កាលពីម្សិលមិញ លោក ហ្វូមីអុ គីស៊ីដា រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណង និងកម្ចីចំនួន១៤៤លានដុល្លារដល់ប្រទេសកម្ពុជា បន្ទាប់ពីបានជួបជាមួយសមភាគីរបស់លោក គឺលោក ហោ ណាំហុង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទីក្រុងភ្នំពេញ។
ជំនួយឥតសំណងដែលមានទឹកប្រាក់ជាង៨លានដុល្លារនឹងត្រូវផ្តល់ឲ្យប្រទេសកម្ពុជាសម្រាប់ពង្រីកសាលាចំនួនប្រាំបីនៅក្នុងទីក្រុងភ្នំពេញ និងផ្តល់កម្ចីចំនួន១៣៦លានដុល្លារទៀតដែលមានអត្រាការប្រាក់០,០១ភាគរយ ហើយត្រូវសងវិញក្នុងរយៈពេល៣០ឆ្នាំ។
លោក ហ្វូមីអុ បានមានប្រសាសន៍បន្ទាប់ពីជំនួបជាមួយលោក ហោ ណាំហុង នៅក្រសួងការបរទេសរយៈពេល២ម៉ោងនៅពេលព្រឹកថា ” ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងជួយពង្រឹងទំនាក់ទំនង និងកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រនៅកម្ពុជា”។
រដ្ឋមន្ត្រីក្រសួងការបទេសជប៉ុនរូបនេះ ក៏បានចំណាយពេល១ម៉ោង ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ដែលជាការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីផងដែរ។
កម្ចីនេះនឹងផ្តល់មូលនិធិដល់គម្រោងចំនួនបីគឺសម្រាប់ការពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី សម្រាប់ការកែលម្អផ្លូវជាតិលេខ៥ចន្លោះពីភ្នំពេញទៅខេត្តពោធិ៍សាត់ រួមទាំងផ្លូវនៅក្នុងក្រុងកំពង់ឆ្នាំង និងនៅឧដុង្គផងដែរ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធបង្ហូរទឹកនៅក្នុងខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺ។ ការកែលម្អផ្លូវនេះ គឺជាផ្នែកនៃគម្រោងដ៏ធំមួយដើម្បីភ្ជាប់ទីក្រុងភ្នំពេញទៅតំបន់ផ្សេងទៀតនៅអាស៊ី តាមអ្វីដែលគេហៅថា ជាច្រករបៀងសេដ្ឋកិច្ចខាងត្បូង។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា លោកនិងសមភាគីរបស់លោកក៏បានពិភាក្សាអំពីគ្រោះថ្នាក់ដល់ប្រទេសជប៉ុន ដោយសារប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុនកាលពីម្សិលមិញ ដែលជាការបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ លោក ហោ ណាំហុង បានស្តីបន្ទោសសកម្មភាពរបស់ក្រុងព្យុងយ៉ាង ហើយបានមានប្រសាសន៍ថា ប្រសិនបើមានជម្លោះណាមួយរវាងប្រទេសទាំងពីរ កម្ពុជានឹងគាំទ្រក្រុងតូក្យូ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ” ខ្ញុំសូមគាំទ្រចំពោះគោលនយោបាយអហិង្សារបស់ជប៉ុន។ វាគឺជាការសំខាន់ដែលត្រូវដោះស្រាយបញ្ហានេះទៅតាមច្បាប់អន្តរជាតិ ដោយមិនប្រើកម្លាំង និងការគំរាមកំហែង។ យើងស្នើសុំឲ្យប្រទេសកូរ៉េខាងជើងគោរពអង្គការសហប្រជាជាតិ”៕ គឹមហឿន