The Cambodia Daily Khmer

នគរបាល​បានចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​​ដែលសារភាព​ថា​បាន​ចាក់​សម្លាប់​ស្ត្រី​ជន​ជាតិ​ហូឡង់​

នគរបាល​បាន​ចាប់​ខ្លួន​បុរស​កម្ពុជា​អាយុ​៣២​ឆ្នាំ​ម្នាក់​ដែល​ពួកគេ​និយាយ​ថា បាន​សារ​ភាព​ចំពោះ​ការ​សម្លាប់​ជ​ន​ជាតិ​ហូឡង់​ ឈ្មោះ ដាប​ណា បៀដ​​សេន អាយុ​៣១​ឆ្នាំ​ និង​ការ​ចាក់​កូន​ស្រី​អាយុ​១៩​ខែ​របស់​​គាត់​ឲ្យ​រង​របួស​ធ្ងន់​នៅ​ក្នុង​ផ្ទះ​របស់​គ្រួសារ​នេះ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​គេ​បាន​ប្រទះ​ឃើញ​សាក​សព​ប្រឡាក់​ឈាម​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ផ្ទះ​នោះ។

ឧត្តម​សេនីយ៍​ឯក គៀត​ ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​បាន​មាន​ប្រសាសន៍​​ថា យើង​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​បាន​​សារភាព​ចំពោះ​ការ​សម្លាប់​ស្ត្រី​ជន​ជាតិ​ហូ​ឡង់​រូប​នេះ។ ជន​នេះ​បាន​សារភាព​ចំពោះ​ទង្វើ​របស់​ខ្លួន​

លោក​ឧត្តម​សេនីយ៍​ឯក គៀត​ ច័ន្ទ​ថា​រិទ្ធ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ស្រី ដាប​ណា​ បៀដ​សេន​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​​នៅ​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ច័ន្ទ​ និង​បាន​ប៉ុន​ប៉ង​លួច​យក​កង់​មួយ​គ្រឿង​។

លោក​បាន​មាន​ប្រសាសន៍​ថា អំឡុង​ពេល​ជ​ន​នេះ​ធ្វើ​សកម្ម​ភាព អ្នក​ស្រី ដាប​ណា បៀដ​សេន​ បាន​ឃើញ​ជន​នេះ​លួច​កង់ ហើយ​បាន​ស្រែក​ឲ្យ​គេ​ជួយ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ជន​នេះ​យក​ទួ​ណឺវីស​ចាក់​​សម្លាប់​គាត់​​តែ​ម្តង​។ លោក​បាន​មាន​ប្រសាសន៍​ថា នគរបាល​ព្រហ្ម​ទណ្ឌ​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ជន​នេះ​នៅ​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​វត្ត​បទុម​ក្នុង​ខណ្ឌ​ដូន​ពេញ​។ លោក​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​នៅ​រក្សា​ទុក​កាបូប​ដៃ​ និង​ឯកសារ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់​​​​​​​​​ជន​រងគ្រោះ​​នៅ​ឡើយ​

នគរបាល​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថែម​ទៀត​អំពី​ការ​សើុប​អង្កេត​នេះ​ទេ​កាល​ពី​ម្សិល​មិញ​។ លោក ជួន ណា​រិន ស្នង​ការ​រង​នគរបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា នគរបាល​នឹង​ធ្វើ​សន្និសីទ​កាសែត​អំពី​ការ​ចាប់​ជន​ល្មើស​នៅ​ថ្ងៃ​នេះ​។

អ្នកស្រី ដាប​ណា បៀដ​សេន អ្នក​ពិគ្រោះ​យោ​បល់​នៅ​អង្គការ​សហ​ប្រជាជាតិ​​បាន​នៅ​ផ្ទះ​ជាមួយ​កូន​​ស្រី​តូច​របស់​គាត់​ឈ្មោះ ដា​ណា នៅ​យប់​ធ្វើ​ឃាត​នេះ។ ប្តី​របស់​គាត់​ឈ្មោះ ចូរីស អូឡេ​ បាន​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទៅ​សម្រប​សម្រួល​សិក្ខា​សាលា​រយៈ​ពេល​ពីរ​ថ្ងៃ​​ស្តី​ពី​ការ​ប្រែ​ប្រួលអាកាស​​​ធាតុ​​​សម្រាប់​អង្គការ​ U.N.Habitat នៅ​ក្រុង​ព្រះ​សី​ហ​នុ​។

កុមារី ដា​ណា ក៏​បាន​រង​ការ​វាយ​ប្រហារ​ផង​ដែរ​នៅ​ក្នុង​ការ​ចូល​លុក​លុយ​ផ្ទះ​នេះ ហើយ​ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​ទៅ​ព្យាបាល​របួស​ធ្ងន់​ចំក្បាល​ និង​របួស​ដោយ​សារ​ការ​ចាក់​ចំ​ដង​ខ្លួន​នៅ​​​ទីក្រុង​បាង​កក​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​។

