កាលពីថ្ងៃអង្គារ សាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់តំណាងសហជីពប្រាំមួយនាក់ពីបទញុះញង់ជុំវិញការតវ៉ាមួយនៅជិតរោងចក្រស្បែកជើង វីងស្តា កាលពីព្រឹកថ្ងៃអង្គារនោះ ជាចំណាត់ការមួយដែលសហជីពនិយាយថា អយុត្តិធម៌ និងធ្វើឡើងក្នុងបំណងបំភិតបំភ័យ។
លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា មនុស្សទាំងប្រាំមួយនាក់នេះត្រូវបានចោទប្រកាន់ពីបទគំរាមប្រព្រឹត្តបទល្មើស និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋចំពោះការជំរុញឲ្យកម្មកររោងចក្របិទផ្លូវអំឡុងការតវ៉ារបស់ពួកគេដើម្បីទាមទារប្រាក់ឈ្នួលសម្រាប់ថ្ងៃដែលពួកគេធ្វើកូដកម្ម និងអត្ថប្រយោជន៍មួយចំនួនទៀត។ លោកមានប្រសាសន៍ថា “មានមនុស្សប្រាំពីរនាក់ ប៉ុន្តែចាប់ខ្លួនបានតែប្រាំមួយនាក់ទេ ម្នាក់ទៀតកំពុងគេចខ្លួន”។
ព្រះរាជអាជ្ញារូបនេះមិនបានបញ្ចេញឈ្មោះបុរសទាំងនេះដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ខណៈពេលកំពុងរៀបចំដំឡើងឧគ្ឃោសនសព្ទសម្រាប់ការតវ៉ានោះទេ។ ស្នងការខេត្ត និងអធិការស្រុកសុទ្ធតែបដិសេធមិនឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណីនេះ។
លោក សាត ឈាងហួ ប្រធានសហភាពជាតិកម្ពុជាការពារកម្មករបានមានប្រសាសន៍ថា មនុស្សទាំងប្រាំពីរនាក់នេះជាសកម្មជនសហជីពនៅក្នុងសហជីពចំនួនពីរ។ បួននាក់ក្នុងចំណោមបុរសដែលត្រូវចាប់ខ្លួនទាំងនេះ មកពីសហជីពសហព័ន្ធអំណាចកម្មករខ្មែរ និងពីរនាក់ទៀតមកពីសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា។ លោកបានបញ្ជាក់ថា បុរសដែលជាប់ឃុំទាំងប្រាំមួយនាក់នេះមានឈ្មោះដូចជា ប៉ៃ បូរ៉ា ព្រំ ប៊ុនធឿន នឿន ខុម សុខ សុខហួត ឡោ សុភ័ក្ត្រ និង ចាន់ វាសនា។
លោកបានមានប្រសាសន៍ទៀតថា “វាអយុត្តិធម៌សម្រាប់ពួកគេ ពីព្រោះកម្មករបិទផ្លូវដោយខ្លួនឯង ហើយមន្ត្រីរបស់យើងគ្រាន់តែទៅសម្ដែងការគាំទ្រ និងប្រាប់ពួកគេអំពីសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរបែរជាចាប់ខ្លួនពួកគេឃុំទៅវិញ”។ លោកបានមានប្រសាសន៍បន្តទៀតថា ” ការធ្វើបែបនេះគឺដើម្បីគំរាមកំហែង និងបំភិតបំភ័យពួកយើងមិនឲ្យជួយកម្មករ ហើយវាធ្វើឲ្យពួកយើងស្ទាក់ស្ទើរក្នុងការបង្ហាញការគាំទ្រចំពោះកម្មករ”។
លោក សៀង រិទ្ធី ប្រធានសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា ក៏បានថ្កោលទោសចំពោះការចាប់ខ្លួននេះដែរ។លោកមានប្រសាសន៍ថា លោកបានឮកម្មករថា លោកជាជនសង្ស័យទី៧ដែលនគរបាលកំពុងតាមចាប់ខ្លួន ហើយថា ពេលនេះលោកកំពុងតែលាក់ខ្លួន។ លោកមានប្រសាសន៍ថា “ខ្ញុំព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្ញុំ ពីព្រោះខ្ញុំឮថា នគរបាលកំពុងតាមរកខ្ញុំ ពេលនេះខ្ញុំមិនអាចទៅផ្ទះជួបជុំក្រុមគ្រួសាររបស់ខ្ញុំបានទេ”។
