មិត្តភក្ដិនិងគ្រួសារសពរបស់អ្នកសារព័ត៌មានជនជាតិកាណាដា ឈ្មោះ ដេវ វ៉កឃើ ដែលត្រូវបានគេរកឃើញកាលពីថ្ងៃទី១ ខែឧសភា ក្នុងខេត្តសៀមរាបនោះ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយចោទប្រកាន់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកាណាដាថា បានចូលដៃចូលជើងក្នុងសកម្មភាពដែលពួកគាត់អះអាងថា ជាអំពើឃាតកម្មលើអ្នកសារព័ត៌មានរូបនេះ។
យោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយតាមអីុនធើណិតដោយអ្នកសារព័ត៌មានឈ្មោះ ណាតេ ថៃយ៉ើ ក៏ប៉ុន្តែត្រូវបានសន្និដ្ឋានថា ជាសេចក្ដីថ្លែងការណ៍របស់អ្នកស្រី តាមី ម៉ាដុន ដែលជាញាតិសាច់ជិតរបស់សព ដេវ វ៉កឃើ បានឲ្យដឹងថា ប្រតិបត្តិការស៊ើបអង្កេតនៅទីតាំងជាក់ស្ដែង ដែលធ្វើឡើងដោយក្រុមធ្វើកោសល្យវិច័យដែលមានសមាជិកប្រាំពីរនាក់ និងក្រុមអ្នកច្បាប់ បញ្ជាក់ថា នេះជាករណីឃាតកម្ម។
សេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារថា “សពលោក វ៉កឃើ ត្រូវបានគេរកឃើញថា បែរមុខឡើងលើនៅលើខ្នងរបស់សព”។ សេចក្ដីថ្លែងការណ៍ដដែលមានខ្លឹមសារបន្តទៀតថា “សេចក្ដីសន្និដ្ឋានបឋមលើកឡើងថា សពលោក វ៉កឃើ បាក់ក។ សពបានក្ដាប់ដៃយ៉ាងណែននៅលើដី។ ក្រុមអ្នកធ្វើកោសល្យវិច័យនិងអ្នកច្បាប់បានប៉ាន់ស្មានយ៉ាងជាក់លាក់លើ សពលោក វ៉កឃើ ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ដោយសល់តែរយៈពេលប្រហែល៥នាទីមុនពេលស្លាប់”។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងទៀតថា រដ្ឋាភិបាលកាណាដា កំពុងគ្រប់គ្រងព័ត៌មានទាំងនោះ ហើយបានដឹងរយៈពេលជាងពីរខែថា បុគ្គលដែលពាក់ព័ន្ធក្នុងករណីបាត់ខ្លួនរបស់សពលោក ដេវ វ៉កឃើ ដែលបច្ចុប្បន្នត្រូវបានបញ្ជាក់ថា ជាអំពើឃាតកម្មលើជនជាតិកាណាដាម្នាក់ទៀតនោះ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយលិខិតឆ្លងដែនកាណាដា របស់បុគ្គលនោះបានអស់សុពលភាពហើយ។
សេចក្ដីថ្លែងការណ៍ដដែលមានការអះអាងទៀតថា បុគ្គលដែលអាជ្ញាធរកម្ពុជាចង់តាមចាប់ខ្លួនដើម្បីសាកសួរអំពីករណីស្លាប់នេះនោះ បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ដោយប្រើលិខិតឆ្លងដែនថ្មី ដែលត្រូវបានអាជ្ញាធរកាណាដា ចេញឲ្យ។
សពលោក ដេវ វ៉កឃើ អាយុ៥៨ឆ្នាំ បានបាត់ខ្លួនក្នុងស្ថានភាពដ៏អាថ៌កំបាំងពីផ្ទះសំណាក់នៅខេត្តសៀមរាប កាលពីខែកុម្ភៈ។ សពនេះត្រូវបានគេរកឃើញកាលពីថ្ងៃទី១ ខែឧសភា ដោយក្មេងប្រុសពីរនាក់នៅក្បែរប្រាសាទអង្គរធំក្នុងឧទ្យានបុរាណវត្ថុវិទ្យាអង្គរ។
នគរបាលកម្ពុជាបានលើកឡើងម្ដងហើយម្ដងទៀតថា សពលោក វ៉កឃើ បានស្លាប់ដោយសារជំងឺគាំងបេះដូង។ កាលពីថ្ងៃព្រហស្បតិ៍ លោក សត ណាឌី ស្នងការនគរបាលខេត្តបានអះអាងថា សពលោក វ៉កឃើ ទំនងជាលែងដឹងខ្លួនតែឯងនៅក្នុងព្រៃ និងនៅឆ្ងាយពីផ្ទះសំណាក់របស់ខ្លួន ដោយសារតែខ្វះខ្យល់បរិសុទ្ធនៅក្នុងដើមឈើ។
