ប្តីប្រពន្ធពីរនាក់ដែលតាមចោទថា បានវាយដំនិងធ្វើទារុណកម្មលើក្មេងស្រីពីរនាក់នៅក្នុងការគ្រប់គ្រងរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដោយយកខ្សែភ្លើងឆក់ និងយកស្រមោចឲ្យខាំជាការដាក់ទណ្ឌកម្មនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់កាលពីម្សិលមិញ។
បុរសជាប្តីឈ្មោះ គួច វីណា អាយុ៣៤ឆ្នាំនិងស្ត្រីជាប្រពន្ធឈ្មោះ ជាម ស្រីដួង អាយុ៣០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រនៅផ្ទះរបស់ពួកគេតែម្តង ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ កន្លែងដែលពួកគេបើកក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងសម្ភារសំណង់។
លោក អ៊ុំ សុភក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានមានប្រសាសន៍ថា ប្តីប្រពន្ធនេះប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប្រសិនបើរកឃើញពិរុទ្ធភាពពីបទធ្វើទារុណកម្មដោយចេតនាដោយមានស្ថានទម្ងន់ទោស។ នគរបាលបាននិយាយថា ក្មេងស្រីទាំងពីរនាក់នេះគឺប្អូនអាយុ៧ឆ្នាំនិងបងអាយុ១៤ឆ្នាំ ស្ថិតក្រោមការគ្រប់គ្រងរបស់ប្តីប្រពន្ធនេះរយៈពេលប្រហែល៥ឆ្នាំ ហើយបានមកធ្វើការជាអ្នកបម្រើការតាមផ្ទះ។
លោក កែវ ធា នាយនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនប្តីប្រពន្ធនេះបន្ទាប់ពីអ្នកជិតខាងបានរាយការណ៍អំពីការរំលោភបំពាននេះទៅអាជ្ញាធរសង្កាត់។អ្នកជិតខាងរូបនោះបានឲ្យដឹងថា ប្តីប្រពន្ធនេះបានយកខ្សែភ្លើងឆក់ក្មេងស្រីទាំងពីរនាក់នៅពេលពួកគេបោកខោអាវមិនស្អាត ហើយថែមទាំងបានយកស្រមោចឲ្យខាំក្មេងស្រីទាំងពីរនាក់ជាការដាក់ទណ្ឌកម្ម។
លោក កែវ ធា បានមានប្រសាសន៍ថា “យើងបានហៅប្តីប្រពន្ធនេះមកសាកសួរនៅការិយាល័យរបស់យើង ហើយយើងបានចាប់ខ្លួនពួកគេនៅពេលយើងរកឃើញថា ពួកគេពិតជាបានធ្វើទារុណកម្មក្មេងស្រីអនីតិជនទាំងពីរនាក់នេះមែន”។
យោងតាមលោក ផាត ផល្លា ជានាយរងនគរបាលប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា ក្មេងស្រីទាំងពីរនាក់នេះបានមករស់នៅជាមួយប្តីប្រពន្ធនេះនៅពេលឪពុករបស់ពួកគេមកធ្វើការជាកម្មករសំណង់នៅក្រុមហ៊ុនរបស់ប្តីប្រពន្ធនេះ។
