យោងតាមលិខិតមួយច្បាប់ពីបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ហៅកាត់ TRC ជូនចំពោះប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនទូរស័ព្ទស្មាត (Smart) ដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា កាលពីសប្ដាហ៍មុន TRC បានព្រមានក្រុមហ៊ុនទូរស័ព្ទស្មាតថា ក្រុមហ៊ុននេះអាចប្រឈមនឹងបណ្ដឹងពីបទព្យាយាមទាក់ទាញអតិថិជន ពីក្រុមហ៊ុន qb ដែលជាគូប្រជែង និងបានបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទស្មាតដោះស្រាយបញ្ហានេះជា បន្ទាន់។
លិខិត ចុះថ្ងៃទី១៩ ខែឧសភា និងចុះហត្ថលេខាដោយលោក ម៉ូវ ចរិយា ប្រធាន TRC ត្រូវបានបញ្ជូននៅថ្ងៃដដែលទៅសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យនិយោជិត និងដៃគូរបស់ក្រុមហ៊ុនទូរស័ព្ទស្មាត ឈប់ទាក់ទងជាមួយអតិថិជនរបស់ក្រុមហ៊ុន qb និងឈប់ផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានគោលបំណងទាក់ទាញអតិថិជនពីក្រុមហ៊ុន qb។
លិខិត នេះឲ្យដឹងថា ក្រុមហ៊ុនស្មាត ដែលជាក្រុមហ៊ុនទូរស័ព្ទដៃធំបំផុតទី២ គិតតាមចំនួនអតិថិជននៅក្នុងប្រទេសកម្ពុជា បានព្យាយាមដោយមិនត្រឹមត្រូវ ទាក់ទាញអតិថិជនពី ក្រុមហ៊ុន qb ជាក្រុមហ៊ុនមួយចំណោមក្រុមហ៊ុនតូចបំផុតនៅក្នុងប្រទេសនេះ។
ក្រុមហ៊ុន qb បានចោទប្រកាន់ក្រុមហ៊ុនស្មាតពីបទបង្ខូចកិត្តិនាមនិងធ្វើ ឲ្យខូចផលប្រយោជន៍ហិរញ្ញវត្ថុ បន្ទាប់ពីក្រុមហ៊ុនទាំងពីរនេះបានបញ្ចប់កិច្ចព្រមព្រៀងមាន យូរមកហើយ ដែលអនុញ្ញាតឲ្យអតិថិជនក្រុមហ៊ុន qb ប្រើបណ្តាញរបស់ក្រុមហ៊ុនស្មាត នៅពេលដែលពួកគេប្រើសេវារ៉ូមីង (roaming)។ មុនពេលមានការបញ្ចប់កិច្ចព្រមព្រៀង ក្រុមហ៊ុន qb បានចាប់ផ្ដើមទទួលការហៅទូរស័ព្ទពីអតិថិជន ដែលលើកឡើងថា ក្រុមហ៊ុនស្មាតកំពុងតែទាក់ទងពួកគេឲ្យប្តូរទៅប្រើបណ្ដាញ ទូរស័ព្ទស្មាតវិញ។
លិខិតនេះមានខ្លឹមសារថា “ក្រុមហ៊ុនស្មាតមិនបានផ្ដល់ការពិតនិងមិនមានការអនុញ្ញាតពី ក្រុមហ៊ុន Cambodia Advance Communication Co. (CADCOMMS) ស្របតាមច្បាប់ ដើម្បីទាក់ទាញអតិថិជន ដោយរំលោភសិទ្ធិបុគ្គល ឬនីតិបុគ្គលដែលច្បាប់ការពារ”។
ក្រុមហ៊ុនស្មាត គឺជាសាខាក្រុមហ៊ុន AxiataGroupBerhad មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី រីឯក្រុមហ៊ុន qb គឺជាម៉ាករបស់ក្រុមហ៊ុន CADCOMMS របស់ជនជាតិអារ៉ាប៊ីសាអូឌីត។