ក៏ប៉ុន្តែ អ្នកស្រី ម៉ាដុន បានលើកឡើងថា មិនធ្លាប់មានការវះកាត់ពិនិត្យសពទេ ហើយមន្ត្រីកម្ពុជាបានហាមក្រុមអ្នកច្បាប់មិនឲ្យយកសពទៅប្រទេសថៃដើម្បីពិនិត្យបន្ថែមទេ។ អ្នកស្រីបានមានប្រសាសន៍ថា “អស់រយៈពេល៤៨ម៉ោងហើយ តាំងពី ចាប់ផ្តើមមានការលាក់បាំងករណីឃាតកម្មលើសពលោក វ៉កឃើ រដ្ឋាភិបាលកាណាដា នៅតែរក្សាភាពស្ងៀមស្ងាត់ និងបានចូលដៃចូលជើងក្នុងការលាក់បាំងដោយចេតនាចំពោះអំពើឃាតកម្មលើប្រជាពលរដ្ឋកាណាដាមួយរូបនេះ”។
សេចក្ដីថ្លែងការណ៍ទី២ ដែលចេញផ្សាយដោយអ្នកស្រី ម៉ាដុន ផងដែរនោះបានបដិសេធសេចក្ដីអះអាងរបស់លោក ទូច ម៉ាឡៃ អនុប្រធានការិយាល័យបច្ចេកទេសខេត្ត និងនគរបាលវិទ្យាសាស្ត្រ ដែលថា ក្រុមអ្នកជំនាញផ្នែកច្បាប់មកពីប្រទេសកាណាដា និងថៃបានវះពិនិត្យសពនេះ។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា “សេចក្ដីអះអាងទាំងនោះពិតជាមិនត្រឹមត្រូវទេ ហើយការពិតគឺថា អ្នកសារព័ត៌មានជនជាតិកាណាដា ឈ្មោះ ដេវ វ៉កឃើ ត្រូវបានគេធ្វើឃាត ហើយរឿងនេះត្រូវបានដឹងដល់រដ្ឋាភិបាលកាណាដា រដ្ឋាភិបាលកម្ពុជានិងក្រុមអ្នកធ្វើកោសល្យវិច័យ និងក្រុមអ្នកច្បាប់ ព្រមទាំងគ្រួសារសពរបស់ លោក ដេវ វ៉កឃើ”។ សេចក្ដីថ្លែងការណ៍ដដែលមានខ្លឹមសារបន្តទៀតថា “រហូតមកទល់ពេលនេះមិនមានការវះពិនិត្យសពលោកទេ”។
លោក ម៉ាឡៃ មិនអាចទំនាក់ទំនងធ្វើសេចក្ដីអត្ថាធិប្បាយបានទេ ក៏ប៉ុន្តែលោក ហេង ពេជ្រ អនុប្រធានការិយាល័យបច្ចេកទេសខេត្ត និងនគរបាលវិទ្យាសាស្ត្របានបដិសេធសេចក្ដីអះអាងថា ជនជាតិកាណាដារូបនេះត្រូវបានធ្វើឃាត ហើយមិនមានការលាក់បាំងរឿងនេះទេ។ លោកសួរថា “តើគេមានភ័ស្ដុតាងអ្វីដែលបញ្ជាក់ថា នេះគឺជាករណីឃាតកម្ម?”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ប្រសិនបើគាត់លើកឡើងថា វាជាអំពើឃាតកម្ម សូមអញ្ជើញគាត់ឲ្យចេញមុខធ្វើសក្ខីកម្មជាមួយនគរបាល ពីព្រោះយើងមិនបានឃើញថា វាជាអំពើឃាតកម្មទេ ដោយផ្អែកទៅលើការពិនិត្យរបស់យើង”។
លោក ពេជ្រ ក៏បានច្រានចោលសេចក្ដីអះអាងដែរថា អាជ្ញាធរកម្ពុជាបានហាមក្រុមអ្នកច្បាប់អន្តរជាតិមិនឲ្យពិនិត្យបន្ថែមលើសពនេះនៅប្រទេសថៃ ដោយលើកឡើងថា អាជ្ញាធរនៅទីនេះត្រូវបញ្ចប់កិច្ចការផ្នែកឯកសារក្នុងករណីនេះ។
លោកបានមានប្រសាសន៍ថា “ឥឡូវនេះសពកំពុងត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរងចាំសាច់ញតិ ឬក៏ស្ថានទូតមកយក”។ មន្ត្រីនៅស្ថានទូតកាណាដា ក្នុងទីក្រុងបាងកកមិនអាចទំនាក់ទំនងធ្វើសេចក្ដីអត្ថាធិប្បាយបានទេ៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)