កាលពីម្សិលមិញ អាជ្ញាធរមូលដ្ឋាននៅខេត្តក្រចេះបានជួបជាមួយអ្នកភូមិ៣០១គ្រួសារ ដែលទទួលបានដីសម្បទានសង្គមកិច្ចកាលពីពេលថ្មីៗនេះនៅក្នុងស្រុកស្នួល ដើម្បីពិភាក្សារកវិធីដោះស្រាយការហូរចូលអ្នកភូមិរាប់រយនាក់ ដែលសង្ឃឹមថា នឹងបានរស់នៅលើដីនេះដែរ។
ដីសម្បទានចំនួន៧៥០ហិកតាត្រូវបានផ្ដល់ឲ្យអ្នកភូមិ៣០១គ្រួសារកាលពីដើមខែនេះ បន្ទាប់ពីពួកគាត់បានធ្វើយុទ្ធនាការប្រឆាំងអ្វីដែលពួកគាត់លើកឡើងថា ជាការបណ្ដេញចេញពីដីធ្លីដ៏អយុត្តិធម៌ពីសំណាក់ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម។
បើទោះណាជាពួកគាត់ភាគច្រើនបានចាកចេញពីខេត្តនានាមកកាន់តំបន់នេះកាលពីឆ្នាំ២០០៨ ដើម្បីស្វែងរកដីដែលនៅទំនេរក៏ដោយ ក៏ការតវ៉ារបស់អ្នកភូមិទាំងនោះនៅក្នុងរាជធានីភ្នំពេញ កន្លែងដែលពួកគាត់បានមកស្នាក់នៅវត្តសាមគ្គីរង្សី ហើយទទួលបានការគាំទ្រភ្លាមៗពីមេដឹកនាំគណបក្សប្រឆាំងនោះ បានធ្វើឲ្យក្រុមមន្ត្រីផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពួកគាត់។
ទោះជាយ៉ាងណា បន្តិចក្រោយមកអ្នកភូមិប្រហែល៥០០គ្រួសារទៀតបាននាំគ្នាទៅកាន់តំបន់នេះដើម្បីចុះឈ្មោះយកដីនៅលើដីចំនួន៧៥០ហិកតានេះ។
នៅជំនួបកាលពីម្សិលមិញ តំណាងរបស់អ្នកភូមិ៣០១គ្រួសារបាននិយាយថា ពួកគាត់នឹងមិនចែករំលែកដីសម្បទាននេះជាមួយគ្រួសារចំណូលថ្មីមួយចំនួនដែលមកពីខេត្តត្បូងឃ្មុំនៅជិតនោះទេ បន្ទាប់ពីពួកគេទទួលបានព័ត៌មានអំពីការផ្ដល់ដីសម្បទាននេះ។
លោក ងួន វិបុល តំណាងអ្នកភូមិបាននិយាយថា ” យើងត្រូវដោះស្រាយបញ្ហាសម្រាប់អ្នកភូមិ៣០១គ្រួសារជាមុនសិន”។
លោកបានស្នើឲ្យអាជ្ញាធរមូលដ្ឋានស្វែងរកដីសម្បទានផ្សេងទៀតសម្រាប់គ្រួសារចំណូលថ្មី៤៩១គ្រួសារ ប៉ុន្តែលោក គង់ គឹមនី អភិបាលស្រុកបានមានប្រសាសន៍ថា មិនមានការស្វែងរកដីថ្មីទេ។ លោកបានមានប្រសាសន៍ថា ” អាជ្ញាធររបស់យើងមិនមានលទ្ធភាពផ្ដល់ដីដល់គ្រួសារដែលបានមកចុះឈ្មោះកាន់តែច្រើនឡើងៗនោះទេ ពីព្រោះទំហំដីគឺសម្រាប់តែអ្នកភូមិ៣០១គ្រួសារប៉ុណ្ណោះ”។
លោក លឹម ចាន់ឌី ដែលស្ថិតក្នុងចំណោមគ្រួសារដំបូងបាននិយាយថា ស្ថានភាពនេះបានធ្វើឲ្យអ្នកភូមិទាំងពីរក្រុមស្រងាកចិត្ត។ លោកបាននិយាយថា ” អ្នកភូមិដំបូងមិនពេញចិត្តនឹងចំនួនអ្នកភូមិដែលចេះតែកើនឡើងនេះទេ ពីព្រោះពួកគាត់បារម្ភខ្លាចបាត់បង់ចំណែកដីរបស់ពួកគាត់”។ លោកបានបន្ថែមថា ” ខ្ញុំយល់ថា អ្នកដែលមិនទទួលបានដីក៏មិនសប្បាយចិត្តដែរ ប៉ុន្តែតើយើងត្រូវធ្វើដូចម្តេចដើម្បីជួយពួកគាត់? ។រដ្ឋាភិបាលបានផ្ដល់ដីចំនួន៧៥០ហិកតា សម្រាប់អ្នកភូមិតែ៣០១គ្រួសារប៉ុណ្ណោះ”៕ សារុន