មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា កាលពីម្សិលមិញ កងរាជអាវុធហត្ថបានចាប់ខ្លួនអតីតអគ្គកុងស៊ុលម្នាក់ប្រចាំនៅទីក្រុងហូជីមិញពីបទផ្តល់ឯកសារក្លែងក្លាយទៅឲ្យពាណិជ្ជករមា្នាក់នាំឈើចេញទៅប្រទេសវៀតណាម។
លោក វរសេនីយ៍ឯក ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍ថា លោក តាំង សុខងី អាយុ៣៦ឆ្នាំ ដែលពេលនេះជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសត្រូវបានចាប់ខ្លួននៅឯភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញពីបទក្លែងឯកសារដើម្បីផ្តល់សិទ្ធិធ្វើអាជីវកម្មឆ្លងដែន។
លោកបានបដិសេធមិនប្រាប់ឈ្មោះអាជីវកម្មឬម្ចាស់អាជីវកម្មដែលមានបញ្ហានោះឡើយ និងមិនបរិយាយល្អិតល្អន់អំពីទំនាក់ទំនងរបស់លោក សុខងី ជាមួយក្រុមហ៊ុនទេ។
លោកវរសេនីយ៍ឯក ដាវី បានមានប្រសាសន៍ថា “យើងបានអនុវត្តដីការបស់តុលាការ” ដើម្បីចាប់គាត់។ លោកបានបន្តថា ” តុលាការបានចោទប្រកាន់គាត់ពីបទផ្តល់ឯកសារសាធារណៈក្លែងក្លាយ”។ លោកបានមានប្រសាសន៍ថា លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនដើម្បីឃាត់ខ្លួនលោក សុខងី ដែលលោកបានមានប្រសាសន៍ថា ទើបតែបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងក្រុងហូជីមិញក្នុងពេលថ្មីៗនេះ។ លោកបានមានប្រសាសន៍ថា ” គាត់ត្រូវឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី”៕ ប៊ុននី