កម្មការិនីម្នាក់ឈ្មោះ ចាន់ សន ធ្វើការនៅរោងចក្រ វីងស្តា និយាយថា ការតវ៉ាបានបញ្ចប់កាលពីម្សិលមិញ បន្ទាប់ពីរោងចក្របានយល់ព្រមតាមការទាមទារភាគច្រើនរបស់កម្មករ។ ប៉ុន្តែ កម្មការិនីរូបនេះនិយាយថា ពេលនេះពួកគេកំពុងមានផែនការធ្វើការតវ៉ានៅពន្ធនាគារខេត្តដើម្បីទាមទារឲ្យដោះលែងមន្ត្រីសហជីពទាំងនេះ នៅពេលពួកគេបើកប្រាក់ខែរួចនៅថ្ងៃសៅរ៍។ កម្មការិនីរូបនេះនិយាយទៀតថា “កម្មករខ្លះចង់ទៅពន្ធនាគារដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងពួកគេមកវិញ ប៉ុន្តែពួកយើងត្រូវបើកប្រាក់ខែរបស់យើងជាមុនសិន”។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានជំរុញយ៉ាងខ្លាំងក្លាឲ្យរដ្ឋាភិបាលចាប់ផ្ដើមចាប់ខ្លួនមន្ត្រីសហជីពនៅពីក្រោយអ្វីដែលពួកគេចាត់ទុកថា ជាកូដកម្ម “ខុសច្បាប់” ដែលបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនាំចេញសម្លៀកបំពាក់ដែលមានទំហំទឹកប្រាក់៥.០០០លានដុល្លាររបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។សមាគមនេះបានចោទប្រកាន់អាជ្ញាធរថា មិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ដើម្បីទប់ស្កាត់កូដកម្មទាំងនោះ។
ចំណែកឯក្រុមសហជីពវិញនិយាយថា ការចាប់ខ្លួនចុងក្រោយនេះ គឺច្បាស់ណាស់ថា ធ្វើឡើងក្នុងគោលបំណងធ្វើឲ្យពួកគេភ័យខ្លាចមិនហ៊ានរៀបចំកូដកម្មស្របច្បាប់។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “រដ្ឋាភិបាលភ័យខ្លាច និងព្រួយបារម្ភចំពោះកម្លាំងតវ៉ារបស់កម្មករ ដោយសារតែពួកគេមិនអាចបញ្ឈប់វាបាន។ ដូច្នេះហើយ ទើបបានជារដ្ឋាភិបាលចាប់ខ្លួនពួកគេដើម្បីគំរាមពួកយើង និងបំបាក់ស្មារតីរបស់សហជីពផ្សេងៗទៀត”។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជា បានមានប្រសាសន៍ថា ” ពួកគេចាប់ខ្លួនម្នាក់ដើម្បីគំរាមសហជីព១០០។ នេះគឺជាវិធានការថ្មីរបស់អាជ្ញាធរ និងតុលាការដើម្បីធ្វើឲ្យសហជីពមិនហា៊នជួយកម្មករតាមរយៈការចាប់ខ្លួនតំណាងរបស់ពួកគេ និងចោទប្រកាន់ពួកគេពីបទញុះញង់”។
នៅក្នុងករណីដាច់ដោយឡែកមួយ លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ថា តំណាងប្រាំបីរូបរបស់សហជីពលោកផ្ទាល់កំពុងលាក់ខ្លួននៅក្នុងខេត្តតាកែវ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា នគរបាលកំពុងតាមចាប់ខ្លួនពួកគេ ដោយសារការពាក់ព័ន្ធនឹងកូដកម្មមួយនៅរោងចក្រស្បែកជើងI-Cheng កាលពីម្សិលមិញ។
កាលពីម្សិលមិញអ្នកគ្រប់គ្រងរោងចក្រនេះ ឈ្មោះ នី ម៉ីឈីង បានបញ្ជាក់ថា មានកូដកម្មមួយនៅរោងចក្រនេះ ប៉ុន្តែបានបដិសេធមិនឆ្លើយបំភ្លឺបន្ថែមទៀតទេ៕ សុខុម