The Cambodia Daily Khmer

តុលាការផ្អាកការផ្ទេរសិទ្ធិជួលឆ្នេរជ័យជម្នះ

យោង​​​តាម​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​ឯកសារ​​​របស់​​​តុលាការ​ទទួល​បាន​កាល​​​ពី​​​ម្សិល​មិញឲ្យដឹងថា អ្នក​​ជំនួញ​​​ជន​​​ជាតិ​​​រុស្ស៊ី​​​​​ នីកូឡៃដូរ៉ូ​សេនកូ (Nikolai Doroshenko ) និង សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ​​ជាប់​​ពាក់​​ព័ន្ធ​ក្នុង​​វិវាទ​ផ្លូវ​​ច្បាប់​​​មួយ​ជុំវិញ​បញ្ហា​ផ្ទេរ​សិទ្ធិ​ជួល​ឆ្នេរ​​​ជ័យជម្នះ​ នៅ​​​ខេត្ត​ព្រះ​សីហនុបន្ទាប់​ពី​មាន​​ការ​​ដោះ​លែង​លោក ប៉ូឡុនស្គី​​ពី​​​ពន្ធនាគារ​​កាល​ពីខែ​មុន​។

សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ​បាន​​​រារាំង​លោក ដូរ៉ូសេនកូ​​ជា​​​បណ្តោះ​​អាសន្ន​​មិន​​​ឲ្យ​ផ្ទេរ​សិទ្ធិ​​​​ជួល៩៩​​​ឆ្នាំ​​​ដែល​​​​​​ក្រុម​ហ៊ុន​របស់​លោក​កាន់កាប់​​ឆ្នេរ​​​មាន​ផ្ទៃដី​៣.៥៣៦​ម៉ែត្រ​​​ក្រ​​​ឡា​​​​ទៅ​​​ឲ្យ​ក្រុម​ហ៊ុន​​​តៃ​​​វ៉ាន់​​​មួយ​ពីព្រោះ​គាត់​​បាន​រំលោភ​លក្ខ​ខណ្ឌ​នៃកិច្ចសន្យា​ពីមុន​មួយ​​សម្រាប់​ដីធ្លី​​ជាមួយ​​លោក ប៉ូឡុន​ស្គី ជាអតីត​មហា​សេដ្ឋី​អចលនទ្រព្យ​​​ជនជាតិ​រុស្ស៊ី​។

​ ​នៅ​​​ក្នុង​​​ច្បាប់​​​ចម្លង​​​នៃ​​​សេចក្តី​​​សម្រេច​របស់​តុលាការ “តុលាការ​​​​​​មិន​​អនុញ្ញាតជា​​​បណ្តោះ​​​អាសន្ន​ឲ្យលោក នីកូឡៃ​ ដូរ៉ូ​សេន​កូ លក់ ដោះដូរ ​​ជួល ​​បញ្ចាំ ផ្ទេរសិទ្ធិ ផ្តល់​​ជា​​​អំណោយ ​ចែក​​​កេរ្តិ៍ឬ​ផ្តល់​​អំណោយនូវ​ឆ្នេរ​ជ័យ​ជម្នះ​​​​ឡើយ​​​…​​រាប់ទាំង​​អគារ ​កំពង់ផែនិង​​នាវា​ផង​​​លុះ​​​ត្រា​​​តុលាការ​​សម្រេច​​​លើ​​​​សំណុំរឿង​ក្តី​នេះ​​រួចរាល់​សិន”។

សេចក្តី​​​សម្រេច​​​របស់​តុលាការ​ចុះថ្ងៃទី​៣០ ខែ​មេសា​​​និង​​​ចុះ​ហត្ថ​លេខា​​ដោយ​លោក គឹម ​អេង ជាអនុ​​​ប្រធាន​​​សាលាដំបូង​ខេត្តនៅថ្ងៃទី​១៨ខែមករា ធ្វើឡើង​បន្ទាប់ពីពាក្យបណ្តឹងមួយត្រូវបានដាក់ក្នុងនាម​លោក​ ប៉ូឡុន​ស្គី។

ឆ្នេរ​​ជ័យជម្នះ ​ស្ថិត​​​នៅ​​​ជិត​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ក្នុង​​​សង្កាត់​​លេខ៣ត្រូវ​​​បាន​យល់​​ព្រម​ផ្តល់​កិច្ចសន្យា​​ជួល​​រយៈ​​ពេល​​៩៩ឆ្នាំទៅ​​​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​កោះ​​ពស់ ដែល​​ជា​របស់​លោក​ ដូរ៉ូ​សេនកូ។

