មន្ត្រីអប់រំម្នាក់បានឲ្យដឹងថា កំហុសបច្ចេកទេសបានធ្វើឲ្យគ្រូបង្រៀន៥៧នាក់នៅក្នុងខេត្តឧត្តរមានជ័យ បាត់បង់ប្រាក់បង្រៀនថែមម៉ោងរបស់ខ្លួន ហើយបានសន្យាថា បញ្ហានេះនឹងត្រូវដោះស្រាយត្រឹមដំណាច់ខែឧសភា។
កាលពីថ្ងៃច័ន្ទ សមាគមគ្រូបង្រៀនបានស្នើឲ្យក្រសួងអប់រំដោះស្រាយលុយប្រហែល៥.២០០ដុល្លារដែលជាលុយសម្រាប់បើកឲ្យគ្រូបង្រៀនថែមម៉ោងរយៈពេលប្រាំមួយខែចំនួន១៧នាក់នៅសាលាបឋមសិក្សាអន្លង់វែង ដោយអះអាងថា មន្ត្រីពុករលួយបានលួចលុយនោះ។ ប៉ុន្តែមន្ត្រីខេត្តម្នាក់បាននិយាយកាលពីម្សិលមិញថា បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់គ្រូបង្រៀនជាច្រើននាក់។
លោក ជឿន ឈា ប្រធានស្ដីទីមន្ទីរអប់រំខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា “យើងទទួលស្គាល់ថា គ្រូបង្រៀន៥៧នាក់មានបញ្ហាជាមួយប្រាក់ខែរបស់ខ្លួននៅទូទាំងខេត្ត។យើងបានប្រាប់មន្ត្រីអប់រំស្រុកឲ្យយកលុយដ៏ច្រើននោះមកវិញ និងប្រគល់ទៅឲ្យគ្រូបង្រៀននៅខែនេះវិញ”។
គ្រូបង្រៀនមួយចំនួននៅសាលាបឋមសិក្សាអន្លង់វែង មិនទាន់បានទទួលប្រាក់បង្រៀនថែមម៉ោងទេ ប៉ុន្តែគ្រូបង្រៀនផ្សេងទៀតបានទទួលលុយដែលពួកគាត់មិនត្រូវទទួលបានទៅវិញ ហើយមន្ត្រីស្រុកត្រូវយកលុយនោះមកវិញ។បញ្ហានេះធ្វើឲ្យមានការអះអាងអំពីអំពើពុករលួយពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
លោក ឈា បានបន្ទោសទៅលើកំហុសបច្ចេកទេសពេលរៀបចំប្រាក់ខែ ហើយបានអះអាងថា គ្រូបង្រៀននៅខេត្តនេះធ្លាប់បានដឹងអំពីបញ្ហានេះ។លោកបានមានប្រសាសន៍ថា “យើងបានប្រាប់គ្រូបង្រៀនទាំងនោះរួចហើយអំពីបញ្ហានេះ ហើយពួកគាត់បានយល់ហើយ។ មានតែស្រុកអន្លង់វែងប៉ុណ្ណោះមានប្រតិកម្ម”។ “ប្រសិនបើយើងរកឃើញថា មន្ត្រីអប់រំស្រុកជាប់ពាក់ព័ន្ធនៅក្នុងអំពើពុករលួយដូចការចោទមែននោះ មន្ត្រីទាំងនោះត្រូវប្រឈមនឹងក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ញ៉ន សារុន សមាជិកគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាគ្រូបង្រៀននៅសាលាបឋមសិក្សាអន្លង់វែង បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីកំហុសបច្ចេកទេសនេះទេ ហើយបានអះអាងអំពីអំពើពុករលួយ។
លោកបានមានប្រសាសន៍ថា “គ្រូបង្រៀនមកពីសាលាបឋមសិក្សាដែលក្រុមមន្ត្រីបានលួចឈ្មោះរបស់ពួកគាត់នេះបានបាត់បង់លុយយ៉ាងហោចណាស់ម្នាក់៣៦២ដុល្លារ ហើយខ្ញុំជឿថា គ្រូបង្រៀនជាច្រើនទៀតនៅក្នុងខេត្តនេះក៏ត្រូវបានគេលួចឈ្មោះ និងប្រាក់ខែរបស់ពួកគាត់ដែរ”។ លោកបានឲ្យដឹងទៀតថា “ប្រសិនបើមិនមានដំណោះស្រាយទេ យើងនឹងប្រមូលស្នាមមេដៃពីគ្រូបង្រៀនឲ្យបានច្រើននៅក្នុងខេត្តនេះ ហើយធ្វើពាក្យបណ្ដឹងអំពីអំពើពុករលួយនេះ៕ គឹមហឿន