ ព្រមទាំង​អង្គការ​ក្រៅរដ្ឋា​ភិបាល​​ក្នុង​ស្រុក​នានា ​ហើយ​លោកស្រី​​ក៏មានការ​​ទទួល​ខុស​ត្រូវ​​ផ្នែក​​ផលិត​​ប្រតិបត្តិ​របាយការណ៍​តុលាការ​ប្រចាំ​ខែ​​ផងដែរ​។

ប្រទេសជប៉ុន​​កន្លងមក​គឺជា​ម្ចាស់​​ជំនួយ​ធំបំផុត​​​របស់សាលាក្តី​ខ្មែរក្រហម​ ដោយ​បាន​ផ្តល់​មូលនិធិ​​​សរុប​ចំនួន​៧៩,១លានដុល្លារ​ ឬ​៣៨ភាគ​​រយ​នៃថវិកា​របស់​តុលាការ​​នេះ បើ​គិតត្រឹម​​​ខែ​​ធ្នូ​​​ឆ្នាំមុន។

លោក​ ឡាស់ អូល​សេន (Lars Olsen) បច្ចុប្បន្ន​​​ជា​អ្នកនាំពាក្យ​​តែម្នាក់គត់​នៅ​ក្នុង​ផ្នែក​កិច្ចការ​សាធារណៈ​នៃសាលាក្តីខ្មែរ​ក្រ​ហម​​​ បាន​មានប្រសាសន៍ថា “ នៅក្នុងថវិកាថ្ម​​ី​សម្រាប់ឆ្នាំ​​២០១៤-២០១៥ ​តារាង​​បុគ្គលិក​ត្រូវបាន​​សើរើឡើងវិញ​…ហើយ​តំណែង​អន្តរ​​ជាតិចំនួន​១៤​កន្លែងនៅ​តុលាការនេះ​​ ត្រូវបានលុប​ចោល​”។ ​លោក​បានមានប្រសាសន៍​បន្ថែម​​ទៀត​ថា​ “យូកុ មានតំណែងក្នុងចំណោម​តំណែង​ទាំង​១៤កន្លែង ​ដែល​ត្រូវបាន​លុបចោល​”។

លោក ​អូល​សេន នឹងទទួល​ខុស​ត្រូវ​លើ​​ការងារ​​របស់​លោកស្រី ម៉ាក់អិដា នេះបើ​យោងតាម​ច្បាប់​ចម្លង​នៃ​ថវិកាថ្មី​​​របស់​សាលា​ក្តី​ខ្មែរក្រហម​។ ​ថវិកានេះ​ក៏បាន​លុបចោល​​តំណែង​បួន​កន្លែង​នៅខាង​​ជាតិ​​ក្នុងផ្នែក​កិច្ចការ​សាធា​រណៈផងដែរ ក៏​ប៉ុន្តែ​ក៏មានការ​បន្ថែម​ការងារ​មួយ​កន្លែង​សម្រាប់​​តំណែង​ជា​​ជំនួយការ​ផ្នែក​កិច្ចការ​សាធារណៈ​កម្ពុជា​​ដែរ៕​សុធា​

Exit mobile version