សេចក្តី​​​សម្រេច​របស់​​តុលាការ​នេះ​​​មាន​ខ្លឹមសារ​ថា នៅ​​​ថ្ងៃ​​​ទី​៨ខែ​មេសាឆ្នាំ២០១៣ លោក ដូរ៉ូសេនកូ​បាន​​​ផ្ទេរ​កិច្ច​សន្យា​ជួល​ឆ្នេរ​ជ័យ​ជម្នះ​នេះទៅ​​​ឲ្យ​ជនជាតិ​​អ៊ុយក្រែន​វ័យ​៣៨ឆ្នាំ​ម្នាក់ដែល​​​ឈ្មោះ​​​របស់​​​គាត់​​ត្រូវ​​​បាន​​​​​លុប​​​ចេញ​​​ពី​​​ឯកសារ​ ហើយដែល​ក្រោយមក​​បាន​ប្រគល់​សិទ្ធិ​របស់​លោក​​ឲ្យ​ទៅ​​​លោក ប៉ូឡុន​​​ស្គី។

សេចក្តីសម្រេច​របស់តុលាការ​លើកឡើងថា​ ជនជាតិ​​អ៊ុយក្រែន​រូប​​​នេះ​បាន​កក់​​​ប្រាក់​​​និង​​​បាន​យល់​ព្រម​បង់​​​​ចំនួន​​​ប្រាក់​នៅ​​​សល់​​នៃ​​​ការ​​​វិនិយោគបន្ទាប់ពី​ទទួល​​បាន​លិខិត​ផ្លូវច្បាប់​ពី​​​ការ​ផ្ទេរ​​​នេះ។​​អ្នកតំណាង​​​​​​មកពី​ភាគី​​​លោក ដីរ៉ូសេនកូ និង​​​លោក ប៉ូឡុនស្គី​​បាន​និយាយ​ថា​ប្រាក់​​​កក់​​​នេះ​​​មាន​ចំនួន​២០០.០០០​ដុល្លារ​បើ​​​ទោះ​​​ជា​​តួលេខ​នេះ​ត្រូវ​​​បាន​លុប​​​ចេញ​​​ពី​ឯក​សារ​​​​​របស់​តុលាការ​​​ក៏ដោយ។

ឯកសារ​តុលាការ​មាន​​​ខ្លឹម​​​សារ​​​ថា​នៅ​​​ខែ​បន្ទាប់​​​មក​​​ទៀត ​បុរស​​ជន​ជាតិ​​​អ៊ុយ​ក្រែន​រូប​​​នេះមិន​​​ដែល​​​បាន​​​ទទួល​លិខិត​ផ្ទេរ​សិទ្ធិ​នេះ​ទេ។ ផ្ទុយទៅវិ​ញ លោកដូរ៉ូសេនកូ​បាន​​​លក់​កិច្ច​សន្យា​​ជួល​​នេះ​ទៅ​ឲ្យ​ជនជាតិ​តៃ​​​វ៉ាន់​ម្នាក់​​​ដោយ​​​រំលោភ​កិច្ចសន្យា​។ ទោះ​​​ជា​​​យ៉ាង​​​ណា មេធាវី​​​របស់​​​លោកដូរ៉ូសេនកូ ​បាន​​​អះ​​​អាង​​​កាល​​​ពី​​​ម្សិល​​​មិញថា លោក ប៉ូឡុនស្គីនិយាយ​​​កុហក​តុលាការ​​ឲ្យ​​​ពួក​​​គេ​​សម្រេច​ជួស​​មុខ​​​គាត់​និង​​​បាន​និយាយ​ថា លោក ដូរ៉ូសេន​​​កូបាន​​​ធ្វើ​​ពាក្យ​បណ្តឹង​​ត​ប​​​វិញ​ហើយ។

