មន្ត្រីម៉ាឡេស៊ីម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី បានកើនឡើងអំឡុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះដល់១៧,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក រ៉ាហ្សាលេន អាប់ឌុល រ៉ាសីុដ (Rasazlan Abdul Rashid) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ទៅកាន់អ្នកចូលរួមប្រហែល១៥០នាក់នៅឯពិធីសម្ពោធការតាំងពិព័រណ៍ពាណិជ្ជកម្មមួយនៅក្នុងរាជធានីភ្នំពេញថា ពាណិជ្ជកម្មនេះបានកើនឡើងពី៨៩,៦៣លានដុល្លារដល់១០៥,៤លានដុល្លារ។
លោក រ៉ាសីុដ បានលើកឡើងថា ” ម៉ាឡេស៊ី បាននាំចេញភេសជ្ជៈ និងថ្នាំជក់ គ្រឿងបម្លាស់ អាហារកែច្នៃ សារធាតុគីមី ផលិតផលគីមី គ្រឿងចក្រ និងសម្ភារផ្ទះបាយ ។ កម្ពុជាបាននាំចេញកៅស៊ូ វាយនភណ្ឌ សម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ សារធាតុគីមី ផលិតផលគីមី និងដូងប្រេង”។
លោកបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៣ ការនាំចេញរបស់ប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជាមានតម្លៃ២៣៥លានដុល្លារ ចំណែកការនាំចេញរបស់កម្ពុជាទៅប្រទេសម៉ាឡេស៊ីវិញមានតម្លៃ១៩៣,៧១លានដុល្លារ គឺ៤៨៩ភាគរយពីទឹកប្រាក់៣២,៨៧លានដុល្លារក្នុងឆ្នាំ២០១០។
ចាប់តាំងពីចូលអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៩ កម្ពុជាបានខិតខំប្រឹងប្រែង និងផ្តួចផ្តើមក្រោមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានដើម្បីពង្រីកការវិនិយោគក្រៅប្រទេសចូលមកប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “ ក្នុងនាមជាសមាជិកអាស៊ាន យើងត្រូវមានទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីនៃប្រទេសនេះបានជួបគ្នា និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍវិស័យផ្សេងៗ ដូចជា បដ្ឋិសណ្ឋារកិច្ច ធនាគារ ថាមពល និងវិស័យជាច្រើនទៀត”។
លោក រ៉ាចា បាឌ្រូលនីហ្សាម (Raja Badrulnizam) ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា របាំងមិនមែនពន្ធ ហេដ្ឋារចនាសម្ព័ន្ធ ការងារជំនាញ និងបញ្ញត្តិសម្រាប់ការវិនិយោគស្ថិតក្នុងចំណោមការប្រឈមសំខាន់ៗដែលគួរតែលើកឡើងដើម្បីបង្កើនកម្រិតពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា ” ប្រទេសទាំងពីគួរតែខិតខំប្រឹងប្រែងផ្សព្វផ្សាយបន្ថែមទៀតដូចជា ការតាំងពិព័រណ៍ពាណិជ្ជកម្ម ដើម្បីទាក់ទាញវិនិយោគិនឲ្យកាន់តែច្រើនដោយធ្វើឲ្យប្រសើរឡើងនូវបញ្ញត្តិវិនិយោគ បង្កើតគោលនយោបាយលើកទឹកចិត្តបន្ថែមទៀត និងដករបាំងពាណិជ្ជកម្ម។
លោក ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ប្រទេសទាំងពីរនៅមានការងារច្រើនត្រូវធ្វើក្នុងការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច។
លោកបានមានប្រសាសន៍ថា ” បើទោះជាមានកំណើនខ្លាំងឆ្នាំលើឆ្នាំក៏ដោយ ក៏តួលេខនេះនៅតែតូចនៅឡើយ បើធៀបនឹងប្រទេសផ្សេងទៀត ដូចជា ប្រទេសថៃ វៀតណាម និងប្រទេសចិន។ ខ្ញុំគិតថា នៅតែមានចំណុចច្រើនត្រូវកែលំអ”៕ ប៊ុននី