The Cambodia Daily Khmer

សាលារាជធានីភ្នំពេញ​​គំរាម​​ដកហូត​​​​អាជ្ញាប័ណ្ណ​​​ភាស៊ី​ចំណតផ្ញើកង់ម៉ូតូ​​​របស់​ក្រុមហ៊ុន

យោងតាម​សេចក្តីប្រកាស​​ព័ត៌មានមួយដែល​បង្ហោះ​​កាល​ពីម្សិលមិញ​​នៅ​លើ​គេហ​​​ទំព័រ​​របស់​សាលារាជធានីបាន​ឲ្យដឹងថា សាលារាជ​ធានីភ្នំពេញ​​​បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​​ដក​ហូត​​អាជ្ញា​ប័ណ្ណ​​​​របស់​បណ្តា​ក្រុម​​ហ៊ុន​​ ដែល​​អ្នក​ម៉ៅការបន្ត​​របស់​​ខ្លួន​​ តែងតែត្រូវបាន​ចោទ​ប្រកាន់​​ថា​​ជានិច្ចកាល​​​យក​ភាស៊ី​​​លើស​ចំនួន​កំណត់​​ពី​អ្នកផ្ញើ​​ម៉ូតូ​សម្រាប់​​ការ​​ចត​​នៅ​តាម​ផ្សារ​​មួយ​​ចំនួន​​​​ក្នុង​រាជធានី​ ប្រសិន​បើ​​​បញ្ហា​​នេះ​មិនត្រូវបានដោះស្រាយនោះទេ។

​សេចក្តីប្រកាសនេះដែលបានចេញអំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារក្រោមអធិបតីភាព​លោក សេង រតនៈ អភិបាលរង​រាជធានីភ្នំពេញ ​​មាន​ខ្លឹមសារថា “​ប្រសិនបើក្រុម​ហ៊ុនណា​នៅ​​តែ​បន្ត​រំលោភ​​សៀវ​ភៅ​បន្ទុក​ទៀត​ សាលារាជធានី​​នឹង​លុប​ចោលកិច្ចសន្យា​​”។ ។

កិច្ចប្រជុំនេះ​​​មាន​ការ​​ចូល​​រួម​​​ពីសំណាក់​​​អាជ្ញាធរ​រាជ​ធានី​ និង​អាជ្ញាធរ​មក​​​ពី​ផ្សារ​​ក្នុងរាជ​ធានី​ព្រមទាំង​​​អ្នក​​តំណាង​​មកពីក្រុមហ៊ុន​​ ផានអុីមុិច និងក្រុម​ហ៊ុន​ កែវ រតនៈ សុភាព​ ​ដែល​​​​ទទួល​បាន​​​អាជ្ញាប័ណ្ណ​​ជួល​​ចំណតផ្ញើកង់ម៉ូតូ​​នៅ​តាម​ផ្សារ​ក្នុងរាជធានី​ភ្នំពេញ។

​នៅអ​ំឡុងកិច្ចប្រជុំ​ ​​អាជ្ញាធរ​​មូលដ្ឋាន​​​និងអ្នក​គ្រប់គ្រង​ផ្សារ​​​បាន​​ត្អូញ​ត្អែរថា ​ក្រុម​​ហ៊ុន​ដែល​​​ជួល​ចំណត​ផ្ញើកង់ម៉ូតូ​បន្ត​ យកភាស៊ីលើស​​អ្វី​​ដែល​កំណត់​នៅ​លើ​សំបុត្រ​ ​ដែល​ជះ​ផល​ប៉ះពាល់​​​ដល់​​ទាំង​​អ្នក​ដើរទិញ​​អីវ៉ាន់​និង​អាជីវ​ករ។

ការ​កំណត់​ភាស៊ី​សម្រាប់​ចត​ម៉ូតូ​​​មួយគ្រឿង​នៅតាម​ផ្សារ​​ក្នុង​​រាជ​ធានី​ តម្លៃ​៣០០រៀល ឬ​​០,០៧ដុល្លារ​ ចំណែក​ភាស៊ី​​សម្រាប់​ផ្ញើ​កង់​វិញគឺ​២០០​រៀល​ ឬប្រហែល​០,០៥​ដុល្លារ​។ ប៉ុន្តែ​​អ្នក​ផ្ញើ​ម៉ូតូ​​លើក​ឡើង​​ថា ពួកគេ​ត្រូវបាន​គេយក​៥០០​រៀល​​ជាទៀងទាត់ ឬ​ប្រហែល​០,១២​ដុល្លារ​សម្រាប់ផ្ញើ​កង់​មួយគ្រឿង​ និង​១.០០០​រៀល​ ឬប្រហែល​​០,២៥ដុល្លារ​សម្រាប់​ម៉ូតូ​​មួយគ្រឿង។

ក្រុមហ៊ុន កែវ រតនៈ សុភាព ​ទទួលបាន​កិច្ចសន្យា​ដំណើេរ​ការ​ចំណត​​​នៅ​ផ្សារ​កណ្តាល​​និង​ផ្សារ​ចាស់​។ ក្រុមហ៊ុន ផានអុីមុិច ​ត្រួតត្រា​ចំណត​ផ្សារ​ច្រើន​​ក្នុង​រាជធានី​។

លោក នន់ សុខហឿន ​អាយុ​​៣១ឆ្នាំ ដែលជា​​​អ្នក​គ្រប់គ្រង​​ចំណត​​ផ្ញើកង់​មូ៉តូ​នៅ​ក្រៅ​ផ្សារ​ចាស់​​បាន​ឲ្យដឹង​កាល​ពីម្សិលមិញថា ​​​ចំបាច់​​​ត្រូវ​យក​ថ្លៃផ្ញើ​ខ្ពស់​ដើម្បីបើកប្រាក់ឲ្យ​កម្មករ​ធ្វើ​ការ​​នៅកន្លែង​ផ្ញើកង់ម៉ូតូ និង​ដើម្បីបង់​ថ្លៃ​ជ​ួល​ឲ្យទៅក្រុម​​ហ៊ុន​ កែវ រតនៈ សុភាព។

លោក សុខហឿន បានមាន​ប្រសាសន៍ថា “​យើងត្រូវយក​១.០០០​រៀល​ ឬ​៥០០​រៀល​សម្រាប់​ចំណាយ​លើ​​អ្វីៗ​ដូចជាអាហារ​ និង​​​ជួល​ទីតាំងជាដើម​”។

ឈ្មោះ គូស៊ី ​អាយុ​​២៥ឆ្នាំ ​ជាកម្មករ​ប្រមូល​ភាស៊ី​​ផ្ញើកង់ម៉ូតូនៅ​ផ្សារ​ចាស់​​ ​បាន​ឲ្យដឹងថា ចំណត​ធ្វើ​តាម​ច្បាប់​ ប៉ុន្តែថា ​ពេលខ្លះ​​អ្នក​​ផ្ញើ​ម៉ូតូ​ឲ្យប្រាក់​បន្ថែម​ដោយ​ក្តី​ពេញ​ចិត្ត។ លោកបានមាន​ប្រសាសន៍ថា “​យើងយក​លុយ​​​​ទៅតាម​ច្បាប់ ប៉ុន្តែ​​ពេល​ខ្លះ​​ប្រជាជន​យល់​​​អំពី​កាលៈ​​ទេសៈ​​លំបាកខាង​សេដ្ឋកិច្ច ហើយក៏ឲ្យ​១.០០០រៀលទៅ​”៕​ ប៊ុននី​​​​​

 

Exit mobile version