លោក ស៊ុន សំអុលមេធាវី​​របស់​​​លោក ដូរ៉ូសេនកូ ​បាន​​​លើកឡើង​ក្នុង​​​អ៊ី​​​ម៉េល​​​ថា “ប៉ូឡុន​ស្គី និយាយ​កុហក​ថាគាត់​​​បាន​បង់​​​ប្រាក់​ចំនួន​២០០.០០០​ដុល្លារ​ឲ្យ​លោក ដូរ៉ូសេនកូ​ដើម្បី​​​ទិញ​ឆ្នេរ​ជ័យ​ជម្នះ​ទំហំ​​​ប្រមាណ​៣.០០០​ម៉ែត្រក្រឡា។ប៉ុន្តែ​​​តាមពិត ​ចាប់​​​ពីមុន​មកដល់​​​ពេលនេះ ប៉ូឡុនស្គីមិនដែល​​បាន​​បង់​ប្រាក់​ឲ្យ​​​លោក ដូរ៉ូសេនកូ ​​ដើម្បី​​​ទិញ ឬ​​​ ផ្ទេរ​​សិទ្ធិ​​ជួល​ឆ្នេរ​ជ័យជម្នះ​​​ទេ​​​”។

លោក​ សំអុលក៏​​​បាន​​​មានប្រសាសន៍​​ដែរ​​​ថា ដូរ៉ូសេនកូបាន​​​លក់​​​ភាគ​ហ៊ុន​ភាគ​ច្រើន​​នៅ​​​ក្នុង​​​ក្រុម​ហ៊ុន​វិនិយោគ​កោះពស់​​ទៅ​​​ឲ្យ​ក្រុម​​​ហ៊ុន​​​ចិន​​​មួយ​​កាលពី​​ចុង​​​ឆ្នាំ​​​មុន។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ដំណាច់​​​​​​ឆ្នាំ​២០១៣​​ភាគ​ហ៊ុន​​​របស់​ក្រុម​ហ៊ុន​​​នេះបាន​ផ្ទេរ​សិទ្ធិ​​​ទៅ​​​ឲ្យ​ជនជាតិ​ចិន​​រួច​ហើយ​។ មានន័យថា​​ឆ្នេរ​​ជ័យ​​ជម្នះ​​​មិន​ស្ថិត​​ក្រោម​ការ​ត្រួតត្រា​​​របស់​ ដូរ៉ូសេនកូ​ទៀត​​​ទេ​”។

កាលពីឆ្នាំមុន លោក ប៉ូឡុន​​​ស្គី​បាន​ប្រឈម​​​នឹង​វិវាទ​ផ្លូវច្បាប់​មួយ​​​ចំនួន​​​​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​និងប្រទេស​រុស្ស៊ី។លោក​​​ត្រូវ​បាន​គេតាម​ចាប់ខ្លួន​​នៅ​​​ក្នុង​​ប្រទេស​រុស្ស៊ី​ជុំវិញ​​​ការ​ចោទប្រកាន់​​ពី​​​បទ​កិប​កេង​ប្រាក់​​​ជាង​១៨០​លាន​ដុល្លារ​​ពី​ក្រុម​វិនិយោគិន​​​នៅ​​​ក្នុង​គម្រោង​​អចលន​ទ្រព្យ​​​​នៅ​​​ក្នុង​​ទីក្រុង​មូស្គូ​។ កាល​​​ពី​​​ខែ​​​មុន តុលាការ​កម្ពុជា​មួយ​​បាន​បដិសេធ​​ជា​​​លើក​​ទី​២ចំពោះ​​​សំណើ​សុំ​ធ្វើ​បត្យាប័ន​​​ពី​​​ប្រទេស​​រុស្ស៊ី។

នៅ​​​ក្នុង​​​ប្រទេស​កម្ពុជា​​គាត់​ប្រឈម​នឹង​​​ការ​ចោទប្រកាន់​​ជុំ​​​វិញ​ការ​វាយ​បុរស​ជនជាតិ​ខ្មែរ​ចំនួន​ប្រាំ​​​មួយ​​​នាក់​ដែលធ្វើ​ការ​​​នៅ​លើ​​ទូក​​​នៅ​​​ក្នុង​​​សមុទ្រ​ខេត្ត​​​ព្រះសីហនុ​​កាល​​​ពី​​​ក្នុង​​​ខែ​ធ្នូ ឆ្នាំ​២០១២។មន្ត្រី​​​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ​​​កន្លង​​មក​​បាន​​​និយាយ​​​ថាការ​កាត់ទោស​ លោកប៉ូឡុនស្គី​ត្រូវ​​​បា​ន​ពន្យារ​ពេល​ដោយ​​គ្មាន​​ពេលកំណត់​ហើយ​​​កាល​​ពីម្សិលមិញ​បាន​បដិសេធ​មិនធ្វើ​​អត្ថាធិប្បាយ​ឡើយ៕ប៊ុននី​​​​​​​

Exit mobile version