លោក​ឧត្តម​សេនីយ៍​ឯក គៀត​ ច័ន្ទ​ថារិទ្ធ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​នេះ​ក៏​បាន​សារភាព​ថា បាន​ចាក់​ក្មេង​ស្រី​នោះ​លើ​ដង​ខ្លួន​ផង​ដែរ ប៉ុន្តែ គេ​មិន​ដឹង​ថា បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​ទេ

វេជ្ជ​បណ្ឌិត​ម្នាក់​ដែល​​ព្យាបាល ដា​ណា​ នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដោយ​សារ​គេ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​អ្នក​កាសែត​បាន​ឲ្យ​ដឹង​ថា ដា​ណា ជិត​ស្លាប់​ទៅ​ហើយ​នៅ​ពេល​នាង​មក​ដល់​មន្ទីរ​ពេទ្យ។

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិល​មិញ តំណាង​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​ Bangkok General Hospital ជា​មន្ទីរ​ពេទ្យ​ដែល​គេ​បាន​ដឹក​ ដា​ណា ទៅ​ព្យាបាល​កាល​ពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ច័ន្ទ បាន​មាន​ប្រសាសន៍​ថា កុមារី​រូប​នេះ​នៅ​មាន​ជីវិត​ ហើយ​កំពុង​ស្ថិត​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់​។ តំណាង​មន្ទីរ​ពេទ្យ​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពីព្រោះ​គេ​មិន​​អនុញ្ញាត​ឲ្យ​អ្នកស្រី​ចែក​រំ​លែក​ព័ត៌មាន​អំពី​សុខ​ភាព​របស់​​អ្នក​ជំងឺ​ទេ។ តំណាង​មន្ទីរ​ពេទ្យ​រូប​នេះ​បាន​និយាយ​ថា ដា​ណា​ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​របស់​យើង ហើយ​យើង​កំពុង​ព្យា​បាល​នាង​។ នាង​នៅ​មាន​ជីវិត​ ប៉ុន្តែ នាង​មិន​អាច​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​បាន​ទេ​

ដា​ណា ត្រូវ​បាន​អ្នក​បោស​សម្អាត​​​ផ្ទះ​របស់​គ្រួសារ​នេះ​ប្រទះ​ឃើញ​ដេក​ដួល​នៅ​ជិត​ម្តាយ​របស់​នាង​នៅ​លើ​កម្រាល​ឥដ្ឋ​ពោរ​ពេញ​ដោយ​ឈាម​នៅ​ខាងក្នុង​ផ្ទះ​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ច័ន្ទ។ អ្នក​បោស​សម្អាត​​​​ ឈ្មោះ កែវ សុម៉ាលី អាយុ​២៨​ឆ្នាំ​បាន​និយាយ​ថា គាត់​បាន​ប្រាប់​ម្ចាស់​ផ្ទះ​ឈ្មោះ កែន សំបូរ​ មុន​គេ​ព្រោះ​គាត់​រស់​នៅ​តាម​ផ្លូវ​តូច​មួយ​ជា​មួយ​គ្នា​នៅ​ជិត​មហាវិថី​ព្រះ​នរោត្តម ហើយ​បន្ទាប់​មក​បាន​រាយការណ៍​ប្រាប់​លោក រុន ចន្ថា មេភូមិ​៧។

សុម៉ាលី បាន​អះ​អាង​កាល​ពី​ថ្ងៃ​អង្គារ​ថា ថ្វី​បើ​មាន​ការ​ជំទាស់​ពី​គាត់​ក៏​ដោយ​ ក៏​នគរ​បាល​បាន​ទុក​ឲ្យ​កុមារ​នេះ​ដេក​នៅ​កន្លែង​កើត​ហេតុ​អស់​រយៈ​ពេល​ពី​២០​ទៅ​៣០​នាទី​ មុន​ពេល​អនុ​ញ្ញាត​ឲ្យ​​អ្នក​ជិត​ខាង​ម្នាក់​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ​តាម​ម៉ូតូឌុប​។ នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិល​មិញ​ សុម៉ាលី បាន​និយាយ​ថា គាត់​មាន​ការ​រន្ធត់​ណាស់​នៅ​ពេល​គាត់​ប្រឆាំង​​នឹង​នគរបាល ហើយ​បាន​ឲ្យដឹង​ថា មាន​តែ​មេភូមិ​នោះ​ទេ​ដែល​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​​សំណើ​របស់​គាត់​សុំ​ឲ្យ​គេ​ប្រញាប់​នាំ​ក្មេង​ស្រី​នេះ​ទៅ​មន្ទីរ​ពេទ្យ​។ សុម៉ាលី បាន​និយាយ​ថា នៅ​ពេល​នោះ​ខ្ញុំ​មិន​ដឹង​ថា នរណា​ជា​នគរ​បាល​សង្កាត់​ និង​នរណា​ជា​មេភូមិ​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ពួក​គេ​បាន​ប្រាប់​ខ្ញុំ​មិន​ឲ្យ​ប៉ះពាល់​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​នេះ ពីព្រោះ​​ពួកគេ​ខ្លាច​បាត់​បង់​ភ័ស្តុ​តាង