លោក សន សុផល ប្រធានមន្ទីរសង្គមកិ្ចចរាជធានីបានមានប្រសាសន៍ថា ឥឡូវនេះក្មេងស្រីទាំងពីរនាក់នេះបានទៅស្នាក់នៅមណ្ឌលដែលគ្រប់គ្រងដោយមន្ទីរសង្គមកិច្ចរាជធានី។ លោកបានមានប្រសាសន៍ថា ឪពុកក្មេងស្រីទាំងពីរបានមកមណ្ឌលនេះកាលពីថ្ងៃសៅរ៍ ហើយបានព្យាយាមយកពួកគេចេញ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឡើយ។
ការងារនៅតែបន្តជាធម្មតាកាលពីម្សិលមិញនៅផ្ទះរបស់ប្តីប្រពន្ធនេះ ដោយកម្មករបានលាយស៊ីម៉ង់ត៍និងចាក់សសរបេតុង។ អ្នកនៅក្នុងផ្ទះនេះបានបដិសេធមិននិយាយអំពីករណីនេះទេ ដោយអះអាងថា មិនដឹង។
អ្នកស្រី សុឹម ចាន់ថន ដែលប្រាប់ថាត្រូវជាម្តាយមីងប្តីប្រពន្ធនេះបាននិយាយថា អ្នកស្រីមិនដឹងអំពីការធ្វើទារុណកម្មដូចការចោទប្រកាន់ឡើយ។ អ្នកស្រីបាននិយាយថា “ខ្ញុំមកទីនេះដើម្បីសួរសុខទុក្ខតែប៉ុណ្ណោះ”។
ប៉ុន្តែអ្នកភូមិដែលរស់នៅជុំវិញក្រុមហ៊ុននេះបាននិយាយខុសៗគ្នា។អ្នកស្រី គឹម សុខា ជាអ្នកជិតខាងម្នាក់ដែលរុញរទេះលក់ម្ហូបអាហារនៅក្បែរនោះបាននិយាយថា អ្នកស្រីបានសង្កេតឃើញស្នាមជាំនៅលើក្មេងស្រីប្អូនរយៈពេលប្រហែលមួយឆ្នាំមកហើយ។
អ្នកស្រី សុខា បាននិយាយថា “ខ្ញុំយល់ឃើញថា ពួកគេប្រាកដជាយកដំបងវាយនាងមិនខាន។ ខ្ញុំបានឮក្មេងស្រីប្អូនយំនៅខាងក្រោយផ្ទះ ប៉ុន្តែខ្ញុំមិនបានឃើញការវាយដំនោះទេ”។
អ្នកស្រី សុខា បាននិយាយថា អ្នកស្រីមិនបានទាក់ទងទៅអាជ្ញាធរអំពីការបង្ករបួសស្នាមនេះទេ ពីព្រោះអ្នកស្រីមិនបានឃើញការវាយដំដោយផ្ទាល់ភ្នែកឡើយ។ អ្នកស្រីបាននិយាយថា “ខ្ញុំរវល់រកស៊ី ដូច្នេះខ្ញុំមិនខ្វល់នឹងបញ្ហាផ្ទាល់ខ្លួនរបស់អ្នកដទៃឡើយ”។
អ្នកស្រី ឈួន ផា ដែលមានហាងនៅក្បែរនោះបាននិយាយថា អ្នកស្រីឃើញក្មេងស្រីដែលជាប្អូននៅពេលនាងមកទិញទឹកកកនិងភេសជ្ជៈតែប៉ុណ្ណោះ។
អ្នកស្រី ផា បាននិយាយថា “នាងមិនដែលចេញមកលេងជាមួយក្មេងដទៃទេ។ នាងតែងតែនៅក្នុងផ្ទះរហូត។ នាងចេញមកក្រៅតែនៅពេលគេប្រើនាងឲ្យមកទិញអ្វីៗតែប៉ុណ្ណោះ”។
អ្នកស្រី ផា បានបន្ថែមថា កម្មករមួយចំនួននៅខាងក្រោយផ្ទះនោះដែលក៏បានមកទិញរបស់របរនៅតូបអ្នកស្រីដែរ បាននិយាយពីការរំលោភបំពាននេះប្រាប់អ្នកស្រី។ អ្នកស្រី ផា បាននិយាយថា “ខ្ញុំមិនដែលនិយាយប្រាប់នរណាអំពីរឿងនេះទេ ពីព្រោះខ្ញុំមិនដែលឃើញការវាយដំនេះដោយផ្ទាល់ភ្នែករបស់ខ្ញុំឡើយ”៕សារុន
(រាយការណ៍បន្ថែមដោយ Alex Consiglio)