លិខិតនេះបន្តថា ក្រុមហ៊ុនស្មាតបានរំលោភផ្នែកជាច្រើននៃប្រកាស២០៦ ស្តីពីការភ្ជាប់បណ្ដាញ ដែលធ្វើបញ្ញត្តិកម្មកិច្ចព្រមព្រៀងសេវា Roaming ក្នុងស្រុក។ លិខិតនេះបានប្រាប់ក្រុមហ៊ុនទូរស័ព្ទស្មាតឲ្យបញ្ឈប់ជាបន្ទាន់នូវ ការបញ្ចុះបញ្ចូលអតិថិជនរបស់ក្រុមហ៊ុន qb និងបង្ខូចកិត្តិនាមក្រុមហ៊ុន qb។
លិខិតនេះក៏បានប្រាប់ ក្រុមហ៊ុនស្មាតឲ្យដោះស្រាយជាមួយក្រុមហ៊ុនqb និងពន្យល់TRC អំពីការអនុវត្តកិច្ចព្រមព្រៀងសេវារ៉ូមីង។ លិខិតនេះមានខ្លឹមសារថា “សូមដោះស្រាយ ជាមួយ CADCOMMS នូវសកម្មភាពមិនសមស្របជាបន្ទាន់ ដែលផ្ទុយទៅនឹងច្បាប់ដែលបានចែង និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នៅពេលក្រុមហ៊ុន CADCOMMS ប្ដឹងទាមទារសិទ្ធិនីតិបុគ្គលនិងសិទ្ធិអត្រានុកូលដ្ឋាន ដូចដែលបានចែងនៅក្នុងច្បាប់ស្តីពីក្រមរដ្ឋប្បវេណីនៃព្រះរាជា ណាចក្រកម្ពុជា”។
ប្រភពមួយ ដែលដឹងច្បាស់អំពីនីតិវិធីនេះ ហើយបដិសេធមិនប្រាប់ឈ្មោះ ដោយសារភាពរសើបនៃបញ្ហានេះ បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុន qb នឹងបន្តបណ្ដឹងរដ្ឋប្បវេណីនិងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុន ស្មាត ពីព្រោះក្រុមហ៊ុនដ៏ធំនេះ បានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគកូនហ៊ុនទាំងអស់របស់ក្រុមហ៊ុន qb ដែលមានទឹកប្រាក់ប្រមាណជាង១២០លានដុល្លារ។ ប្រភពនេះបានឲ្យដឹងថា “ប្រសិនបើពួកគេនៅតែបន្តធ្វើ ក្រុមហ៊ុន qb នឹងគ្មានអតិថិជន ឬចំណូលឡើយ”។
លោក ថូម៉ាស ហាន(Thomas Hundt) ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្មាតបានបដិសេធមិនធ្វើអត្ថា ធិប្បាយកាលពីម្សិលមិញ។ លោក ម៉ៃឃើល ហ្វីតប៉ាទ្រីក (Michael Fitzpatrick) ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទ qb បានមានប្រសាសន៍ថា ក្រុមហ៊ុន qb កំពុងតែរង់ចាំព័ត៌មានពីក្រុមហ៊ុនស្មាត មុនពេលធ្វើសេចក្តីសម្រេចនៅពេលខាងមុខ។ លោកបានមានប្រសាសន៍ថា “តាមខ្ញុំដឹង យើងមិនទាន់មានចម្លើយតបផ្លូវការពីក្រុមហ៊ុនស្មាតទេ។ ដូច្នេះយើងត្រូវរង់ចាំពួកគេ”។
ក្រុមហ៊ុនស្មាត បញ្ចូលជាមួយក្រុមហ៊ុន ហេឡូ ជារបស់ Axiata កាលពីឆ្នាំមុន និងអះអាងថា មានអតិថិជនជាង៥លាននាក់។ ក្រុមហ៊ុន qb មានអតិថិជនប្រហែល៥០០.០០០នាក់៕ប៊ុននី