លោក​មេ​ភូមិ រុន ចន្ថា បាន​ទទួល​ស្គាល់​កាល​ពីម្សិលមិញ​ថា គាត់​បាន​បដិសេធ​មិន​ឲ្យ​គេ​នាំ​ក្មេង​ស្រី​នេះ​ទៅ​មន្ទី​រ​ពេទ្យ​មួយ​រយៈ​ពេល​ខ្លី​។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជូន​​ដំណឹង​ទៅ​នគរបាល​សង្កាត់​ទន្លេ​បាសាក់​ បន្ទាប់​ពី​បាន​ដឹង​អំពី​ឃាត​កម្ម​នេះ​ប៉ុន្តែ មិន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប៉ះពាល់​កន្លែង​កើត​ហេតុ​មុន​ពេល​ពួក​គេ​មក​ដល់​ទេ។

លោក​ ចន្ថា បាន​បន្ថែម​ថា សុម៉ាលី បាន​មក​ដល់​មុន​គេ ហើយ​បន្ទាប់​មក​គឺ​លោក សំបូរ ហើយ​និង​​ខ្ញុំ ប៉ុន្តែ​ យើង​​មិន​បាន​ប៉ះ​ពាល់​អ្វី​ទេ ពីព្រោះ​យើង​មិន​ចង់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភ័ស្តុ​តាង​។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រហែល​២០​នាទី​ក្រោយ​ពី​យើង​បាន​ទៅ​ដល់​ទី​នោះ នគរ​បាល​សង្កាត់​ក៏​បាន​មក​ដល់​ ហើយ​បាន​អនុញ្ញាត​ឲ្យ​បុរស​បរទេស​ម្នាក់​ដែល​ជា​មិត្ត​ភក្តិ​របស់​​ជន​រងគ្រោះ​នាំ​ក្មេង​ស្រី​នោះ​ទៅ​មន្ទីរ​ពេទ្យ​។

លោក ស្ទីវ​ ម៉ូរីស អតីត​មន្ត្រី​នគរបាល​អូស្ត្រាលី ដែល​អង្គការ​ Sisha របស់​លោក​បាន​បង្រៀន​នគរបាល​កម្ពុជា​រាប់​រយ​នាក់​អំពី​បច្ចេក​​ទេស​សើុប​​អង្កេត​កន្លែង​ឧក្រិដ្ឋ​កម្ម បាន​មាន​ប្រសាសន៍​ថា មិន​មានហេតុ​ផល​ណា​ត្រូវ​លះបង់​សុខភាព​មនុស្ស​ដើម្បី​ភ័ស្តុតាង​នៅ​កន្លែង​មាន​ឧក្រិដ្ឋ​កម្ម​ទេ។ លោក​ ម៉ូរីស បាន​មាន​ប្រសាសន៍​ថា ចំណុច​មួយ​ក្នុង​ចំណោម​​ចំណុច​ដំបូង​ដែល​យើង​បង្រៀន​ និង​ជា​ចំណុច​មួយ​ដែល​នគរបាល​ទាំង​អស់​គួរ​តែ​រៀន​នោះ គឺថា ការ​ការពារ​អាយុ​ជីវិត​មនុស្ស​សំខាន់​ជាង​ការ​ការ​ពារ​កន្លែង​ឧក្រិដ្ឋកម្ម​

ថ្វីបើ​មាន​ក្បួន​ច្បាប់​នេះ​ក៏​ដោយ​ ក៏​លោក​ ម៉ូរីស បាន​មាន​ប្រសាសន៍​ថា លោក​យល់​ពី​តួនាទី​របស់​លោក​ ចន្ថា ហើយ​ថា ស្ថានភាព​ធ្ងន់​ធ្ងរ​នេះ​អាច​ធ្វើ​ឲ្យ​គាត់​បដិសេធ​មិន​ឲ្យ​គេ​នាំ​ក្មេង​ស្រី​នេះ​​ទៅ​មន្ទីរ​ពេទ្យ​។

លោក​ ម៉ូរីស បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជា​រឿយ​ៗ​មិន​បាន​ចាត់​វិធាន​ការ​ទេ​ រហូតដល់​មានការ​បញ្ជា​ពី​ចៅ​ហ្វាយ​នាយ។ ពួកគេ​ត្រូវ​បាន​បង្រៀន​បែបនេះ​​។​​ហើយ​ជា​ពិសេស​នៅ​ក្នុង​ករណី​នេះ​ដោយ​សារ​មាន​ជន​បរទេស​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​នោះ​ នគរបាល​ និ​ង​អាជ្ញាធរ​ប្រហែល​ជា​មាន​ការ​ភ័យ​ស្លន់​ស្លោ​​​ហើយ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​បាន​ល្អគឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Exit mobile version