បុគ្គលិកធនាគារកាណាឌីយ៉ាបានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញអំពីការប្រឹងប្រែងមិនបានសម្រេចរបស់ពួកគេក្នុងការបង្ហាញអំពីការលួចបន្លំលុយចំនួន២,៣លានដុល្លារ ដែលមានអ្នកគ្រប់គ្រងនៅក្នុងផ្នែកឥណទានរបស់ធនាគារនេះធ្វើជាមេខ្លោង។
កញ្ញា យ៉េត សុភក្ត្រា អាយុ៣០ឆ្នាំដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅផ្នែកប័ណ្ណឥណទានរបស់ធនាគារនេះ និង លោក ឡេង ស៊ុនគ្រី អាយុ៣៤ឆ្នាំ ដែលជាប្រធានផ្នែកប័ណ្ណឥណទាននៃធនាគារនេះ ត្រូវបានចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីធនាគារបានរាយការណ៍ប្រាប់នគរបាលអំពីការលួចបន្លំលុយដ៏ច្រើននេះ។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរបានសារភាពថា បានជាប់ពាក់ព័ន្ធនៅក្នុងការលួចបន្លំលុយដែលប្រើប័ណ្ណឥណទានពាក់ព័ន្ធនឹងគណនីក្លែងក្លាយ។
បុគ្គលិកធនាគារនេះបានផ្ដល់សក្ខីកម្មអស់រយៈពេលបីម៉ោងប្រាប់តុលាការថា ពួកគេបានដឹងអំពីសកម្មភាពខុសពីធម្មតាពាក់ព័ន្ធនឹងប័ណ្ណឥណទាន ហើយបានរាយការណ៍រឿងនេះប្រាប់ប្រធានរបស់ខ្លួន ដែលជាមនុស្សតែមួយដែលបានប្រព្រឹត្តបទល្មើសគេចោទឡើងនេះ។
លោក ហេង សារិន អាយុ៣១ឆ្នាំ បុគ្គលិកផ្នែកសេវាផ្ដល់ប័ណ្ណឥណទាននៅធនាគារនេះបាននិយាយថា គាត់បានដឹងអំពីការដកលុយដ៏ច្រើននេះ ហើយបានរាយការណ៍ប្រាប់លោក ស៊ុនគ្រី។ គាត់បាននិយាយថា ” ខ្ញុំបានដឹងថា អតិថិជនពីរនាក់ គឺឈ្មោះ ចក់ គឹមហេង និងឈ្មោះ ទេព ចន្ធី បានដកលុយច្រើនខុសពីធម្មតាពីម៉ាស៊ីនអេធីអិម។ ពួកគេដកលុយ១០ដងក្នុងមួយថ្ងៃ ហើយក្នុងម្ដងៗគេបានដកលុយពី២.០០០ទៅ៣.០០០ដុល្លារ”។
លោក សារិន បានរាយការណ៍ពីសកម្មភាពនេះប្រាប់លោក ស៊ុនគ្រី ប៉ុន្តែបាននិយាយថា គេបានប្រាប់គាត់ថា ” វាមិនអីទេ ហើយថា អតិថិជនទាំងពីរនេះគឺជាអតិថិជនសំខាន់របស់កញ្ញា សុភក្ត្រា។
របាយការណ៍នគរបាលលើកឡើងថា កញ្ញា សុភក្ត្រា និងអ្នកសមគំនិតជាមួយគាត់បានប្រើប័ណ្ណឥណទានចំនួនប្រាំសម្រាប់ដកលុយរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃពីម៉ាស៊ីនអេធីអិមនៅទូទាំងទីក្រុងក្នុងរយៈពេលប្រាំមួយខែ។
កញ្ញា ឆ លីដា អាយុ២១ឆ្នាំ ជាបុគ្គលិកផ្នែកបម្រើអតិថិជនក៏បានប្រាប់តុលាការកាលពីម្សិលមិញដែរថា នៅពេលគាត់រាយការណ៍ពីការដកលុយដ៏ច្រើននេះប្រាប់លោក ស៊ុនគ្រី គេបានប្រាប់កញ្ញាថា គណនីទាំងនេះជាគណនីអតិថិជនរបស់កញ្ញា សុភក្ត្រា។
បុគ្គលិកធនាគារនេះបាននិយាយថា លោក ស៊ុនគ្រី និងកញ្ញា សុភក្ត្រា មានសិទ្ធិអនុម័តយល់ព្រមលើឯកសារទាំងអស់ពាក់ព័ន្ធនឹងការធ្វើកាតអេធីអិម។
កញ្ញា សុភក្ត្រា បានប្រាប់តុលាការថា គាត់បានបង្កើតគណនីដោយប្រើឈ្មោះ ចក់ គឹមហេង ដែលជាម្ដាយរបស់គាត់។ អ្នកស្រី គឹមហេង និងមិត្តប្រុសរបស់កញ្ញា សុភក្ត្រា ឈ្មោះ ស៊ុន សៅនិន អាយុ៤៣ឆ្នាំក៏ត្រូវបានចោទប្រកាន់ជាអ្នករួមគំនិតនៅក្នុងការលួចបន្លំនេះដែរ។ តុលាការគ្រោងបន្តបើកសវនាការនៅថ្ងៃទី៧ ខែកក្កដាទៀត៕ គឹមហឿន